ខេត្តស្វាយរៀងៈ លោកកែវ គង់អធិការនគរបាលក្រុងបាវិតបានអោយដឹងនៅរសៀលថ្ងៃទី៣០ ខែមិថុនាឆ្នាំ២០១៧ថាកាស៊ីណូឡឺម៉ាកាវ ដែលឆេះកាលពីម្សិលមិញនេះ មិនទាន់សរុបការខូចខាតសម្ភារ ទ្រព្យសម្បត្តិថា អស់ចំនួនប៉ុន្មាននៅឡើយ ដោយខាងក្រហ៊ុនកំពុងជាប់រវល់មិនទាន់អោយរបាយការណ៍ណាជាក់លាក់នោះទេ។
លោកបន្តថា ក្រោយពីមានអគ្គីភ័យកើតឡើង គឺកម្លាំងនគរបាល ក៏ដូចជាកម្លាំងកងរាជអាវុធហត្ថបានសហការគ្នាយ៉ាងសស្រាក់សស្រាំជួយបាញ់ពន្លត់គ្នានិងមានភាគីខាងប្រទេសវៀតណាម ក៏មកអន្តរាគមន៍ផងដែរ។
ចំពោះលោកសេង សីលា អភិបាលក្រុងបាវិតបានអោយដឹងតាមទូរសព្ទ័ដែរថាខាងកាស៊ីណូមិនទាន់អោយរបាយការណ៍ជាក់លាក់ណាមួយចំពោះសម្ភារ ទ្រព្យសម្បត្តិដែលរងការខូចខាតដោយអគី្គភ័យផងដែរ។
លោកបន្តថា ករណីអគ្គីភ័យ កាសុីណូខាងលើនេះមិនបណ្តាលឱ្យមានគ្រោះថ្នាក់ដល់មនុស្សឡើយ។
គួរបញ្ជាក់ឡើងវិញថា នៅរសៀលថ្ងៃទី២៩ ខែ មិថុនា ឆ្នាំ ២០១៧ វេលាម៉ោង១៤និង១០នាទី មានករណី អគ្គីភ័យឆេះឡើងសន្ធោសន្ធៅដោយ កើតឡើង នៅ កាសុីណូឡឺម៉ាកាវ (អគារចាស់ ខាងមុខ) ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិតខេត្តស្វាយរៀង បណ្តាលឱ្យឆេះខូចខាតពិតាន និង សម្ភារនៅខាងក្នុងអគារទាំងស្រុង។
យោងតាមមន្ត្រី កងរាជអាវុធហត្ថខេត្តស្វាយរៀងបានអោយដឹងថា ក្នុងប្រតិបត្តិការនេះ លោក
ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀងបានដឹកនាំកម្លាំង និងសហការជាមួយអាជ្ញាធរមូលដ្ឋាន ក៏ដូចជានគរបាលខេត្តក្រុងដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន ១១ គ្រឿង ក្នុងនោះមាន៖
រថយន្តពន្លត់អគ្គីភ័យខាងប្រទេសកម្ពុជាចំនួន ០៥គ្រឿង (កងរាជអាវុធហត្ថ ០២គ្រឿង និង នគរបាល ០៣ គ្រឿង ) រថយន្តពន្លត់អគ្គីភ័យខាងប្រទេសវៀតណាមចំនួន ០៦ គ្រឿង ។
សូមបញ្ជាក់ ករណីអគ្គីភ័យ កាសុីណូខាងលើ នេះមិនបណ្តាលឱ្យមានគ្រោះថ្នាក់ដល់មនុស្សឡើយ។
ប្រភពបន្តថា មូលហេតុ: បណ្តាលមកពីជាងផ្សាដែកខ្វះការ ប្រុងប្រយ័ត្នក្នុងពេលកំពុងផ្សាធ្វើអោយធ្លាក់កំទិចផ្កាភ្លើងចំះអេប៉ុងផងដែរ ៕ យឹម សុថាន