ព័ត៌មានទាន់ហេតុការណ៍៖

ចោរនិងចោរឈ្លោះប្រកែកគ្នាទម្លាយរឿងចាស់ ប្រាប់ម្ចាស់ទ្រព្យត្រូវសមត្ថកិច្ចចាប់បានទាំងអស់

ចែករំលែក៖

ខេត្តកណ្តាល៖ សមត្ថកិច្ចបានចាប់ខ្លួនចោរ២នាក់ បន្ទាប់ពីពួកគេឈ្លោះប្រកែកគ្នា ហើយយករឿងទៅទម្លាយប្រាប់ម្ចាស់របស់ដែលពួកគេលួច ។ ករណីឃាត់ខ្លួនជនសង្ស័យនេះ សមត្ថកិច្ចបានធ្វើឡើងកាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៧ នៅភូមិដុល ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

សមត្ថកិច្ចនគរបាលខេត្តកណ្តាលឲ្យដឹងថា ជនសង្ស័យ២នាក់ ត្រូវឃាត់ខ្លួនពាក់ព័ន្ធករណីលួច ទី១ ឈ្មោះពៅ រ៉ាន់ ហៅយ៉ាង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ

កម្មករសំណង់ រស់នៅភូមិ-ឃុំកើតហេតុ (ឃាត់ខ្លួន) និងទី២-ឈ្មោះ សៅ សឿន ហៅដា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ កម្មករសំណង់ រស់នៅភូមិ-ឃុំកើតហេតុ (ឃាត់ខ្លួន)។ ចំណែកជនរងគ្រោះមាន ៣នាក់ ទី១-ឈ្មោះ ក្រឹង ស្រ៊ុន ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរកសិករ នៅភូមិ-ឃុំ កើតហេតុ (បាត់បង់ ម៉ូទ័របូមទឹក១គ្រឿង), ទី២-ឈ្មោះ ផៃ ណេត ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរកសិករ បាត់បង់ម៉ូទ័របូម ទឹក១គ្រឿង និងទី៣-ឈ្មោះ ស្រ៊ុយ ស្រួន ភេទប្រុស អាយុ៧៣ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិថ្មី ឃុំសន្លុង ស្រុកខ្សាច់ កណ្តាល (បាត់បង់ម៉ូទ័របូមទឹក១គ្រឿង)។ រីឯវត្ថុតាងចាប់យកបានមកវិញមានម៉ូទ័រ បូមទឹក៣គ្រឿង និងម៉ូតូសេ១០០កូរ៉េ ពណ៌ ខ្មៅ គ្មានស្លាកលេខ១គ្រឿង ។

សមត្ថកិច្ចនគរបាលបានបន្តថា នៅដើម ខែឧសភា ឆ្នាំ២០១៧ ជនសង្ស័យទាំង២ បានធ្វើសកម្មភាពលួចម៉ូតូសេ១០០កូរ៉េ នៅក្នុងក្រុមហ៊ុន7NG។ រហូតដល់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៧ គេទាំង២នាក់បាន លួចម៉ូទ័រ២គ្រឿងរបស់ឈ្មោះ ស្រ៊ុយ ស្រួន ១គ្រឿង និងម៉ូទ័ររបស់ឈ្មោះ ផៃ ណេត ១គ្រឿង។ ក្រោយមកនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង១១យប់ក៏បានលួចម៉ូទ័រជនរងគ្រោះឈ្មោះ ក្រឹង ស្រ៊ុន ១ គ្រឿងទៀត។ លុះមួយសប្ដាហ៍ក្រោយមក នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង ៤រសៀលជនសង្ស័យទាំង២នាក់កើតមានទំនាស់នឹងគ្នា ហើយជនសង្ស័យឈ្មោះ ពៅ រ៉ាន់ ហៅយ៉ាង បានទៅសារភាពប្រាប់ ជនរងគ្រោះឈ្មោះ ផៃ ណេត ថាពួកគេ បានលួចម៉ូទ័រក្នុងបំណងឲ្យចាប់បក្ខពួកគេ ទើបជនរងគ្រោះដាក់ពាក្យបណ្តឹងទៅនគរបាលប៉ុស្តិ៍សន្លុងតែម្ដង ។

ក្រោយទទួលបានពាក្យបណ្ដឹងពីជន រងគ្រោះសមត្ថកិច្ចនគរបាលប៉ុស្តិ៍សន្លុង បានចុះទៅឃាត់ខ្លួនជនសង្ស័យទាំង២នាក់ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកខ្សាច់ កណ្ដាលហើយបញ្ជូនទៅការិយាល័យ ជំនាញចាត់ការតាមនីតិវិធី ៕ ស្អាងជ័យ


ចែករំលែក៖