ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូរ៉ឺម៉កដឹកត្រីប៉ះគ្នាតិចតួច ប្រើហិង្សាកាប់នឹងពូថៅអ្នកចាញ់ដេកពេទ្យអ្នឈ្នះជាប់ខ្នោះ

ចែករំលែក៖

ភ្នំពេញ: កម្លាំងនគរបាលខណ្ឌទួលគោកបានឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីធ្វើសកម្មភាពយកពូថៅកាប់ និងវាយដោយដៃលើជនរងគ្រោះម្នាក់បណ្ដាលជាំភ្នែកខាងឆ្វេងរងរបួសធ្ងន់ កាលពីវេលាម៉ោង៤ជិតភ្លឺថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧ នៅ ត្រង់ចំណុចផ្លូវលេខ២៣៥ ក្នុង ក្រុមទី៥ ភូមិ៣ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យមានឈ្មោះ នី ផល្លី ហៅផល្លី ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ លក់ត្រីនៅផ្សារដើមគរ ស្នាក់នៅផ្ទះលេខ២១៧ ផ្លូវជាតិលេខ៥ សង្កាត់ច្រាំងចំរះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ចំណែកឯជនរងគ្រោះមានឈ្មោះ ជា អ៊ី ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ លក់ត្រីនៅផ្សារដើមគរ ស្នាក់នៅផ្ទះជួល ផ្លូវលំ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីមន្រី្តនគរបាលខណ្ឌទួលគោកបានឲ្យដឹងថា នៅយប់កើតហេតុជនរងគ្រោះបានបើករ៉ឺម៉កដឹកត្រីចេញពីផ្សារដើមគរបន្ទាប់ពីដាក់ត្រី ឲ្យម៉ូយរួច។ ស្របពេលនោះស្រាប់តែជនសង្ស័យ បានបើកម៉ូតូរ៉ឺម៉កដឹកត្រីចូលមកលក់ក្នុងផ្សារដើមគរដែរដោយបើកបញ្រា្ចសគ្នា ពេលនោះផ្លូវចង្អៀតជនសង្ស័យក៏បើករ៉ឺម៉កខ្លួនទៅបុករ៉ឺម៉កដឹកត្រីរបស់ជនរងគ្រោះ។ភ្លាមនោះ ស្រាប់តែជនរងគ្រោះមើលមុខ ជនសង្ស័យក៏ចុះពីម៉ូតូរ៉ឺម៉កដឹកត្រីទៅវាយដោយដៃលើជនរងគ្រោះ បណ្ដាលឲ្យត្រូវភ្នែកខាងឆ្វេងក៏មានការប្រតាយប្រតប់គ្នាទៅវិញទៅមក។បានមួយសន្ទុះ ជនសង្ស័យបានស្ទុះទៅយកពូថៅដងឈើនៅក្បែរកន្លែងកើតហេតុ យកមកកាប់ទៅលើជនរងគ្រោះបណ្ដាលឲ្យត្រូវរបួសដាច់រយះកំភួនដៃខាងឆ្វេង ត្រូវបានក្រុមគ្រួសារដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែតតែម្ដង។

បន្ទាប់មកកម្លាំងនគរបាលប៉ុស្តិ៍ផ្សារដើមគរ ទៅដល់ ឃាត់ខ្លួនជនសង្ស័យ រួមនឹងវត្ថុតាង ពូថៅដងឈើចំនួន១ បញ្ជូនមកកាន់ អធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីសាកសួរនិងកសាងសំណុំរឿង និងបញ្ជូនទៅតុលាការ ចាត់ការបន្តតាមផ្លូវច្បាប់៕ ប្រាថ្នា


ចែករំលែក៖