ខេត្តកំពង់ចាម៖ ក្រុមកម្មករធ្វើអគារសិក្សាវិទ្យាល័យស្រីសន្ធរ ក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាមជាច្រើននាក់បានផ្តិតមេដៃ ស្នើរកកិច្ចអន្តរាគមន៍ពីការិយាល័យអប់រំស្រុកស្រីសន្ធរ និងមន្ទីរអប់រំខេត្តកំពង់ចាម ករណីដែលពួកគេលក់កម្លាំងពលកម្ម ធ្វើអគារសិក្សាមួយខ្នង២ជាន់រួចរាល់ ប៉ុន្តែអ្នកម៉ៅការមិនព្រមប្រគល់ប្រាក់ថ្លៃឈ្នួលកម្លាំងពលកម្ម ។ មិនតែប៉ុណ្ណោះ ថ្លៃសម្ភារ តុ កៅអី ក៏ក្រុមអ្នកម៉ៅការមិនព្រមបង់ប្រាក់ឲ្យដែរ ។
ប្រភពពីមេជាងបានឲ្យដឹងថា ក្រុមអ្នកម៉ៅការទទួលបានសិទ្ធិកសាងអគារសិក្សា២កន្លែង ដែលមួយកន្លែងនៅស្រុកស្រីសន្ធរ និងមួយកន្លែងទៀតនៅក្រុងកំពង់ចាម ។ អគារសិក្សាទាំងពីរកន្លែងបានកសាង និងបំពាក់សម្ភារ តុ កៅអី រួចរាល់អស់ហើយ ។ ប៉ុន្តែនៅពេលដែលអ្នកទទួលម៉ៅការបំពាក់សម្ភារ បានរៀបចំរួចអស់នោះ ក្រុមអ្នកម៉ៅការសំណង់ បែរជាមិនព្រមប្រគល់ប្រាក់ឲ្យកម្មករ និងថ្លៃសម្ភារ តុ កៅអី នោះទៅវិញ ។ មិនតែប៉ុណ្ណោះ ថែមទាំងជំរុញឲ្យម្ចាស់សម្ភារ ទ្វារ បង្អួច តុ កៅអី រុះរើយកសម្ភាររបស់ខ្លួនទៅវិញថែមទៀតផង ។
នៅក្នុងលិខិតស្នើសុំរកកិច្ចអន្តរាគមន៍របស់ក្រុមកម្មករ បានចោទទៅលើឈ្មោះ ពាំង គឹមថូន មានអសយដ្ឋានផ្ទះលេខ១០០៥ ផ្លូវលំ ភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដែលជាអ្នកទទួលបានសិទ្ធិពីក្រសួងអប់រំ យុវជន និងកីឡា កសាងអគារសិក្សានៅស្រុកស្រីសន្ធរនោះថា ជាអ្នកដែលមិនទទួលខុសត្រូវចំពោះសំណុំរឿងនេះ ។ នៅក្នុងកិច្ចសន្យាកសាងសាលានេះ ភាគីលោកពាំង គឹមថូន យល់ព្រមទូទាត់ប្រាក់ទាំងស្រុងឲ្យអ្នកម៉ៅការបន្ត ក៏ដូចជាកម្លាំងពលកម្ម នៅពេលសាងសង់រួចរាល់ ។ ប៉ុន្តែសាលាបានកសាងរួចរាល់ជាយូរខែមកហើយ ពួកគេមិនឃើញចេញមុខមកទទួលខុសត្រូវនោះឡើយ ។
រឿងរ៉ាវខាងលើនេះជំពាក់វាក់វិនស្មុគស្មាញដោយសារតែពួកដេញថ្លៃកសាងសាលាបានពីក្រសួងអប់រំ លេងល្បិចជាមួយអ្នកម៉ៅការបន្ត ។ ពួកគេទម្លាក់ការទទួលខុសត្រូវពីម្នាក់ទៅម្នាក់ នៅក្នុងហ្វូងក្រុមហ៊ុនពួកខ្លួន ។ ពួកគេបង្ហាញមុខ មនុស្សជាច្រើន ដែលថា ជាអ្នកទទួលខុសត្រូវរឿងលុយកាក់ ក្នុងការកសាងសាលាទាំងពីរកន្លែង ។ ក្នុងនោះមានដូចជាឈ្មោះ មាស សុវណ្ណី, ជា វង្សចិន្តា និងពាំង គឹមថូននេះជាដើម ។ ពួកគេទម្លាក់ការទទួលខុសត្រូវឲ្យគ្នាទៅវិញទៅមក ធ្វើឲ្យអ្នកម៉ៅការបន្ត រកអ្នកទទួលខុសត្រូវមិនឃើញ។
ករណីខាងលើនេះ ត្រូវបានក្រុមកម្មករអះអាងថា មានការលូកដៃពីក្រុមមន្ត្រីក្រសួងអប់រំ ដែលពាក់ព័ន្ធនឹងផ្នែកកសាងសំណុំរឿងនេះ ។ បើគ្មានការឃុបឃិតពីពួកមន្ត្រីក្រសួងអប់រំទេនោះ ក្រុមអ្នកដេញថ្លៃកសាងសាលាទាំងនេះមិនអាចធ្វើអី្វបានតាមអំពើចិត្តនោះឡើយ ។ គេរំពឹងថា លោករដ្ឋមន្ត្រី ហង្ស ជួនណារ៉ុង មិនបណ្តោយឲ្យក្រុមឈ្លើងក្នុងក្រសួងអប់រំ ធ្វើព្យុះ ធ្វើភ្លៀងធ្វើបាបកម្មករ តាមអំពើចិត្តនោះឡើយ ៕ ហេង សូរិយា