ខេត្តពោធិ៍សាត់៖ លោកអធិការ អធិការរង នៃអធិការដ្ឋាននគរបាលស្រុកក្រគរ ទទួលបញ្ជាពីព្រះរាជជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ដឹកនាំកម្លាំងជំនាញ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរសណ្ដាន់ និងកំពង់ពោធិ៍ បង្រ្កាបមុខសញ្ញាប្រើប្រាស់ រក្សាទុក ចែកចាយដោយខុសច្បាប់នូវសារធាតុញៀន ក្នុងនោះកម្លាំងដកហូតនូវវត្ថុតាង និងសម្ភារផងដែរ។
ប្រតិបត្តិការខាងលើធ្វើឡើងកាលពីវេលាម៉ោង២៤ និង៤៥នាទី ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិ.ឃុំអូរសណ្ដាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
លោក វរសេនីយ៍ត្រី ម៉ោល សុទ្ធ អធិការរងនៃអធិការដ្ឋាននគរបាលស្រុកក្រគរ ដែលបានទទួលបទបញ្ជាដឹកនាំកម្លាំងចុះក្នុងប្រតិបត្តការខាងលើបានឲ្យដឹងថា ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងដាច់ខាត់នៅបទល្មើសគ្រឿងញៀន ហើយឈានដល់ឃាត់ខ្លួនម្នាក់ រួមវត្ថុតាង និងសម្ភារនេះ ឈ្មោះ មួន សោភ័ណ ភេទប្រុស អាយុ ១៩ឆ្នាំ សញ្ជាតិខ្មែរ បច្ចុប្បន្ន មានទីលំនៅភូមិឃ្លាំងមឿង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។
លោក វរសេនីយ៍ត្រី ម៉ោល សុទ្ធ អធិការរងបន្តថា ក្នុងកិច្ចប្រតិបត្តិការបង្រ្កាបជនសង្ស័យរួមទាំងវត្ថុតាង និងសម្ភារខាងលើនោះដែរ កម្លាំងដកហូតរួមមាន៖ ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀនចំនួន ៣៥កញ្ចាប់ ក្នុងនោះចំនួន ០១កញ្ចប់ធំ ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ទូរស័ព្ទដៃចំនួន ០៣គ្រឿង លុយខ្មែរចំនួន ១៥មឺុនរៀល កាបូបស្ពាយចំនួន ០១ និងម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិសាត់ 1H 8284 ចំនួន ០១គ្រឿង។
លោក វរសេនីយ៍ត្រីបន្តទៀតថា ចំពោះជនសង្ស័យ រួមទាំងវត្ថុតាង និងសម្ភារ បានបំពេញនីតិវិធីនៅអធិការដ្ឋាននគរបាលស្រុកក្រគរ និងបានបញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ហើយ ដើម្បីអនុវត្តន៍បន្តតាមនីតិវិធី៕ បឹុម ពិន