ព័ត៌មានទាន់ហេតុការណ៍៖

ធានារ៉ាប់រងអាយុជីវិត Loan Assure នឹងបំបាត់ក្តីកង្វល់ក្នុងការខ្ចីប្រាក់

ចែករំលែក៖

ភ្នំពេញ៖ ការខ្ចីប្រាក់យ៉ាងសមរម្យ និងប្រុងប្រយ័ត្ន គឺជាមូលដ្ឋានគ្រឹះមួយ នៃការរៀបចំផែនការហិរញ្ញវត្ថុ និងគ្រប់គ្រងលុយកាក់ដោយត្រឹមត្រូវ សម្រាប់ក្រុមគ្រួសារ និងបុគ្គលគ្រប់រូប ។ ការខ្ចីប្រាក់ ផ្តល់ឲ្យអ្នកខ្ចីនូវសាច់ប្រាក់បន្ថែម សម្រាប់យកទៅ វិនិយោគអចលនទ្រព្យ អាជីវកម្ម ឬទិញយានយន្តដើម្បីធ្វើដំណើរទៅធ្វើការ ឬទៅសាលារៀន ។

ជារៀងរាល់ថ្ងៃ ប្រជាជននៅទូទាំងប្រទេសកម្ពុជា និងគ្រប់ស្រទាប់វណ្ណៈ បាននឹងកំពុងខ្ចីប្រាក់ពីស្ថាប័នផ្តល់ប្រាក់កម្ចី ដែលមានអាជ្ញាប័ណ្ណ និងកិត្តិស័ព្ទល្អ ដើម្បីចាប់ផ្តើមអាជីវកម្មថ្មី ឬសាងសង់ផ្ទះក្នុងក្តីសុបិនរបស់ពួកគាត់ ។ ទោះជាយ៉ាងនេះក្តី ការគិតគូរដល់ការខ្ចីប្រាក់ នឹងត្រូវជំពាក់បំណុលគេ អាចមានភាពតានតឹងយ៉ាងខ្លាំងសម្រាប់មនុស្សជាច្រើន ។ ចំណុចព្រួយបារម្ភដ៏ធំមួយ គឺគាត់ខ្លាចថា ប្រសិនបើមានគ្រោះអកុសលអ្វីមួយកើតឡើងដល់ម្ចាស់កម្ចីនោះ ក្រុមគ្រួសាររបស់គាត់ អាចនឹងត្រូវជាប់បន្ទុកជាមួយបំណុលដែលពិបាកនឹងសង ។

ដើម្បីកាត់បន្ថយក្តីបារម្ភទាំងនេះ និងផ្តល់ម្ចាស់កម្ចីនូវភាពស្ងប់ចិត្ត កាលពីថ្ងៃទី០៧ ខែមិថុនា ក្រុមហ៊ុន ព្រូដិនសលកម្ពុជា បានប្រកាសសម្ពោធផលិតផល Loan Assure ការពារប្រាក់កម្ចី ដែលផ្តល់ដំណោះស្រាយដ៏សាមញ្ញ ក្នុងតម្លៃសមរម្យ តាមរយៈការធានាថា ប្រាក់កម្ចីនឹងត្រូវទូទាត់សងទៅឲ្យស្ថាប័នផ្តល់ប្រាក់កម្ចីវិញ ក្នុងករណីអកុសលដែលអតិថិជនឥណទានទទួលមរណភាព ឬមានពិការភាពទាំងស្រុង និងអចិន្ដ្រៃយ៍ ។

លោក David Nutman អគ្គនាយកក្រុមហ៊ុន ព្រូដិនសលកម្ពុជា បានមានប្រសាសន៍ថា “បេសកកម្មសំខាន់មួយរបស់ក្រុមហ៊ុន ព្រូដិនសល គឺការផ្តល់ជូននូវផលិតផល ដែលអនុញ្ញាតឲ្យអតិថិជនរបស់យើងរៀបចំផែនការ និងការពារអនាគតហិរញ្ញវត្ថុរបស់ពួកគាត់ ។ ផលិតផល Loan Assure ការពារប្រាក់កម្ចី បន្តបំពេញបេសកកម្មនេះ តាមរយៈការផ្តល់ភាពទុកចិត្តថា បំណុលប្រាក់កម្ចីរបស់អតិថិជនយើងនឹងមិនក្លាយជាបន្ទុកដល់មនុស្សជាទីស្រឡាញ់របស់ពួកគាត់ឡើយ ។”

ផលិតផល Loan Assure ការពារប្រាក់កម្ចីនេះ ផ្តល់ជូនតែសម្រាប់អតិថិជនដែលខ្ចីប្រាក់ពីធនាគារ អេស៊ីលីដា ប៉ុណ្ណោះ ដែលជាធនាគារធំជាងគេបំផុតមួយនៅកម្ពុជា និងជាដៃគូសំខាន់មួយរបស់ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ជាយូរមកហើយ ។នៅពេលប្រាក់កម្ចីមួយត្រូវបានអនុម័តដោយធនាគារ អេស៊ីលីដា អតិថិជនអាចជ្រើសរើសទូទាត់បុព្វលាភរ៉ាប់រងតែមួយលើក ដើម្បីទទួលបានការការពារពីផលិតផល Loan Assure ការពារប្រាក់កម្ចី ដែលទំហំបុព្វលាភរ៉ាប់រងដែលត្រូវទូទាត់ អាស្រ័យទៅតាមទំហំទឹកប្រាក់នៃកម្ចី រយៈពេលទូទាត់ប្រាក់កម្ចី និងជម្រើសថាតើ គាត់ចង់ទទួលការការពារលើប្រាក់កម្ចីទាំងមូល ឬចំណែកប្រាក់នៅសល់ដែលត្រូវទូទាត់ ក្នុងករណីមានគ្រោះអកុសលកើតឡើងចំពោះរូបគាត់ជាម្ចាស់កម្ចី ។

លោកស្រីបណ្ឌិត សូ ផនណារី អនុប្រធាននាយកប្រតិបត្តិ និងជាគណៈប្រធាននាយិកាប្រតិបត្តិប្រតិបត្តិការ នៃធនាគារអេស៊ីលីដា បានមានប្រសាសន៍ថា “ផលិតផលថ្មី Loan Assure នេះ នឹងដើរតួនាទីជាមរតកទ្រព្យ ហើយក៏ជាការការពារ និងផ្តល់នូវដំណោះស្រាយដើម្បីជួយសម្រាលបន្ទុកហិរញ្ញវត្ថុ និងជាពិសេសលើកម្ចីឥណទាន ។ វត្តមាននៃផលិតផលថ្មីនេះ គឺជាការបង្ហាញពីការខិតខំប្រឹងប្រែងរិះរកនូវលទ្ធភាពនានា ក្នុងការអភិវឌ្ឍផលិតផលឥតឈប់ឈរ និងទាន់សម័យដើម្បីបំពេញបានតាមតម្រូវការរបស់អតិថិជន និងការប្រកួតប្រជែងផងដែរ “៕ វឌ្ឍនា


ចែករំលែក៖