ខេត្តកណ្ដាល៖ ជនជាប់ចោទពីរនាក់ជាគូសង្សារនឹងគ្នាតែមានភ័ព្វសំណាងខុសគ្នា ពោលគឺ ម្នាក់ត្រូវបានតុលាការខេត្តកណ្ដាលលើកលែងការចោទប្រកាន់ រីឯម្នាក់ទៀតត្រូវបានតុលាការផ្តន្ទាទោស ។
លោក សាយ សម្ផស្សសេរី ចៅក្រមជំនុំជម្រះសាលាដំបូងខេត្តកណ្ដាល នៅរសៀលថ្ងៃទី២៣ ខែឧសភា ប្រកាសសាលក្រមលើកលែងការចោទប្រកាន់លើជនជាប់ចោទឈ្មោះ ឈិត ស្រីណា ភេទស្រី អាយុ១៦ឆ្នាំ និង ផ្តន្ទាទោសជនជាប់ចោទឈ្មោះ រិន សុធី ភេទប្រុស អាយុ១៧ឆ្នាំ ដាក់ពន្ធនាគាររយៈពេល១ឆ្នាំ៦ខែ ។
យោងឯកសារ បង្ហាញថា ជនជាប់ចោទ ត្រូវបានចោទប្រកាន់ពីបទ”ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន”ប្រព្រឹត្តនៅភូមិដើមគ សង្កាត់ដើមមៀន ក្រុងតាខ្មៅ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ ។
ក្រោយការសម្រេចនេះ ជនជាប់ចោទឈ្មោះ រិន សុធី ថ្លែងថា ខ្លួនពិតជាបានប្រព្រឹត្តបទល្មើសដូចការចោទប្រកាន់មែន ហើយសង្សារពុំមានការជាប់ពាក់ព័ន្ធទេ ៕ ចេស្តា