ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលអន្តោប្រវេសន៍ឃាត់ខ្លួនជនជាតិវៀតនាម១៤នាក់នៅសង្កាត់ច្រាំងចំរេះ២

ចែករំលែក៖

ភ្នំពេញៈ កម្លាំងនគរបាលនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធី សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍សង្កាត់ច្រាំងចំរេះទី២និង ក្រោមការសម្របសម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ បានឃាត់ខ្លួនជនអន្តោប្រវេសន៍វៀតណាមចំនួន១៤នាក់ ដើម្បីត្រួតពិនិត្យឯកសារស្នាក់នៅ និងឯកសារមួយចំនួន។

ប្រតិបត្តិការនេះប្រព្រឹត្តទៅកាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧នេះ នៅសង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ ។

លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានមានប្រសាសន៍ឲ្យដឹងថា ជាលទ្ធផលនៃការចុះពិនិត្យនោះ សមត្ថកិច្ចបានឃាត់ខ្លួនជនជាតិវៀតណាម ចំនួនន១៤នាក់ ក្នុងនោះមាន ស្រី៣នាក់ សុទ្ធសឹងគ្មានលិខិតឆ្លងដែនជាប់ខ្លួន បានមករស់នៅ និងធ្វើការងារនៅប្រទេសកម្ពុជាដោយខុសច្បាប់ដោយគ្មានឯកសារស្នាក់នៅមកបង្ហាញសមត្ថកិច្ចនោះឡើយ ។

ដូច្នេះជនជាតិវៀតណាមទាំងនេះនឹង ត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ក្រសួងមហាផ្ទៃដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ហើយប្រសិនបើរកឃើញថាពួកគេរស់នៅធ្វើការងារគ្មានច្បាប់ទម្លាប់ត្រឹមត្រូវ ឬ លួចឆ្លងដែនចូលកម្ពុជាខុសច្បាប់ យើងនិងធ្វើ បែបបទបញ្ជូនទៅស្រុកកំណើតវិញ ៕ អរុណរះ


ចែករំលែក៖