ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់អ្នកភូមិយ៉ាងច្រើនកកកុញ និងរាយការណ៍មកសមត្ថកិច្ចនគរបាល ក៏ដូចជាកងរាជអាវុធហត្ថស្រុក ព្រមទាំងមានរថយន្តពន្លត់អាគ្គីភ័យបាញ់ពន្លត់ភ្លើងឆេះផ្យ៉ាងសន្ធោរសន្ធៅឡើងពេញក្រមុំ ខណៈមិនអាចគ្រប់គ្រងស្ថានការណ៏ ធ្វើឲ្យម្ចាស់ផ្ទះ ស្រែកទ្រហ៊ោយំ និងឈរមើលទាំងរន្ធត់ក្នុងចិត្ត ដោយសមត្ថកិច្ចសន្និដ្ឋានជំហានដំបូងសង្ស័យទុស្សេខ្សែភ្លើង។
ហេតុការណ៏អគ្គីភ័យនេះ បានកើតឡើងកាលពីព្រឹក ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧ នៅក្នុងភូមិស្វាយក្ងោក ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។
យោងតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថា ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះភា នាង អាយុ៥៨ឆ្នាំ មុខរបរកសិករ មានប្រពន្ធឈ្មោះ សួស លីអាយុ៥៣ឆ្នាំ មុខរបរកសិករ រស់នៅភូមិ ឃុំកើតហេតុខាងលើ ។
តាមស្ត្រីឈ្មោះ សួស លីជាប្រពន្ធបានរៀបរាប់ទាំងទឹកភ្នែកថា ផ្ទះគាត់ធ្វើអំពីឈើ ប្រក់សង្កសី ជញ្ជាំងសង្កសី ខាងក្រោមថ្ម មានទំហំ៦ម៉ែត្រគុណ៧ម៉ែត្រ។
ចំពោះសម្ភារៈដែលខូចខាតរួមមាន: ទូរទស្សន៍2គ្រឿង មាស៧ជី ប្រាក់ដុល្លារ100$ មូតូម៉ាកគុបជ្រុង១គ្រឿង ប្លង់ដី៧ប្លង់ស្រូវ៣០ការ៉ុង បាស់អាំភ្លី១គ្រឿង និងសម្ភារប្រើប្រាស់មួយចំនួនផងដែរ ។
តាមអ្នកភូមិបានអោយដឹងថា មុនកើតហេតុ ស្រាប់តែមានអណ្ដាតភ្លើងឆេះចេញឡើងពីលើផ្ទះ បង្កអោយមានការភ្ញាក់ផ្អើល និងឃើញម្ចាស់បានស្រែកហៅ គ្នីគ្នាជួយពន្លត់ ព្រមទាំងអ្នកភូមិរាយការណ៏មកសមត្ថកិច្ចមូលដ្ឋាន និងមានរថយន្តពន្លត់អគ្គីភ័យមកជួយបាញ់ពន្លត់ដែរ ប៉ុន្តែមិនអាចគ្រប់គ្រងស្ថានការណ៏ ដោយភ្លើងឆេះពេញក្រមុំទៅហើយ ។
ហេតុការណ៍អគ្គីភ័យនេះ មិនបណ្ដាលអោយមានគ្រោះថ្នាក់ដល់មនុស្សនោះទេ រីឯផ្ទះខូចខាតទាំងស្រុង ខណៈសមត្ថកិច្ចជំហានដំបូងសង្ស័យទុស្សេខ្សែភ្លើង ៕ យឹម សុថាន