ព័ត៌មានទាន់ហេតុការណ៍៖

តុលាការ​ផ្តន្ទា​ទោស​ និង​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន​ មន្ត្រី​ក្រសួង​សាធារណការ​ ពី​បទ​រំលោភ​លើ​ទំនុក​ចិត្ត​ទឹក​ប្រាក់​ជាង​៥ម៉ឺន​ដុល្លារ​អាមេរិក​

ចែករំលែក៖

ភ្នំពេញ​៖ ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ផ្តន្ទា​ទោស​លោក​ សឿម​ អង្គា​រាសី​ អនុប្រធាន​ការិយាល័យ​បច្ចេកទេស​គ្រឿង​ចក្រ​ធំ​ នៃ​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​ ដាក់​ពន្ធនាគារ​រយៈពេល​២ឆ្នាំ​ និង​ ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន​ ។

យោង​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន​ ចុះ​ថ្ងៃ​ទី​៩​ ខែ​ឧសភា​ ឆ្នាំ​២០១៧​ ហើយ​អ្នក​សារព័ត៌មាន​ទើប​ទទួល​បាន​នៅ​ថ្ងៃ​ទី​២៩​ ខែ​ឧសភា​ នេះ​ បង្ហាញ​ថា​ លោក​ សាន​ សុផាត​ ចៅក្រម​ជំនុំជម្រះ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ សម្រេច​ផ្តន្ទា​ទោស​ជនជាប់ចោទ​ឈ្មោះ​ សឿម​ អង្គា​រាសី​ ភេទ​ប្រុស​ អាយុ​៤៣ឆ្នាំ​ ពីបទ​រំលោភ​លើ​ទំនុក​ចិត្ត​ ប្រព្រឹត្ត​នៅ​រាជធានីភ្នំពេញ​ កាលពី​ថ្ងៃ​ទី​១៩​ ខែ​តុលា​ ឆ្នាំ​២០១៥​ តាម​មាត្រា​៣៩១និង​មាត្រា​៣៩២នៃ​ក្រម​ព្រហ្មទណ្ឌ​ ។

លោក​ចៅក្រម​ សាន​ សុផាត​ បង្គាប់​ឲ្យ​ជនជាប់ចោទ​ សឿម​ អង្គា​រាសី​ សង​ប្រាក់​ខូចខាត​ចំនួន​៥៧២៥០ដុល្លារ​អាមេរិក​និង​សំណង​ជំងឺ​ចិត្ត​ចំនួន​៣០០០ដុល្លារ​អាមេរិក​ដល់​ដើម​បណ្ដឹង​ឈ្មោះ​ សែម​ វណ្ណ​ ។

សាលក្រម​ផ្តន្ទា​ទោស​នេះ​ ត្រូវបាន​ប្រកាស​ដោយ​កំបាំង​មុខ​ជនជាប់ចោទ​ និង​ចំពោះ​មុខ​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ បើក​ផ្លូវ​ប្តឹង​ទាស់​និង​ប្តឹង​ឧទ្ធរណ៍​ក្នុង​កំណត់​ច្បាប់​ ៕ ចេស្តា

 


ចែករំលែក៖