ព័ត៌មានទាន់ហេតុការណ៍៖

លិខិតមិត្តអ្នកអាន៖ ទំពាំងស្នងឫស្សីកំពុងវក់នឹងស្រាបៀរកម្ពុជា

ចែករំលែក៖

ដូចឃើញក្នុងរូបភាព ដែលត្រូវបានបង្ហោះនៅក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកបញ្ជាក់ឲ្យឃើញថា ក្រុមទំពាំងស្នងឫស្សីកម្ពុជាកំពុងវក់នឹងការទទួលទានស្រាបៀរកម្ពុជា ។ ទិដ្ឋភាពបែបនេះ មិនដឹងថា តើអនាគតរបស់ពួកគេនឹងទៅជាយ៉ាងណា បើពួកគេផ្តុំក្បាលគ្នាទទួលស្រាបៀរកម្ពុជាទាំងព្រឹកយ៉ាងដូច្នេះ ។ បែបនេះ វាជាមោទនភាពមួយសម្រាប់ស្រាបៀរកម្ពុជា ដែលមិនលើកលែង សូម្បីក្រុម«ទំពាំងស្នងឫស្សី» នៅកម្ពុជានោះ ។

ក្នុងនាមខ្ញុំបាទជាប្រជាពលរដ្ឋម្នាក់ មានអារម្មណ៍អាណោចអាធ័មចំពោះក្រុម«ទំពាំងស្នងឫស្សី» ទាំងនេះ ។ នៅគ្រាដែលខ្ញុំបាទ និងពលរដ្ឋខ្មែរមួយចំនួនផ្សេងទៀតមានអារម្មណ៍សោកស្តាយអាណោចអាធ័មចំពោះក្រុម «ទំពាំងស្នងឫស្សី» នេះ ក្រុមហ៊ុនស្រាបៀរកម្ពុជាប្រាកដណាស់ថា គេមានមោទនភាព នៅពេលដែលអាចទាក់ទាញក្រុម«ទំពាំងស្នងឫស្សី» ឲ្យទទួលទានស្រាបៀររបស់ក្រុមហ៊ុនគេទាំងព្រឹកព្រលឹមនោះ ។

ព្រះរាជាណាចក្រកម្ពុជាគ្មានច្បាប់ណាហាមឃាត់ក្រុម«ទំពាំងស្នងឫស្សី» មិនឲ្យទទួលទានស្រាបៀរកម្ពុជានោះឡើយ ។ ដូច្នេះ វារឹតតែជាមោទនភាពរបស់ក្រុមហ៊ុនស្រាបៀរកម្ពុជា ដែលមានវិធីសាស្ត្រយ៉ាងល្អប្រសើរ អាចទាក់ទាញក្រុម«ទំពាំងស្នងឫស្សី» ឲ្យទទួលទានស្រាបៀរក្រុមហ៊ុនខ្លួន នៅគ្រាដែលផលិតផលស្រាបៀរក្រុមហ៊ុនផ្សេងមិនអាចធ្វើបាន ។ មានន័យថា ក្រុមហ៊ុនស្រាបៀរកម្ពុជាបានរួមចំណែកយ៉ាងធំធេងក្នុងការបណ្តុះធនធានមនុស្ស ជាពិសេសក្រុម«ទំពាំងស្នងឫស្សី» ឲ្យវក់វីនឹងការទទួលទានស្រាបៀរទាំងក្មេងខ្ចីនេះ ។ វាជាមោទនភាពរបស់ក្រុមហ៊ុនស្រាបៀរកម្ពុជា ដែលអាចទាក់ទាញទឹកចិត្តក្រុម«ទំពាំងស្នងឫស្សី» ឲ្យមានមោទនភាពជាមួយខ្លួនចំពោះប្រទេសជាតិ ។

យោងទៅលើទិដ្ឋភាពបែបនេះ សម្រាប់ខ្ញុំបាទយល់ឃើញថា ក្រសួងអប់រំ គួរតែផ្តល់ពានរង្វាន់ប្រកបដោយមោទនភាពមួយជូនក្រុមហ៊ុនស្រាបៀរកម្ពុជា ដែលមានចំណុចពិសេសខ្លាំងជាងគេ ក្នុងការដែលអាចទាក់ទាញក្រុម «ទំពាំងស្នងឫស្សី» ឲ្យចេះក្រេបជញ្ជក់ស្រាបៀរកម្ពុជា ។ ចំណុចនេះ វាជាកញ្ចក់មួយ សម្រាប់ឲ្យសង្គមមើលអំពីអនាគតរបស់ក្រុម«ទំពាំងស្នងឫស្សី» ដែលត្រូវបានស្រាបៀរកម្ពុជាពង្វក់ឲ្យវក់វីតាំងពីក្មេងវ័យ ។ តើក្រុមយុវជនដែលជាទំពាំងស្នងឫស្សីមានមោទនភាពឬទេចំពោះស្រាបៀរកម្ពុជា? ៕ ប្រជាពលរដ្ឋម្នាក់


ចែករំលែក៖