ភ្នំពេញ៖ យុវជន៣នាក់ បាននាំគ្នាទៅអង្គុយផឹកនៅរោងទឹកត្នោតជូរមួយកន្លែង ភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ខណៈកំពុងអង្គុយផឹក ស្រាប់តែមានក្រុមក្មេងស្ទាវមួយក្រុម ប្រដាប់ដោយដាវមកធ្វើសកម្មភាពកាប់ប្រហារបណ្តាលឲ្យរងរបួសធ្ងន់ទាំង៣នាក់ រត់ឲ្យគេឯងជួយ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១រសៀល ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៧។
ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះផាវ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបជាងផ្សាដែក មានស្រុកកំណើតនៅភូមិត្រពាំងជ្រៃ ឃុំក្រសាំង ស្រុករមាហែក ខេត្តស្វាយរៀង។ ចំណែក២នាក់ទៀតរស់នៅភូមិជាមួយគ្នា។
តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះមានគ្នា៣នាក់មកអង្គុយផឹកទឹកត្នោតជូរនៅ កន្លែងដីឡូត៍មួយកន្លែងខាងកើតផ្សារទួលពង្រ ខណៈកំពុងអង្គុយផឹកសុខៗ ស្រាប់តែមានក្រុមក្មេងទំនើងមានគ្នា៥ទៅ៦នាក់ ប្រដាប់ដោយដាវសាំម៉ូរៃមកកាប់ប្រហារបណ្តាលឲ្យជនរងគ្រោះត្រូវរងរបួសជាច្រើនកាំបិតហូរឈាមស្រោចខ្លួន ហើយជនរងគ្រោះក៏រត់ចេញពីការកាប់ប្រហាររបស់ក្រុមក្មេងទំនើងនោះដើម្បីឲ្យអ្នកជិតខាងជួយ ចំណែកក្រុមជនដៃដល់បានគេចខ្លួនបាត់។
ក្រោយពេលកើតហេតុ ជនរងគ្រោះឈ្មោះផាវ បានរត់ទៅមន្ទីរពេទ្យឯកជនមួយកន្លែងតែដោយសារតែស្ថានភាពធ្ងន់ពេក ក៏ហៅរថយន្តកងពលតួច៧១១ មកបញ្ជូនបន្តទៅមន្ទីរពេទ្យកាល់ម៉ែតដើម្បីសង្គ្រោះ ។ រីឯជនរងគ្រោះ២នាក់ទៀត បានរត់ទៅមន្ទីរពេទ្យដោយខ្លួនឯង។
បើតាមសម្តីបុរសម្នាក់ដែលអះអាងថា ត្រូវជាពូរបស់ឈ្មោះផាវ បានឲ្យដឹងថា ជនរងគ្រោះទើបតែមកពីស្រុកឡើងមកភ្នំពេញក្រោយការបោះឆ្នោតនេះទេ៕ សុខាសែនជ័យ