ភ្នំពេញ ៖ ក្រុមឈ្មួញលក់ប្រេងសាំងតាមដងផ្លូវទំនប់កប់ស្រូវ ស្ថិតនៅក្នុងទឹកដី សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានី ភ្នំពេញ បានរួមគំនិតគ្នាឃុបឃិតជាមួយបុគ្គលិកដឹកជញ្ជូនរបស់ក្រុមហ៊ុនប្រេងឥន្ធនៈតេលា លួចបូមប្រេងចេញពីរថយន្តលក់ជារៀងរាល់ថ្ងៃ ដោយប្រធានក្រុមហ៊ុនមួយនេះមិនទាន់ចាត់វិធានការចំពោះបុគ្គលិក របស់ខ្លួននៅឡើយនោះទេដែលសកម្ម ភាពបែបនេះបានកើតឡើងជាច្រើនឆ្នាំមក ហើយៗទំនងជាមានការបើកភ្លើងខៀវពី លោក ឈិន អូន នាយកដឹកជញ្ជូនចែកចាយប្រេងឥន្ធនៈតេលាផង ក៏មិនដឹង ។
ជាក់ស្តែងកាលពីវេលាម៉ោង០១និង ៣០នាទីរសៀលថ្ងៃទី២៤ ឧសភា ឆ្នាំ ២០១៧កន្លងទៅមានរថយន្តស៊ីទែន ប្រេងក្រុម ហ៊ុនតេលាចំនួនពីរគ្រឿងចំណុះ ៦៦០០លីត្រ ពាក់ស្លាកលេខភ្នំពេញ3D-2735 និងភ្នំពេញ3D-2658 បានធ្វើសកម្មភាពបើកចូលក្នុងរបងផ្ទះនិងដីឡូត៍របស់ ឈ្មួញអ្នកលក់ប្រេងសាំងដាក់ដបនិងប៊ីដុងដែលកំពុងធ្វើអាជីវកម្មនៅតាមដងផ្លូវទំនប់កប់ស្រូវក្នុងសង្កាត់គោករកា ដើម្បីបូមប្រេងចេញពីស៊ីទែនដាក់ក្នុងប៊ីដុងលក់ទៅឲ្យ អ្នកលក់បន្ត ។ សកម្មភាពបែបនេះគឺជាអំពើ កិបកេងមិនស្មោះត្រង់និងមិនថ្លៃថ្នូររបស់ បុគ្គលិកដឹកជញ្ជូនចំពោះក្រុមហ៊ុនប្រេង ឥន្ធនៈតេលា។
បើតាមការឲ្យដឹងទាំងកំហឹងបែបបញ្ឈឺ ពីស្រ្តីម្នាក់ដែលជាអ្នកឃុបឃិតលួចទិញប្រេងពីក្រុមអ្នកបើករថយន្តដឹកប្រេងទាំងនោះ បានបញ្ជាក់ថា គាត់រកស៊ីលួចឃុបឃិតទិញប្រេងបែបនេះ១០ឆ្នាំមកហើយ ឯអ្នកខ្លះរកស៊ីបែបនេះ២០ឆ្នាំមកហើយ គ្មានអ្នកណាហ៊ានមករករឿងឫុហ៊ានមករំខានឡើយ។
ស្រ្តីរូបនោះអះអាងថា អ្នកបើករថយន្តដឹកប្រេងពាក់ស្លាកលេខភ្នំពេញ3D-2735 ដែលកំពុងបូមប្រេងលក់ឲ្យគាត់នេះជាបងប្អូនរបស់ប្រធានដឹកជញ្ជូនចែកចាយប្រេងរបស់ក្រុមហ៊ុនតេលា គាត់មិនខ្លាចក្រុមហ៊ុនចោទប្រកាន់ថាជាអំពើឃុបឃិតទិញផលចោរកម្មនោះទេ។ ស្រ្តីខាងលើបានបញ្ជាក់ ថា អ្នករកស៊ីទិញប្រេងពីបុគ្គលិកដឹកជញ្ជូនក្រុមហ៊ុនប្រេងឥន្ធនៈតេលាតាមបណ្តោយផ្លូវទំនប់កប់ស្រូវមានរាប់សិបកន្លែងឯណោះ។
ទាក់ទិននឹងការលួចបូមប្រេងលក់ពីបុគ្គលិកដឹកជញ្ជូនរបស់ក្រុមហ៊ុនតេលានេះ អនុប្រធានដឹកជញ្ជូននិងចែកចាយរបស់ក្រុមហ៊ុនលោក ចាន់ ដ្រា បានឲ្យដឹងថា លោករីករាយដែលបានទទួលព័ត៌មាននេះលោក នឹង កោះប្រជុំបន្ទាន់ដើម្បីស្រាវជ្រាវរកការពិត ហើយនឹងដាក់វិធានការរដ្ឋបាលលើបុគ្គលិករូបណាដែលរកឃើញថាបាន ប្រព្រឹត្តខុសលក្ខន្តិកៈរបស់ក្រុមហ៊ុន។ បុគ្គលិកផ្នែកទីផ្សាររបស់ក្រុមហ៊ុនប្រេងតេលាមួយរូបនេះសុំមិនបញ្ចេញឈ្មោះបានខ្សឹបប្រាប់ឲ្យដឹងថា ករណីលួចបូមប្រេងលក់ពី សំណាក់ក្រុមបុគ្គលិកផ្នែកដឹកជញ្ជូនប្រេងចែកចាយនេះកើតមាន នៅគ្រប់ទីកន្លែង និងជាច្រើនឆ្នាំមកហើយ មិនមែនកើតមានតែនៅចំណុចដូចរៀបរាប់ខាងលើទេ។ការដឹកជញ្ជូនចែកចាយប្រេងគឺស្ថិតនៅក្រោមអំណាចផ្ទាល់របស់ លោក ឈិន ឌី ដែល ជាកូនរបស់លោក ឈិន អូន អគ្គនាយក ក្រុមហ៊ុនប្រេងតេលា។
អំពើកិបកេងលួចប្រេងលក់ពីក្រុមអ្នកដឹកជញ្ជូនបែបនេះបានធ្វើឲ្យក្រុម ហ៊ុនប្រេងតេលាបាត់បង់ចំណូលជាច្រើនក្នុងមួយខែៗ រួមទាំងចំណូលពន្ធរដ្ឋផងដែរ ដែលចាំបាច់ត្រូវកែទម្រង់របៀបគ្រប់គ្រង ដើម្បីទទួលបានតម្លាភាពនិងកឹត្យានុភាពដល់ក្រុមហ៊ុន ៕