ព័ត៌មានទាន់ហេតុការណ៍៖

កីឡាករថៃ ប៊ុនហាន វាយឈ្នះលើសង្វៀន តែចាញ់ចិត្តប្រពន្ធដឹកដៃទៅលែងលះនៅសង្កាត់ចោមចៅ

ចែករំលែក៖

 

ភ្នំពេញ៖ កីឡាករប្រដាល់សេរី ថៃ ប៊ុនហាន បានដឹកដៃប្រពន្ធរបស់ខ្លួនទៅកាន់សាលាសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ នៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៧ ដើម្បីដាក់ពាក្យប្តឹងសុំលែងលះ ព្រោះតែការរស់នៅមិនចុះសម្រុងនឹងគ្នា។

បុរសជាប្តីឈ្មោះ ថៃ ប៊ុនហាន អាយុជាង៣០ឆ្នាំ​ កីឡាករប្រដាល់គុនខ្មែរ មានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ ជាអតីតកីឡាប្រដាល់នៅក្លឹប ឫទ្ធីពោធិ៍សែនជ័យនិងជាកូនសិស្សលោកគ្រូ ឯម ចាន់ សុផល មានប្រពន្ធឈ្មោះ រ៉ាយ សុខនៅ អាយុ២៧ឆ្នាំ មុខរបរកម្មការិនីរោងចក្រកាត់ដេរ មានទីលំនៅក្នុងភូមិ ចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ស្រ្តីជាប្រពន្ធបានឲ្យដឹងថា នាង និងកីឡាករថៃ ប៊ុនហាន បានរៀបការជាមួយគ្នាជាប្ដីប្រពន្ធបានរយៈពេល ជាង៤ឆ្នាំកន្លងមកហើយ និងមានកូនស្រីម្នាក់ អាយុ២ឆ្នាំនៅក្នុងបន្ទុកគ្រួសារ មុនដំបូងគឺស្រឡាញ់គ្នាណាស់ ប៉ុន្តែរយៈពេល១ឆ្នាំចុងក្រោយនេះ បន្ទាប់ប្ដីនាងឡើងប្រកួតដណ្ដើមពានរង្វាន់ហើយគ្រោះថ្នាក់បាក់ដៃប្រកួតលែងកើត គាត់តែងមានអារម្មណ៍ មួរម៉ៅ និងបានចាប់យកមុខរបរដឹកទឹកត្រីបោះដុំឲ្យម៉ូយតាមកន្លែងនានា។

ប្រពន្ធក៏បានបន្តឲ្យដឹងទៀតថា រាល់ពេលឲ្យតែចូលផ្ទះម្តងៗ គឺប្តីនាងស្រវឹងរាល់ថ្ងៃ និងតែងតែរករឿងនាង បង្កជាជម្លោះជាបន្តបន្ទាប់ ព្រមទាំងប្រើអំពើហិង្សាលើនាង២ដងរួចមកហើយ ដោយសារតែការរស់នៅមិនចុះសម្រុងនិងគ្នា ចេះតែមានភាពរកាំរកូសបែបនេះ ទើបសម្រេចចិត្តចែក ផ្លូវគ្នា។

ក្រោយពីសម្រេចចិត្តលែងលះគ្នា ប្ដីក៏ចង់បានកូនចំណែកនាងក៏ចង់បានកូន ដូចគ្នាទើបមិនទាន់លែង គ្នាដាច់ ហើយបាននាំគ្នាធ្វើដំណើរទៅកាន់សាលាសង្កាត់ចោមចៅ ដើម្បីរកអាជ្ញាធរ ឲ្យជួយដោះស្រាយ តែម្ដង ៕ សុខាសែនជ័យ


ចែករំលែក៖