ភ្នំពេញ៖អ្នកស្រី ឃួន ម៉ាលីន រិះគន់ក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍ សាកសួរមានភាពលម្អៀងទៅភាគីដើមបណ្ដឹងដែលជាឈ្មួញដីដ៏ល្បី ។ ភាគីជនជាប់ចោទ សង្ឃឹមថា សាលាឧទ្ធរណ៍នឹងផ្តល់យុត្តិធម៌ជូនអ្នកស្រី ព្រោះអ្នកស្រី អះអាងថា ពុំបានប្រព្រឹត្តដូចការចោទប្រកាន់នោះទេ ។
សាលាឧទ្ធរណ៍ នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧ លើកយកសំណុំរឿងព្រហ្មទណ្ឌមួយ មកបើកសវនាការជំនុំជម្រះដោយមានអ្នកស្រី ឃួន ម៉ាលីន ជាជនជាប់ចោទ ឈ្មោះ ហ៊ុន ប៊ុនធឿន ហៅតាលាង ជាឈ្មួញដីដ៏ល្បីជាដើមបណ្ដឹង និង មានលោក ប៉ាក ច័ន្ទសំបូរ ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ និង លោក ជា ម៉េត ជាតំណាងមហាអយ្យការ ។
នាពេលសវនាការ អ្នកស្រី ឃួន ម៉ាលីន នៅតែបដិសេធថា ពុំបានប្រព្រឹត្តដូចការចោទប្រកាន់នោះទេ ។ រឿងរ៉ាវទាំងអស់នេះ សុទ្ធតែជាការរៀបចំទម្លាក់កំហុស ដើម្បីដាក់បន្ទុកអ្នកស្រីតែប៉ុណ្ណោះ ។
អ្នកស្រី អះអាងថា ពេលសាកសួរអ្នកស្រីនិងសាក្សីពីររូប នោះ អ្នកស្រី កត់សម្គាល់ឃើញថា ក្រុមប្រឹក្សាជំនុំជម្រះ ហាក់មានភាពលម្អៀងទៅភាគីដើមបណ្ដឹង ពោលគឺរាល់សំណួរ សុទ្ធតែសម្លុតដើម្បីបំបាក់ស្មារតី ភាគច្រើនជាការសួរដាក់បន្ទុកទាំងអស់ ។
លោក វ៉ា ពិសី ជាមេធាវីជនជាប់ចោទ សន្និដ្ឋានថា សាលាឧទ្ធរណ៍គម្បីច្រានចោលសាលដីកាកំបាំងមុខវិញ ហើយផ្តល់ភាពយុត្តិធម៌ជូនអ្នកស្រី ឃួន ម៉ាលីន ។
ទោះបីយ៉ាងណា ក្រោយការសួរដេញដោលពេញមួយព្រឹក លោកចៅក្រម ប៉ាក ច័ន្ទសំបូរ លើកពេលប្រកាសសាលដីការឿងក្ដីនេះទៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៧ ខាងមុខនេះវិញ ។
គួរបញ្ជាក់ថា កាលពីសាលាឧទ្ធរណ៍សម្រេចដោយកំបាំងមុខឲ្យអ្នកស្រី ឃួន ម៉ាលីន ចាញ់ក្តី នោះ អ្នកស្រី បានរិះគន់ មកលើចំណាត់ការ របស់សាលាឧទ្ធរណ៍ថា បានបំពាននីតិវិធី និងរំលោភសមត្ថកិច្ច របស់អាជ្ញាធរជាតិ ដោះស្រាយទំនាស់ដីធ្លី ព្រមទាំងបំពាន លិខិតរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។ អ្នកស្រី ឃួន ម៉ាលីន សំណូមពរយ៉ាងទទូច ដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា មេត្តាពិនិត្យ និងអន្តរាគមន៍ ចំពោះករណីនេះផង។
ការរិះគន់មកលើចំណាត់ការនីតិវិធី របស់ សាលាឧទ្ធរណ៍នាពេលនេះ បន្ទាប់ពី ចៅក្រមសាលាឧទ្ធរណ៍ លោក ប៉ាក ច័ន្ទសំបូរ បានជំនុំជម្រះរឿងក្តីនេះ និង ប្រកាសសាលដីកា ដោយកំបាំងមុខ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧ សម្រេចឲ្យ លោក ហ៊ុន ប៊ុនធឿន ហៅតាលាង ឈ្នះក្ដី ពាក់ព័ន្ធបញ្ហាទំនាស់ដីធ្លី ដែលមានទំហំ ជាង១០ហិកតា ស្ថិតនៅភូមិទំនប់ និងភូមិ បាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
អ្នក ស្រី ឃួន ម៉ាលីន បានបញ្ជាក់ថា កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧កន្លង ទៅលោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានចេញលិខិតមួយ ជម្រាបជូន ប្រធានសាលាឧទ្ធរណ៍ និងអគ្គព្រះរាជ អាជ្ញាអមសាលាឧទ្ធរណ៍ ដែលមានកម្មវត្ថុ ស្នើឲ្យសុំអន្តរាគមន៍ ទៅសាលាឧទ្ធរណ៍ ដើម្បីបង្អង់នីតិវិធី និងលើកពេលសវនា ការសំណុំរឿងព្រហ្មទណ្ឌ និងសំណុំរឿងរដ្ឋប្បវេណី រង់ចាំសេចក្ដីសម្រេច ពីអាជ្ញាធរជាតិ ដោះស្រាយទំនាស់ដីធ្លី។ ប៉ុន្តែជាក់ស្តែង សាលាឧទ្ធរណ៍ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧ បានជំនុំជម្រះរឿងក្តីនេះ ដោយកំបាំងមុខហើយនៅថ្ងៃទី៣១ ខែ មីនា បានប្រកាស សាលដីកាតម្កល់សាលក្រម សាលាដំបូងរាជធានីភ្នំពេញ ទុកជាបានការដដែល ។
លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បញ្ជាក់ ក្នុងលិខិតថា កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ ២០១៧ ឈ្មោះ ឃួន ម៉ាលីន បានគោរព ស្នើសុំអន្តរាគមន៍ ពីសម្តេចតេជោនាយករដ្ឋមន្ត្រី ឲ្យស្ថាប័នជំនាញពាក់ព័ន្ធ បំពេញ នីតិវិធីតាមផ្លូវច្បាប់ ដើម្បីកាត់ផ្ទេរដីដែល មានវិញ្ញាបនបត្រសម្គាល់អចលនវត្ថុ ទំហំ ២១.៣៨៤ម៉ែត្រការ៉េ ចេញពីដីទំហំ៧,៤ ហិកតា។ ខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី បានបញ្ជូនសំណើខាងលើនេះទៅ អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី ដើម្បី ពិនិត្យនិងលើកយោបល់គោរពជូន សម្តេចតេជោ នាយករដ្ឋមន្ត្រី ពិនិត្យនិងសម្រេច ដ៏ខ្ពង់ខ្ពស់ តាមរយៈលិខិតលេខ០២០៦ខន/ ០១៦ ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦ ។ ម្យ៉ាងវិញទៀត នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ ២០១៦ ទីស្ដីការគណៈរដ្ឋមន្ត្រី បានចេញលិខិតលេខ៨៣៩ សជណ ដែលមានខ្លឹមសារថា រាជរដ្ឋាភិបាលសម្រេចទុកលទ្ធភាព ជូនអាជ្ញាធរជាតិ ដោះស្រាយទំនាស់ដីធ្លី បន្តពិនិត្យ និងស្វែងរកយុត្តិធម៌ ជូនគូភាគីឲ្យបានត្រឹមត្រូវ ។ ដូចនេះ ម្ចាស់បណ្តឹងស្នើសុំបង្អង់នីតិវិធី និងលើកពេលសវនាការ សំណុំរឿង ព្រហ្មទណ្ឌ និងសំណុំរឿងរដ្ឋប្បវេណី រង់ចាំ សេចក្ដីសម្រេចពីអាជ្ញាធរជាតិ ដោះស្រាយទំនាស់ដីធ្លីសិន ។
ចុងក្រោយលោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សូមប្រធានសាលាឧទ្ធរណ៍ និងអគ្គព្រះរាជអាជ្ញា អមសាលាឧទ្ធរណ៍ មេត្តាពិនិត្យលទ្ធភាព លើសំណូមពររបស់ម្ចាស់បណ្តឹង ឲ្យស្របតាមនីតិវិធីនៃច្បាប់ ។
បញ្ហានេះត្រូវបានអ្នកស្រី ឃួន ម៉ាលីន អះអាងថា កំពុងទទួលរង នូវភាពអយុត្តិធម៌ ពីសំណាក់សាលាឧទ្ធរណ៍ ដែលហ៊ានបំពាន រំលោភសមត្ថកិច្ច របស់អាជ្ញាធរជាតិដោះ ស្រាយទំនាស់ដីធ្លី និងប្រឆាំងនឹងលិខិត របស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។
គួររំលឹកផងដែរថា ចំពោះរឿងក្តីនេះដែរ តែងមានភាពមិនប្រក្រតី ជាច្រើន បានកើតឡើង ដែលសាលាឧទ្ធរណ៍ បានកាត់ក្តីគ្រប់សំណុំរឿង ទាំងសំណុំរឿងព្រហ្មទណ្ឌ និង រដ្ឋប្បវេណីនាពេលកន្លងមក ហើយជុំវិញ បញ្ហាទាំងអស់នេះ៕ ចេស្តា