ភ្នំពេញ៖ អាជីវករលក់ដូរក្នុងផ្សារ ត្រូវបានជនសង្ស័យស្រីវ័យក្មេង ដែលធ្លាប់អាណិតស្រឡាញ់ឲ្យនំណី បាយទឹក ម្ហូបអាហារ ឥឡូវបែរសងគុណវិញដោយការលួចលុយដល់ក្នុងហាងអស់ប្រមាណជាង១ពាន់ដុល្លារ បង្កការភ្ញាក់ផ្អើលកាលពីរសៀល ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅហាងលក់គ្រឿងសំអាង ក្នុងផ្សារទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ លុះដល់វេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧ ក៏បានឃាត់ខ្លួនបណ្តោះអាសន្ន នៅស្នាក់ការផ្សារទួលពង្រ និងបានលួងលោមក្មេងស្រី ទើបបានប្រគល់ប្រាក់អោយមកជនរងគ្រោះវិញត្រឹម១០ម៉ឺនរៀលប៉ុណ្ណោះ ជនរងគ្រោះមិនសុខចិត្ត រហូតមកដល់ព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧ បាននាំក្មេងស្រីនោះទៅកាន់ប៉ុស្តិ៍នគរបាលចោមចៅដើម្បីឲ្យសមត្ថកិច្ចសាកសួរបន្ថែម។
ម្ចាស់ហាងខាងលើគាត់រៀបរាប់អោយដឹងថា ក្មេងស្រីខាងលើនេះ តែងតែមកលេងនៅក្បែរហាងរបស់គាត់ ដោយសារតែគាត់ឃើញអាណិតបានអោយនំចំណីបាយសម្លទៅញាំ ស្រាប់តែដល់រសៀលកើតហេតុខាងលើ គាត់យកលុយរបស់គាត់ដែលលក់អីវ៉ាន់បាន១អាទិត្យយកទៅទុកក្នុងកាបូប ហើយដាក់ក្នុងទូ ហើយចូលក្នុងបន្ទប់មួយភ្លែត ឆ្លៀតពេលនោះ ក្មេងស្រីខាងលើបានលួចចូលក្នុងហាងរបស់គាត់ បើកទូប្រមូលយកលុយដាក់ចូលក្នុងថង់ រួចគេចខ្លួនបាត់តែម្តង។
ប្រភពដដែលបានបន្តទៀតថា នៅពេលដែលឃាត់ខ្លួនក្មេងស្រីខាងនោះ បានប្រគល់លុយមកវិញបានតែជាង១០ម៉ឺនរៀលទេ លុយមួយចំនួនទៀតគឺនៅម្តាយរបស់ក្មេងស្រីនោះ ហើយនៅពេលដែលទៅដល់ជួបម្តាយក្មេងស្រីនោះ គឺមិនទទួលខុសត្រូវចំពោះកូនទេ ទើបស្រ្តីរងគ្រោះនាំក្មេងស្រីទៅកាន់ប៉ុស្តិ៍នគរបាលតែម្តង។
ក្រោយពេលកើតហេតុក្មេងស្រីត្រូវបាននគរបាលសមត្ថកិច្ចសាកសួរយ៉ាងណាក្មេងស្រីមិនត្រូវបាននិយាយអ្វីទាំងអស់។ ក្រោយមកសមត្ថកិច្ចបានអោយស្ត្រីរងគ្រោះនាំក្មេងស្រីនោះទៅដោះស្រាយជាម្តាយ៕ សុខាសែនជ័យ