ព័ត៌មានទាន់ហេតុការណ៍៖

ពលករខ្មែរសម្លាប់គ្នាឯងស្លាប់ម្នាក់នៅខេត្តច័ន្ទបុរី ប្រទេសថៃ

ចែករំលែក៖

ប៉ោយប៉ែត៖ ពលករខ្មែរម្នាក់ ដែលចូលទៅធ្វើការជាកម្មករបេះផ្លែឈើ នៅក្នុងប្រទេសថៃ បានស្លាប់នៅក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម ខណៈដែលជនរងគ្រោះជាមួយនឹងមិត្តរួមការងារដែលជាខ្មែរដូចគ្នា ជួបជុំផឹកសុីបន្តិចបន្ទួចទាស់សំដីគ្នា ទៅវិញទៅមក រហូតឈានដល់ការចាក់សំលាប់គ្នាឯងតែម្តង ។

យោងតាមរបាយការណ៍របស់ភាគីថៃដែលយើងទទួលបានគឺ ហេតុការនៃអំពើឃាតកម្មនេះបានកើតឡើងកាលពីវេលាម៉ោង ៨ យប់ ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០១៧ ត្រង់ ចំណុចក្នុងបរិវេណចំការមៀនមួយកន្លែង ស្ថិតក្នុងភូមិ៨ ឃុំថាប់ឆាង ស្រុកសយដាវ ខេត្តច័ន្ទបុរី ប្រទេសថៃ ។

ក្រោយពីទទួលបានព័ត៌មានភ្លាម ក្រុមតម្រួតជំនាញថៃបានចុះប្រតិបត្តិការទៅកាន់ទីតាំងខាងលើ ដោយសង្គេតឃើញថា ជនរងគ្រោះដែលដេកស្លាប់នៅក្រោមដើមមៀន នោះមានឈ្មោះ សេ ជាពលករខ្មែរ មកធ្វើការជាកម្មករបេះផ្លែឈើ ជាមួយនឹងកម្មករជាច្រើននាក់ទៀតដែលជាជនជាតិខ្មែរដូចគ្នា ដោយនៅលើខ្លួនប្រាណផ្នែកខាងឆ្វេងមានស្នាមចាក់ដោយកាំបិតពាសពេញរាងកាយ បណ្តាលអោយដេកស្លាប់នៅក្នុងថ្លុកឈាម ឯជនបង្កដែលមានគ្នា៣នាក់ ក៏បានគេចខ្លួនបាត់អស់ទាំងយប់ ដោយឃាតកម្មនេះបានកើតឡើងដោយសារតែទំនាស់ពាក្យសំដីក្នុងពេលផឹកសុី នៅក្នុងចំការមៀន រហូតឈានដល់ការចាក់សំលាប់គ្នា ក្រោយពីបានធ្វើការសាកសួរ និងស្រាវជ្រាវទៅលើកម្មកដទៃទៀតរួចមកទើបដឹងថាជនសង្ស័យដែលជាឃាតករមានឈ្មោះ ១. អយ គឹមសុន ភេទប្រុស អាយុ២៥ឆ្នាំអាយុ ពិសិដ្ឋ ភេទប្រុស អាយុ២៩ឆ្នាំ និង៣. រេត វីរៈ ភេទប្រុស អាយុ១៩ឆ្នាំជនទាំង៣នាក់ ជាពលករខ្មែរដែលចូលមកធ្វើការក្នុងប្រទេសថៃតាមច្រកតំបន់អូររំដួល ក្នុងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។

ភ្លាមៗនោះដែរ ក្រុមតម្រួតបានបោះដៃទៅតាមបណ្តាកំលាំងដែលឈរជើងពីចំណុចកើតហេតុ រហូតដល់ខ្សែបន្ទាត់ព្រំដែន ស្រុកភ្នំព្រឹក ទីបំផុតក៏ត្រូវចាប់ខ្លួនបាន ដោយបច្ចុប្បន្នក្រុមតម្រួតថៃក៏បានប្រគល់ទៅអោយកំលាំងជំនាញដើម្បីចាត់ការតាមនិតិវិធី ឯសពក៏ត្រូវបានតម្រួតកំពុងចាត់ចែងរកសាច់ញាតិដើម្បីបញ្ជូនចូលមកកម្ពុជាវិញក្នងការរៀបចំធ្វើបុណ្យតាមប្រពៃណី ៕ វណ្ណា


ចែករំលែក៖