ភ្នំពេញ៖ បុរស៥នាក់ត្រូវបានសមត្ថកិច្ចនគរបាលរដ្ឋបាលប៉ុស្តិ៍ឃ្មួញ ឃាត់ខ្លួន បន្តបន្ទាប់គ្នា ដែលជំហ៊ានដំបូងពាក់ព័ន្ឋការប្រើអំពើហិង្សា លុះពេលសួរនាំជនដៃដល់ បានប្រាប់ប៉ូលិសថា ភាគីគូទំនាស់ខ្លួន ជាក្រុមបងធំជួញដូរ និងប្រើថ្នាំញៀនរាល់ថ្ងៃ ទើបប៉ូលិសតាមចាប់ខ្លួនបន្ថែមទៀត។
ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោង១០និង៤៥នាទីព្រឹក ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៧ នៅក្នុងភូមិសែនសុខទី១ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
លោក ញាណ នន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ឃ្មួញ បានមានប្រសាសន៍ថា ករណីនេះ កាលពីវេលាម៉ោង២២និង១៥នាទី ថ្ងៃទី២៣ ខែមិថុនា មានករណីឃាត់ខ្លួនបុរស២នាក់ ឈ្មោះផុន ចាន់ធួន អាយុ៣២ឆ្នាំ និងម៉ៅ លំអៀង អាយុ២០ឆ្នាំ ពាក់ព័ន្ឋកាប្រើអំពើហិង្សា វាយមួយដៃ ទៅលើគូទំនាស់ ដែលនៅក្បែរផ្ទះគ្នា មិនមានរបួសធ្ងន់ធ្ងរអ្វីទេ តែភាគីខាងរងគ្រោះបានប្តឹងឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់។
ប្រភពដដែលបានបញ្ជាក់ថា លុះពេលព្រឹកឡើងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៧ សមត្ថកិច្ចមកសួរនាំជនបង្កដែលប្រើហិង្សាមកលើគេអ្នកដទៃ ជននោះក៏បានប្រាប់ប៉ូលិសថា គូទំនាស់របស់ខ្លួនម្នាក់នោះ មានគូកនជក់ថ្នាំញៀន និងជាក្រុមបងធំផងដែរ។
ក្រោយទទួលបានព័ត៌មាននេះ ប៉ូលិសបានទៅឆែកឆេរផ្ទះជនសង្ស័យនោះ នៅវេលាម៉ោង១០និង៤៥នាទីព្រឹក ថ្ងៃទី២៤ ខែមិថុនា រកឃើញថ្នាំញៀន១កញ្ចប់ និងឧបករណ៍ជក់ ដាវ១ដើម និងបានឃាត់ខ្លួនបុរស៣នាក់បន្ថែមទៀត នៅក្នុងរង្វង់ប្រតិបត្តិការនោះដែល ១/ឈ្មោះ ធី សុខពៅ អាយុ២០ គ្មានមុខរបរ មានទីលំនៅសហគមន៍សែនសសុខ១ ២ / ឈ្មោះ ស្រី យ៉ា ភេទប្រុស អាយុ២៦ឆ្នាំគ្មានមុខរបរ ស្នាក់នៅភូមិខែនសុខ២ និង ៣/ ឈ្មោះ ឃី សម្បត្តិ អាយុ២៥ឆ្នាំ គ្មាន មុខរបរ មានទីលំនៅភូមិសែនសុខ២ សង្កាត់ឃ្មួញ។
ប៉ូលិសបានឃាត់ខ្លួនជនទាំង៥នាក់ ដោយដាក់បន្ទុកចោទប្រកាន់ថា ប្រើប្រាស់ថ្នាំញៀនខុសច្បាប់ បន្ទាប់ពីត្រួតពិនិត្យទឹកនោមពួកគេទាំងនោះរួចមក៕ តុង សីហា