ព័ត៌មានទាន់ហេតុការណ៍៖

បងប្រុស​ទណ្ឌិត​ អះអាងថា​ ព្រះ​រាជ​អាជ្ញា​រង​ ចែ​ សុង​ ឃុំ​ខ្លួន​ប្អូន​ប្រុស​លើស​នីតិវិធី​មិន​ព្រម​ដោះលែង​

ចែករំលែក៖

ភ្នំពេញ​៖ ​បងប្រុស​ទណ្ឌិតម្នាក់​​​ អះអាងថា​ លោក​ ចែ​ សុង​ ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ឃុំ​ខ្លួន​ប្អូន​ប្រុស​លើស​នីតិវិធី​ មិន​ព្រម​ដោះលែង​ ។​ ប៉ុន្តែ​លោក​ចែ​ សុង​ បញ្ជាក់​ថា​ បញ្ហា​នេះ​ ដោយសារ​ខាង​ពន្ធនាគារ​ពុំ​ទាន់​ទទួល​បាន​សាលក្រម​ ហើយ​លោក​នឹង​ជំរុញ​រឿង​នេះ​ឲ្យ​បាន​ឆាប់​បំផុត​ ។​

លោក​ លាង​ កូឡាប​ ត្រូវ​ជា​បងប្រុស​​ទណ្ឌិត​ឈ្មោះ​ លាង​ ចន្ធូ​ ហៅ​ លី​ អាយុ​២៣ឆ្នាំ​ បញ្ជាក់​នៅ​ព្រឹក​ថ្ងៃ​ទី​៣០​ ខែ​ឧសភា​ ថា​ ឈ្មោះ​ លាង​ ចន្ធូ​ ​ ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​រយៈពេល​១០ខែ​ ពី​បទ​សមគំនិត​ក្នុង​អំពើ​លួច​ (​ គាស់​ទូរ​កុងតឺន័រ​យក​ស្បែក​ជើង​ )​ តាម​មាត្រា​២៩​ មាត្រា​៣៥៣​ និង​មាត្រា​៣៥៦​ នៃ​ក្រម​ព្រហ្មទណ្ឌ​ ប្រព្រឹត្ត​នៅ​រាជធានីភ្នំពេញ​ និង​ ខេត្ត​កំពង់​ស្ពឺ​ កាលពី​អំឡុង​ឆ្នាំ​២០១៦​ ។​

លោក​ កូឡាប​ អះអាងថា​ ប្អូន​ប្រុស​ត្រូវ​បាន​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​២៦​ ខែ​កក្កដា​ ឆ្នាំ​២០១៦​ និង​ ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ថ្ងៃ​ទី​៣០​ ខែ​កក្កដា​ ឆ្នាំ​២០១៦​ ។​ លោក​អះអាងថា​ ប្អូន​ប្រុស​លោក​ នឹង​ត្រូវ​ដោះលែង​ឲ្យ​មាន​សេរីភាព​ឡើងវិញ​ នៅ​ថ្ងៃ​ទី​២៦​ ខែ​ឧសភា​ ឆ្នាំ​២០១៧​ តែ​រហូត​មក​ទល់​ពេលនេះ​ពុំ​ទាន់​ត្រូវ​បាន​ដោះលែង​ទេ​ ។

លោក​ លាង​ កូឡាប​ បញ្ជាក់​ទៀត​ថា​ នៅ​ព្រឹក​ថ្ងៃ​ទី​៣០​ ខែ​ឧសភា​ នេះ​ លោក​បាន​ទៅ​ពន្ធនាគារ​ តែ​មន្ត្រី​ពន្ធនាគារ​អះអាងថា​ ពុំ​អាច​ដោះលែង​បាន​ទេ​ ដោយសារ​គ្មាន​ដីកា​បង្គាប់​ឲ្យ​ដោះលែង​ពី​លោក​ ចែ​ សុង​ ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ។​ លោក​ចាត់​ទុក​ថា​ នេះ​ជា​ការ​ឃុំ​ខ្លួន​លើស​នីតិវិធី​ ។

ឆ្លើយតប​ការ​លើកឡើង​នេះ​ លោក​ ចែ​ សុង​ ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បញ្ជាក់​នៅ​ថ្ងៃ​ទី​៣០​ ខែ​ឧសភា​ ថា​ បញ្ហា​នេះ​ដោយសារ​ខាង​ពន្ធនាគារ​ពុំ​ទាន់​ទទួល​បាន​សាលក្រម​ ហើយ​លោក​នឹង​ជំរុញ​រឿង​នេះ​ឲ្យ​បាន​ឆាប់​បំផុត​ ។​ លោក​អះអាងថា​ ទណ្ឌិត​ឈ្មោះ​ លាង​ ចន្ធូ​ ត្រូវ​ដោះលែង​នៅ​ថ្ងៃ​ទី​៣០​ ខែ​ឧសភា​ ឆ្នាំ​២០១៧​ ពុំ​មែន​ដោះលែង​ថ្ងៃទី​២៦​ ខែ​ឧសភា​ ទេ​ ។​ លោក​ សុង​ បន្ថែម​ថា​ លោក​នឹង​ធ្វើ​កិច្ចការ​នេះ​ឲ្យ​បាន​ឆាប់​បំផុត​ ។

លោក​ ទិត​ សុវណ្ណា​ មេធាវី​ការពារ​ក្ដី​ អះអាងថា​ រហូតមក​ទល់​ព្រឹក​ថ្ងៃ​ទី​៣០​ ខែ​ឧសភា​ នេះ​ កូន​ក្ដី​ពុំ​ទាន់​ត្រូវ​បាន​ដោះលែង​នៅ​ឡើយទេ​ ៕ ចេស្តា


ចែករំលែក៖