ខេត្តតាកែវ៖ កុមារីម្នាក់ត្រូវបានជនល្មោភកាមចាប់រំលោភរួចសម្លាប់យ៉ាងព្រៃផ្សៃ ។ ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ ២០១៧ ចន្លោះម៉ោងប្រមាណ ១២-១៣ ស្ថិតនៅក្នុងភូមិអង្គុញ ឃុំពេជសារ ស្រុកកោះអណ្តែត ខេត្តតាកែវ ។
បើតាមសមត្ថកិច្ចស្រុកកោះអណែ្តតបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ស៊ឹម វណ្ណា ភេទប្រុស អាយុ ២៣ ឆ្នាំ ចំណែកឯជនរងគ្រោះមានឈ្មោះ ផេង ស្រីដាវ ភេទស្រី អាយុ ១២ ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុខាងលើ ។
យោងតាមសាក្សីដែលបានទៅទាន់នៅកន្លែងកើតហេតុបានឲ្យដឹងថា កាលពីថ្ងៃកើតហេតុខាងលើ រូបនាងបានទៅដឹកគោនៅខាងជើងភូមិអង្គុញ មានគ្នាបួននាក់ ដែលក្នុងនោះមានជនរងគ្រោះផងដែរ ដើម្បីឲ្យគោផឹកទឹករួចក៏បានយកទៅចងឲ្យស៊ីស្មៅវិញ រួចក៏នាំគ្នាត្រឡប់មកផ្ទះវិញ ដោយនៅសល់តែជនរងគ្រោះម្នាក់ឯង ពេលមកដល់ផ្ទះ ស្រាប់តែឈ្មោះ វង់ សុន ភេទស្រី អាយុ ៣៤ ឆ្នាំ បានឲ្យនាងត្រឡប់ទៅហៅជនរងគ្រោះឲ្យត្រឡប់មកផ្ទះ ពេលដែលនាងទៅដល់ចំការអំពៅ ស្រាប់តែឃើញឈ្មោះ ស៊ឹម វណ្ណា ដែលជាជនសង្ស័យបានចាប់ក្រវែងជនរងគ្រោះទៅក្នុងត្រពាំងទឹកខាងលិចចំការអំពៅ ដោយជនសង្ស័យពុំមានពាក់អាវទេ មានតែខោខ្លីត្រឹមភ្លៅតែប៉ុណ្ណោះ ឃើញដូចនេះ នាងក៏បានត្រឡប់មកវិញ បានប្រាប់ទៅកាន់បងស្រីបង្កើតរបស់នាង ឈ្មោះ លុន អំពីហេតុការណ៍ដែលបានឃើញទាំងអស់ ។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនហើយ និងកំពុងតែសួរចម្លើយ ៕ ភ្នំដា