ខេត្តព្រះសីហនុ ៖ ឃ្លាំងសម្ភារសំណង់ យីហោ ងី ឆែ កំពុងបង្កភ័យខ្លាចដល់ប្រជា ពលរដ្ឋនៅជុំវិញពេលរថយន្តដឹកទំនិញ របស់ឃ្លាំងមួយនេះបានរអិលបុកផ្ទះប្រជា ពលរដ្ឋជាច្រើនលើកច្រើនសា ។ ជាក់ស្តែង នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧នេះ រថយន្តដឹកស៊ីម៉ងត៍របស់ឃ្លាំងមួយនេះបានរអិលបុកផ្ទះអ្នកលក់អង្ករជាលើកទី២ ប៉ុន្តែពុំមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សណាម្នាក់នោះទេ ។
យោងតាមប្រភពពីស្ត្រីម្ចាស់ផ្ទះរងគ្រោះឈ្មោះ សុខ សារ៉ន អាយុ៥០ឆ្នាំ មានទីលំ នៅកន្លែងកើតហេតុ ស្ថិតក្នុងភូមិ១ សង្កាត់ លេខ២ ក្រុងព្រះសីហនុបានឲ្យដឹងថា បច្ចុប្បន្ននេះ រូបគាត់កំពុងមានការភ័យខ្លាចយ៉ាងខ្លាំងពេលផ្ទះរបស់គាត់ត្រូវបានរថយន្តដឹកគ្រឿងសំណង់របស់ឃ្លាំងងីឆែរអិលបុកទ្វារនិងរបង ចូលក្នុងផ្ទះជាច្រើនលើកតែពុំបណ្តាលឲ្យរូបគាត់ ឬក៏សមាជិក គ្រួសារណាម្នាក់គ្រោះថ្នាក់នោះទេ។
ជាក់ស្តែងនានាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧នេះ រថយន្តដឹកស៊ីម៉ងត៍របស់ ឃ្លាំងមួយនេះម៉ាកហ៊ីណូ ពណ៌ប្រផេះ ពាក់ ស្លាកលេខព្រះសីហនុ4A-1927 បើកបរ ដោយឈ្មោះឆាយ សាវិន ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅភូមិអង្គសុភី ឃុំអង្គ សុភី ស្រុកកំពង់ត្រាច ខេត្តកំពតបានរអិល បុកចូលផ្ទះរបស់គាត់បង្កឲ្យសម្ភារនិងអង្ករនៅក្នុងផ្ទះរបស់គាត់ខូច ខាតជាអន្លើៗ។
ប្រភពដដែលបានបន្តថា នៅប៉ុន្មាន សប្តាហ៍មុនរថយន្តរបស់ឃ្លាំងគ្រឿង សំណង់មួយនេះ ក៏ធ្លាប់បានរអិលចូលផ្ទះ របស់គាត់ម្តងដែរ ហើយរឿងនេះមិនទាន់ ដោះស្រាយចប់នៅឡើយទេស្រាប់តែនៅព្រឹកថ្ងៃទី២៩ ខែមិថុនានេះបានរអិលម្តង ទៀត ។ ក្នុងនាមរូបគាត់ជាជនរងគ្រោះ សូមអំពាវនាវ និង ស្នើសុំយ៉ាងទទូចដល់ស្ថាប័នពាក់ព័ន្ធ សូមមេត្តាជួយដោះស្រាយ និងពិនិត្យទៅលើឃ្លាំងលក់គ្រឿងសំណង់នេះផង ព្រោះកន្លងមកឃ្លាំងលក់គ្រឿង សំណង់មួយនេះតែងតែបង្កការធុញទ្រាន់នឹងគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋធ្វើដំណើរ ដោយសារតែរថយន្តធំៗរបស់ឃ្លាំងមួយនេះឈប់កណ្តាលផ្លូវ យកផ្លូវធ្វើជាចំណត បង្កការកកស្ទះចរាចរណ៍ជាញឹកញាប់ ផងដែរ ។
ជុំវិញបញ្ហានេះ លោកវរសេនីយ៍ឯក អ៊ី សុខា ស្នងការរងទទួលផែនសណ្តាប់ធ្នាប់ បានបញ្ជាក់ថា ពាក់ព័ន្ធទៅនឹងការរិះគន់ទៅលើឃ្លាំងមួយនេះលោកនឹងកោះហៅ ម្ចាស់ឃ្លាំងមកអប់រំណែនាំអំពីការលើកដាក់ទំនិញចូលក្នុងឃ្លាំង ។ ដោយឡែកចំពោះ រថយន្តដែលបង្កឲ្យប៉ះពាល់លោកនឹងដោះ ស្រាយទៅតាមផ្លូវច្បាប់ ៕ ឆ្លាមសមុទ្រ