ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់ម្នាក់ របួសម្នាក់ ដោយសារគ្រោះថ្នាក់ពីrលើកផ្សេងគ្នានៅខេត្តពោធិ៍សាត់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ យ៉ាងហោចបុរសម្នាក់បានបាត់បង់ជីវិត ក្រោយបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ និងកុមារាម្នាក់ផ្សេងទៀត បានរងរបួសធ្ងន់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ចំនួន ២លើកផ្សេងគ្នា នៅស្រុកវាលវែង និងក្រុងពោធិ៍សាត់ ។

លោក វរសេនីយ៍ត្រី ធាង ឡេង អធិការនគរបាលវាលវែងបានឲ្យដឹងថា កាលពីវេលាម៉ោង៣ និង៣០នាទី រសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ ៥៥ ត្រង់ចំណុចច្រកព្រាល ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដែលបង្កឡើងដោយអ្នកបើកបររថយន្តម៉ាក ប៉ាសេរ៉ូ ចង្កូតស្ដាំ ពណ៏ស ពាក់ស្លាកលេខ ភ្នំពេញ 2G 1466 មានបិតស្លាកសញ្ញាគណៈបក្សសង្រ្គោះជាតិឈ្មោះ យ៉ាន់ សេងហ៊ត ភេទប្រុស អាយុ ៤៩ឆ្នាំ សញ្ជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំបឹងខ្នារ ស្រុកបាកាន ធ្វើដំណើរក្នុងទិសដៅពីលិចឆ្ពោះទៅទិសខាងកើត លុះមកដល់ចំណុចកើតហេតុបានបុកកុមារាម្នាក់ ដែលកំពុងដើរឆ្លងផ្លូវក្នុងទិសដៅពីជើងឆ្ពោះទៅទិសខាងត្បូង ប៉ុន្តែរថយន្តបង្កមិនបានឈប់ទទួលខុសត្រូវនោះទេ បានព្យាមបើករថយន្តរត់គេចរហូតដល់ចំណុចភូមិព្រែក ២ ឃុំសំរោង ស្រុកភ្នំក្រវាញ ទើបឃាត់ចាប់បានទាំងរថយន្តទាំងអ្នកបើកបរ ហើយបញ្ជូនទៅបន្តនីតិវិធីនៅអធិការដ្ឋាននគរបាលស្រុកវាលវែងវិញទាំងយប់។

លោក វរសេនីយ៍ត្រីបន្តទៀតថាកុមារារងរបួសឈ្មោះ ណាត សុវណ្ណឌី អាយុ ៦ឆ្នាំ សញ្ជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុខាងលើ ហើយភ្លាមៗនោះត្រូវបានគេបញ្ជូនទៅសង្រ្គោះនៅឯខេត្តបាត់ដំបង ដោយរបួសធ្ងន់ពេកក៍បញ្ជូបន្តទៅមន្ទីរពេទ្យឯខេត្តសៀមរាប ចំណែកវត្ថុតាងរថយន្ត និងអ្នកបើកបរបង្កដែលបានបើករថយន្តព្យាយាមរត់គេច ត្រូវបានបញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តចាត់ការបន្ត។

ដោយឡែក៖ នៅវេលាម៉ោង២០ និង៥០នាទី ថ្ងៃខែឆ្នាំដដែលនេះដែរ នៅលើកំណាត់ផ្លូវជាតិលេខ ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៩៤-១៩៥ ស្ថិតក្នុងភូមិក្រពើរោទ៍រ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ត្រូវបាននគរបាលចរាចរណ៍ខេត្តប្រាប់ថា មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ១លើកផងដែរ រវាងរថយន្ត ហុកឡ ពណ៏ខៀវ ពាក់ស្លាកលេខ កំពង់ធំ 3A 1003 បើកបរដោយឈ្មោះ ជេស សុខា ភេទប្រុស អាយុ ៣៤ឆ្នាំ សញ្ជាតិខ្មែរ(មិនមានរបួសទេ) និងអ្នករួមដំណើរឈ្មោះ ជេស ទី ភេទប្រុស អាយុ ៣០ឆ្នាំ សញ្ជាតិខ្មែរ កៀបជាប់ក្នុងកាប៊ីនរថយន្តរបួសធ្ងន់ ស្លាប់នៅពេលបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ អ្នកទាំង២នាក់ បច្ចុប្បន្ន រស់នៅភូមិដប់បាត សង្កាត់លលកស ក្រុង-ខេត្តពោធិ៍សាត់ បានធ្វើដំណើរក្នុងទិសដៅពីលិចឆ្ពោះទៅទិសខាងកើត លុះមកដល់ចំណុចកើតហេតុបានបុកគូថរថយន្តម៉ាក នីសាន់ ពណ៏ត្រួយចេក ពាក់ស្លាកលេខ តាកែវ 3A 2254 បើកបរដោយឈ្មោះ វុិត វុទ្ថា ភេទប្រុស អាយុ ២៩ឆ្នាំ សញ្ជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ដែលកំពុងឈប់នៅលើចិញ្ចើមផ្លូវពេញទំហឹងតែម្តង។

ប្រភពខាងលើបន្តទៀតថា ក្រោយកើតហេតុជំនាញបានចុះដល់កន្លែង ដើម្បីធ្វើការពិនិត្យហើយបានធ្វើកំណត់ហេតុប្រគល់សាកសពជូនក្រុមគ្រួសារ ចំណែកវត្ថុតាងរថយន្តទាំងពីគ្រឿង បានយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តបន្តតាមនីតិវិធី៕ បឹុម ពិន


ចែករំលែក៖