ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តរ៉ែងរ៉ូវ័របុករថយន្តតាក់សុីម៉ែត្រលាន់ដូចរន្ទះរបួសមនុស្សម្នាក់

ចែករំលែក៖

ភ្នំពេញៈ រថយន្តរ៉ែងរ៉ូវ័រមួយគ្រឿងបើកបរដោយបុរសជនជាតិចិនម្នាក់ សង្ស័យស្រវឹងស្រាបានជ្រុលទៅបុករថយន្តតាក់ស៊ីម៉ែត្រពេញទំហឹងបណ្តាលឲ្យ​រថយន្តវិលមួយជុំខូចខាតទាំងសងខាង ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះនៅវេលាម៉ោង១១និង១០នាទីយប់ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចស្តុបឧកញ៉ា ម៉ុង ឬទ្ធី កែងនិងផ្លូវភ្នំពេញហាណូយ ស្ថិតក្នុងភូមិប៉ាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

រថយន្តបង្កម៉ាករ៉ែងរ៉ូវ័រ ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ កណ្តាល1A-8000 បើកបរដោយជនជាតិចិន (រថយន្តជួលគេ) ចំណែករថយន្តតាក់ស៊ីម៉ែត្រម៉ាក កាមរីបាឡែន ពណ៌ស (តាក់ស៊ីព្រលានយន្តហោះពោធិ៍ចិនតុង) ពាក់ស្លាកលេខភ្នំពេញ 2AE-7686 បើកបរដោយបុរសម្នាក់ឈ្មោះ ខាត់ ភាព អាយុ៣២ឆ្នាំ មុខរបរបើកតាក់ស៊ី។

អ្នកឃើញហេតុការណ៍បានឲ្យដឹងថា មុនកើតហេតុ គេឃើញរថយន្តតាក់ស៊ីបើកបរតាមបណ្តោយផ្លូវឧកញ៉ា ម៉ុង ឬទ្ធី ទិសដៅពីលិចទៅកើតក្នុងល្បឿន ខណៈមកដល់ពាក់កណ្តាលចំណុចស្តុប ក៏មានរថយន្តបង្កម៉ាករ៉ែងរ៉ូវ័រ បើកបរយ៉ាងលឿនតាមបណ្តោយផ្លូវភ្នំពេញហាណូយក្នុងទិសដៅពីត្បូងទៅជើង បានបុកចំពាក់កណ្តាលរថយន្តបាឡែនពេញទំហឹងប៉ើងវិល១ជុំ ហើយបន្តបុកចូលផ្ទះប្រជាពលរដ្ឋបាក់ទ្វារផ្ទះ និងបែកផើងផ្កាមួយចំនួន ហើយអ្នកបើកបររថយន្តបាឡែនបែកក្បាល និងបែកចិញ្ចើម ចំណែករថយន្តរ៉ែងរ៉ូវ័រវិល១ជុំ បែរក្បាលត្រឡប់ក្រោយ ជនជាតិចិនគ្មានរបួសអ្វីឡើយ។

ក្រោយកើតហេតុ ដោយខូចខាតធ្ងន់ពេកចរចា គ្នាមិនត្រូវ ទើបសមត្ថកិច្ចចរាចរណ៍ខណ្ឌ សហការជាមួយចរាចរណ៍ក្រុងវាស់វែងធ្វើកំណត់ហេតុស្ទួចយករថយន្តទាំង២គ្រឿងទៅទុកនៅការិយាល័យ ចរាចរណ៍រាជធានីភ្នំពេញ ដើម្បីរង់ចាំភាគីរថយន្តទាំងសងខាងចូលខ្លួនមកដោះស្រាយ៕ តុង សីហា


ចែករំលែក៖