ភ្នំពេញៈ មានករណីប្លន់ម៉ូតូទៀតហើយនៅខណ្ឌមានជ័យគ្រាដែលសង្សារ១គូ បានជិះម៉ូតូឌុបគ្នាទៅទិញទឹកក្រឡុកហូបហើ ពេលត្រឡប់មកវិញ ត្រូវជនសង្ស័យមួយក្រុមស្ទាក់ប្លន់ម៉ូតូតែមិនបានសម្រេចនាវេលាម៉ោង២និង១០នាទីយប់ឈានចូលថ្ងែទី៨ ខែមិថុនា ឆ្នាំ២០១៧នៅ តាមបណ្តោយផ្លូវវេងស្រេង ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
បើតាមនារីរងគ្រោះឈ្មោះ សឿង លី អាយុ៣២ឆ្នាំ មុខរបរកម្មការិនីរោងចក្រកាត់ដេរ ស្នាក់នៅក្នុងសង្កាត់ចោមចៅ បានឲ្យដឹងថា មុនពេលកើតហេតុខ្លួននាងនិងគូសង្សារ ឈ្មោះ លី វាសនា អាយុ២៧ឆ្នាំ ស្នាក់នៅផ្ទះនៅខេត្តតាកែវ បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាស្គូពី ពាក់ស្លាកលេខ កណ្តាល1B- 4888 ធ្វើដំណើរមកទិញទឹកក្រឡុកនៅក្បែរផ្សារស្ទឹងមានជ័យ។ ពេលទិញរួចក៏នាំគ្នាជិះម៉ូតូត្រឡប់ទៅផ្ទះវិញដោយធ្វើដំណើរ តាមបណ្តោយផ្លូវវេងស្រេង ក្នុងទិសដៅពីលិចទៅកើត។លុះ មកដល់កន្លែងកើតហេតុត្រង់ក្បែរហាងលក់ដូរមួយកន្លែង ស្រាប់តែមានជនសង្ស័យមានគ្នា៦នាក់ឈរចាំក្បែរនោះបានធ្វើសកម្មភាព យកដំបងគប់មកលើនាងនិងសង្សារ បណ្តាលឲ្យសង្សាររេចង្កូតម៉ូតូដួលបោកនៅនឹងខឿនថ្នល់ ហើយភ្លាមនោះ ក្រុមជនសង្ស័យបានចុះពីលើម៉ូតូបំណងទៅលើកយកម៉ូតូរបស់គាត់ជិះរត់ ប៉ុន្តែត្រូវបាន ប្រជាពលរដ្ឋនៅក្បែរនោះឆោឡោច្រើនពេកធ្វើឲ្យជនសង្ស័យ រត់យកតែកាបូបលុយរបស់គាត់ដែលជ្រុះក្បែរម៉ូតូគេចខ្លួនបាត់ស្រមោលតែម្តង។
នារីរងគ្រោះបានបន្តថា ពេលនោះសង្សាររបស់នាងដួលរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅមន្ទីពេទ្យភ្លាមៗ រីឯរូបគាត់រងរបួសស្រាលតែប៉ុណ្ណោះ។
ក្រោយពេលកើតហេតុគេឃើញសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទៅដល់បានត្រឹមតែយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅប៉ុស្តិ៍នគរបាល និងបានជំរុញឲ្យជនរងគ្រោះដាក់ពាក្យបណ្តឹងប៉ុណ្ណោះ ៕ ប្រាថ្នា