ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូ២គ្រឿងបុកគ្នារបួស៣នាក់ មានទាំងលោកមេភូមិបត់សេមាន់ ឃុំព្រៃនប់ម្នាក់ផង

ចែករំលែក៖

ខេត្តព្រះសីហនុ៖ មេភូមិបត់សេមាន់ ឃុំព្រៃនប់ម្នាក់ បានរងរបួសបាក់ជើង ក្នុងខណៈដែលគាត់បានជិះម៉ូតូពីក្រោយ ហើយត្រូវបានបុកជាមួយម៉ូតូសិស្សសាលាក្នុងទិសដៅស្របគ្នា នៅម៉ោង២និង១០នាទីរសៀល ថ្ងៃទី២៥ ខែឧសភា ២០១៧ លើដងផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១៩១-១៩២ ស្ថិតក្នុងភូមិបត់សេមាន់ ឃុំអូឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ប្រភពពីសមត្ថកិច្ចអះអាងថា មុនកើតហេតុ ម៉ូតូម៉ាកហុងដា C ១២៥ ពណ៌ខ្មៅ សេរី២០១៦ ស្លាកលេខ ព្រះសីហនុ 1E 8939 បើកបរដោយ ឈ្មោះ ជុំ ចិត្រា ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅភូមិអូរចំណារ ឃុំព្រៃនប់ សិស្សថ្នាក់ទី១១ រងរបួសមធ្យម មកដល់ចំណុចខាងលើបានបុកម៉ួតូ១គ្រឿងទៀត ម៉ាកហុងដា C125 ព៌ណខ្មៅ សេរី 2007 ស្លាកលេខ ព្រះសីហនុ 1A 7403 បុកពេញទំហឹងម៉ូតូខ្ទាតទៅចិញ្ចើមថ្នល់ជាតិទាំងសងខាង បណ្ដាលឲ្យរងរបួស អ្នកបើកបរឈ្មោះ ខឹម សាវុទ្ធ ភេទប្រុស អាយុ៦៨ឆ្មាំ ស្នាក់នៅភូមិបត់សិរមាន់ រងរបួសស្រាល ។ រីឯងអ្នករួមដំណើរឈ្មោះ ឡង់ គាន ភេទប្រុស អាយុ៧២ឆ្នាំ មេភូមិបត់សិរមាន់ ឃុំព្រៃនប់ រងរបួសបាក់ជើងឆ្វេង ។

បច្ចុប្បន្នអ្នករងរបួសទាំង៣នាក់បញ្ជូនទៅគ្លីនិចវាលរេញ ចំណែកវត្ថុតាងរក្សាទុកនៅប៉ុស្ដិ៍ព្រៃនប់ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖