ភ្នំពេញ ៖ ឧកញ៉ាគ្រឿងញៀននិង គូកនម្នាក់ទៀតពាក់ព័ន្ធបទល្មើសជួញដូរគ្រឿងញៀនជាង៥៦គីឡូក្រាម នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧ ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាសម្រេចឃុំខ្លួនដាក់ពន្ធនាគារបណ្ដោះអាសន្ន ក្រោមការចោទប្រកាន់ពីបទរក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។
ជនត្រូវចោទម្នាក់ឈ្មោះ ស៊ី ឡាឡយ ហៅខាំឡយ ភេទប្រុស អាយុ៤២ឆ្នាំ មានងារជាឧកញ៉ា និងម្នាក់ឈ្មោះ លួន សុផា ភេទប្រុស អាយុ៣០ឆ្នាំ។
មន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ កាលព្រឹក ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧ បានធ្វើសន្និសីទសារព័ត៌មានស្តីពីករណីបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំមួយ ដែលបានចាប់ខ្លួនមេខ្លោងមានងារជាឧកញ៉ាម្នាក់ និងម្នាក់ជាជនជាតិឡាវ ព្រមទាំងបង្ហាញវត្ថុតាងថ្នាំញៀនចំនួនជាង ៥៦គីឡូក្រាមផងដែរ។
លោកឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ បានថ្លែងថា ថ្នាំញៀនដែលសមត្ថកិច្ចចាប់យករួមមាន ៣ប្រភេទ ១-ហេរ៉ូអ៊ីន ២-ម៉េតំហ្វេតាមីន ICE និង៣-ម៉េតំហ្វេតាមីនគ្រាប់ WY ។ ក្នុងនោះមានថ្នាំញៀនប្រភេទហេរ៉ូអ៊ីនចំនួន១៥គីឡូក្រាម ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ចំនួន១២គីឡូក្រាម និងថ្នាំញៀនប្រភេទមេតំហ្វេតាមីនគ្រាប់ ចំនួន២៩គីឡូក្រាម។
ថ្នាំញៀនជាង ៥៦គីឡូក្រាមនេះ ត្រូវបានជនសង្ស័យជាឧកញ៉ាបញ្ជាទិញ និងនាំចូលមកពីប្រទេសឡាវ តាមខេត្តស្ទឹងត្រែង និងបានយកមកស្តុកទុកក្នុងរាជធានីភ្នំពេញ ដែលទីតាំងមួយកន្លែងនៅម្តុំផ្សារថ្មី ខណ្ឌដូនពេញ និងមួយកន្លែងទៀតនៅមុខវត្តសំរោងអណ្តែត សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
កិច្ចប្រតិបត្តិការបានធ្វើឡើងកាលពីល្ងាចថ្ងៃទី១៨ រហូតម៉ោង១យប់ ឈានចូលដល់ថ្ងៃទី១៩ ខែឆ្នាំឧសភា ២០១៧នេះ ក្រោមការដឹកនាំផ្ទាល់ពីសំណាក់លោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងងមហាផ្ទៃ។
យោងតាមប្រភពព័ត៌មានពីក្រុមអ្នកបច្ចេកទេសបានបង្ហើបឲ្យដឹងថា ថ្នាំញៀនដែលសមត្ថកិច្ចចាប់យកជាវត្ថុតាងចំនួនជាង៥៦គីឡូក្រាមនេះ បើគិតជាទឹកប្រាក់តម្លៃនៅទីផ្សារងងឹតក្នុងព្រះរាជាណាចក្រកម្ពុជា ប្រមាណជាង២លានដុល្លារអាមេរិក តែបើនៅក្រៅប្រទេសមានតម្លៃលើសនេះទៀត៕ ចេស្តា