ព័ត៌មានទាន់ហេតុការណ៍៖

សហមេធាវីនាំមុខតំណាងដើមបណ្តឹងរដ្ឋប្បវេណីបានស្នើសុំឱ្យអង្គជំនុំជម្រះសាលាដំបូងនៃសាលាក្តីខ្មែក្រហមទួលស្គាល់នូវការបង្ហាញភស្តុតាងរបស់ដើមបណ្តឹងរដ្ឋប្បវេណី

ចែករំលែក៖

ភ្នំពេញ៖ សហមេធាវីនាំមុខតំណាងដើមបណ្តឹងរដ្ឋប្បវេណី បានស្នើសុំឱ្យអង្គជំនុំជម្រះសាលាដំបូងនៃសាលាក្តីខ្មែក្រហមទទួលស្គាល់នូវការបង្ហាញភស្តុតាងរបស់ដើមបណ្តឹងរដ្ឋប្បវេណី ព្រមទាំងការរងទុក្ខវេទនារបស់ជនរងគ្រោះនិងព្រម ទាំងសម្រេចផ្តល់សំណងនៅក្នុងករណីជនជាប់ចោទរកឃើញថាមានពិរុទ្ធភាពចំពោះឧក្រិដ្ឋកម្មដែលចោទប្រកាន់។

ការស្នើសុំនេះត្រូវបានធ្វើឡើងនៅអំឡុងពេលសវនាការធ្វើសេចក្តីសន្និដ្ឋានផ្ទាល់មាត់បិទបញ្ចប់ការពិភាក្សាដេញដោលលើសំណុំរឿង ០០២/០២ ដែលបានចាប់ផ្តើមនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ ២០១៧។

មេធាវីការពារក្តីជនរង គ្រោះបានលើកឡើងថា ខ្មែរក្រហមបានធ្វើទុកបុកម្នេញប្រជាពលរដ្ឋ និងបានសម្លាប់មនុស្សជាច្រើន និងបានលើក ឡើងថា ផែនការទាំងនេះត្រូវបានដាក់ចុះ និងបានដឹងដោយជនជាប់ចោទ នួន ជា និងខៀវ សំផន។

អង្គជំនុំជម្រះសាលាដំបូងនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) បានចាប់ផ្តើមបើកសវនាការធ្វើសេចក្តីសន្និដ្ឋានផ្ទាល់មាត់បិទបញ្ចប់កិច្ចពិភាក្សាដេញដោលលើសំណុំរឿង ០០២/០២ ប្រឆាំងនឹង ខៀវ សំផន និង នួន ជា នៅថ្ងៃទី១៣ មិថុនា ឆ្នាំ ២០១៧ ហើយគ្រោងបញ្ចប់នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ ២០១៧។ ជនជា​ប់ចោទ នួន ជា មានអាយុ ៩១ ឆ្នាំ និង ខៀវ សំផន មានអាយុ ៨៦ ឆ្នាំ បានបង្ហាញវត្តមាននៅក្នុងសាលសវនាការ ដោមាន ការចូលរួមទស្សនពីសាធារណជនប្រមាណ ៦០០ នាក់មកពីខេត្តកំពង់ស្ពឺ និងខេត្តព្រៃវែង។

សវនាការនេះនឹងផ្តល់ពេលវេលាដល់ភាគីពាក់ព័ន្ធនានា លើកឡើងអំពីទឡ្ហីករណ៍ផ្ទាល់មាត់ជុំវិញសំណុំរឿងនេះ ដោយចាប់ផ្តើមដំបូងដោយសហមេធាវីនាំមុខតំណាងដើមបណ្តឹងរដ្ឋប្បវេណីមានរយៈពេល ១​ថ្ងៃ សហព្រះរាជអាជ្ញាមានរយៈពេល ២ ថ្ងៃ ក្រុមមេធាវីការពារក្តីមានរយៈពេល ៣,៥ ថ្ងៃ។អង្គជំនុំជម្រះសាលាដំបូងនឹងទុកពេលវេលាមួយថ្ងៃសម្រាប់ការធ្វើសេចក្តីសន្និដ្ឋានតបរបស់ភាគីពាក់ព័ន្ធនានា ហើយរយៈពេលមួយព្រឹក សម្រាប់ការធ្វើសេចក្តីសន្និដ្ឋានចុងក្រោយរបស់ជនជាប់ចោទ ដែលគ្រោងនឹងធ្វើឡើងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧។

ក្នុងពេលវេលាមួយថ្ងៃដែលខ្លួនទទួលបាន ក្រុមមេធាវីការពារក្តីបានបង្ហាញភស្តុតាងរបស់ដើមបណ្តឹងរដ្ឋប្បវេណី ដោយសង្ខេបនូវសក្ខីកម្មរបស់ពួកគាត់ទាក់ទងនឹងជនរងគ្រោះក្នុងអង្គហេតុសហករណ៍ ការដ្ឋានការងារ មន្ទីរសន្តិសុខ ការ រៀបការដោយបង្ខំ ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិចាម និងជនជាតិវៀតណាម ព្រមទាំងអង្គហេតុផ្សេងទៀតនៅក្នុងសំណុំរឿង ០០២/០២។

នៅចុងបញ្ចប់នៃសារណាផ្ទាល់មាត់របស់ខ្លួន សហមេធាវីនាំមុខតំណាងដើមបណ្តឹងរដ្ឋប្បវេណី ក៏បានដាក់ ស្នើសុំការទទួលស្គាល់ពីគម្រោងសំណងសម្រាប់ដើមបណ្តឹងរដ្ឋប្បវេណី។

សហមេធាវីនាំមុខដើមបណ្តឹងរដ្ឋប្បេណី លោក ពេជ អង្គ និងលោកស្រី ម៉ារី ហ្គីរូ បានថ្លែងថា គម្រោងសំណងទាំងអស់ដែលស្នើសុំឱ្យអង្គជំនុំជម្រះសាលាដំបូងទទួលស្គាល់គឺសម្រាប់ជនរងគ្រោះដោយរបបខ្មែរក្រហមទាំងអស់។ គម្រោង​ចំនួន ២៦ ត្រូ​វបានបង្កើតឡើង​ ក្នុងនោះគម្រោង​ចំនួន​ប្រាំត្រូវ​បាន​​ស្នើសុំ​ទៅ​រាជ​រដ្ឋា​ភិបាល​កម្ពុជា ចំណែក​គម្រោង​ ២១ ផ្សេង​ទៀត​បាន​ទទួល​ការ​ឧបត្ថម្ភ​​ថវិកា ​​តាម​រយៈ​ប្រភព​ថវិកា​ពី​ស្ថាប័ន​ខាង​ក្រៅ។

គម្រោងសំណងទាំងនោះផ្តោតលើការចងចាំ និងការអប់រំ ការស្តារនីតិសម្បទា និងការរំឮកវិញ្ញាណក្ខន្ធជនរងគ្រោះ ហើយគម្រោងភាគច្រើនអាចអនុវត្តបាន និងមានហិរញ្ញវត្ថុគ្រប់គ្រាន់។ ក្នុង​ករណី​ដែល​ជនជាប់ត្រូវបានរកឃើញថាមានពិរុទ្ធភាពចំពោះបទចោទ និង​ត្រូវបាន​​ផ្តន្ទាទោស អង្គជំនុំជម្រះ​សាលា​ដំបូ​​ង​ អាច​សម្រេច​ឲ្យ​មាន​សំណង​ផ្លូវ​ចិត្ត និងសមូហភាព​ដល់​ដើម​បណ្តឹង​រដ្ឋប្បវេណី​នៅ​ក្នុង​សាល​ក្រម ប្រសិន​បើ​លក្ខខណ្ឌ​មួយ​ចំនួន​ត្រូវ​បាន​បំពេញ។

មន្ត្រីនាំពាក្យសាលាក្តីខ្មែរក្រហម លោក នេត្រ ភក្ត្រា បានថ្លែងថា សវនាការសេចក្តីសន្និដ្ឋានផ្ទាល់មាត់បិទបញ្ចប់កិច្ចពិភាក្សាដេញដោលលើសំណុំរឿង ០០២/០២ មានរយៈពេល ៨ ថ្ងៃ ហើយបន្ទាប់ពីបញ្ចប់សវនាការនេះ នឹងចំណាយពេលវេលាពិនិត្យលើសំណុំរឿងដែលបានជំនុំជម្រះ ហើអង្គជំនុំជម្រះសាលាដំបូងនឹងចេញសាលក្រមលើសំណុំរឿង ០០២/០២ នៅក្នុងពេលពេលវេលា សមស្របខាងមុខ ៕ សហការី


ចែករំលែក៖