ភ្នំពេញ ៖ យុវជន២នាក់បងប្អូន មានវ័យក្រោមអាយុ២០ឆ្នាំ បាននាំគ្នាទិញថ្នាំញៀនមកជក់រហូតវង្វេងស្មារតី វាយតប់បោកបោះសម្ភារៈក្នុងផ្ទះ និងស្រែកឡូឡាបង្កការអុកឡុកផ្អើលអ្នកភូមិ ដោយសារពួកគេខឹងឪពុករបស់ខ្លួន ដែលមានប្រពន្ឋចុងងប់ងុលពេក មិនរវល់គិតគូរដល់ពួកគេជាកូនៗបង្កើតនោះ។
ហេតុការណ៍នេះ បានកើតឡើងជាញឹកញយ ដែលចុងក្រោយបានកើតឡើងនៅវេលាម៉ោង១១ព្រឹក ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ នៅក្នុងភូមិត្រពាំងរាំងចាស់ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ហើយត្រូវបានឪពុកប្តឹងប៉ូលិសអោយមកចាប់កូនរបស់ខ្លួនយកទៅចាត់ការតាមផ្លូវច្បាប់។
បងប្អូនប្រុសទាំង២នាក់ ដែលសមត្ថកិច្ចបានឃាត់ខ្លួនតាមបណ្តឹងរបស់ឪពុកនោះ ទី១/ឈ្មោះ ចាន់ ដារ៉ា អាយុ ២០ឆ្នាំ មុខរបរមិនពិតប្រាកដ។ ទី/២ ឈ្មោះ ចាន់ រស្មី អាយុ ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ទាំងពីរនាក់បងប្អូនស្នាក់នៅភូមិត្រពាំងរាំងចាស់ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។
សមត្ថកិច្ចបានអោយដឹងថា ក្រោយពីឪពុកជនទាំងពីរនាក់ប្តឹងមកសមត្ថកិច្ចថា កូនគាត់ទាំងពីរនាក់តែងតែរករឿង អុកឡុកក្នុងផ្ទះកន្លងមក និងពេលនេះទៀត ទើបសមត្ថកិច្ចចុះទៅឃាត់ខ្លួនដល់ផ្ទះតែម្តង យកមកកាន់អធិការខណ្ឌសែនសុខ ដើម្បីធ្វើតេស្តិ៍ទឹកនោម រកសារធាតុញៀន ក្រោយពីធ្វើតេស្តិ៍ ឃើញថា យុវជនទាំងពីរនាក់គឺមានផ្ទុកនូវសារធាតុញៀនពិតប្រាកដមែន ទើបឃាត់ខ្លួនជាផ្លូវការ។
ចំពោះមុខសមត្ថកិច្ច យុវជនទាំងពីរនាក់បានសារភាពថា ពួកគេពិតជាបានជក់ប្រើប្រាស់ពិតប្រាកដមែន។
ពួកគេបន្តថា មូលហេតុដែលខ្លួនអុកឡុកក្នងផ្ទះដូច្នេះគឺ ដោយសារតែខឹងឪពុកមានប្រពន្ធចុង ហើយតែងតែរករឿង និងដេញពួកខ្លួនចេញពីផ្ទះរាល់ថ្ងៃ ទើបពួកគេមួរម៉ៅ និងអុកឡុកក្នុងផ្ទះតែម្តង។
បច្ចុប្បន្ន យុវជនទាំងពីរនាក់បងប្អូនត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការ
ដ្ឋានខណ្ឌសែនសុខ ចោទពីបទប្រើប្រាស់គ្រឿងញៀនខុសច្បាប់៕ តុង សីហា