ខេត្តបាត់ដំបងៈ លោកស្នងការជាប់ព្រំដែនរវាងកម្ពុជា-ថៃ ខេត្តបាត់ដំបង និងខេត្តច័ន្ទ បុរី បានបើកកិច្ចប្រជុំមួយដើម្បីជជែកដោះស្រាយ ជុំវិញនៃការអនុវត្តច្បាប់អន្តោប្រវេស៍ តាមព្រះរាជ្យក្រឹត្យថៃ ដែលអនុវត្តទៅលើពលករបរទេស ចូលធ្វើការងារខុសច្បាប់ និងផាកពិន័យជាទឹកប្រាក់ធ្ងន់ដល់និយោជក ឬម្ចាស់ក្រុមហ៊ុនដែលបានលាក់ទុកពលករបរទេសខុសច្បាប់ឱ្យស្នាក់នៅធ្វើការនៅក្នុងប្រទេសថៃ ក្នុងនោះក៏មានពលករខ្មែរនោះផងដែរ។
កិច្ចប្រជុំរវាងសមត្ថកិច្ចនៃខេត្តទាំង២ កម្ពុជា-ថៃបានធ្វើឡើងកាលពីព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៧ នៅខេត្តច័ន្ទ បុរី ប្រទេសថៃ ភាគីកម្ពុជា ដឹកនាំប្រតិភូដោយលោកឧត្តមសេនីយ៍ទោ ស ថេត ស្នងការនគរបាលខេត្តបាត់ដំបង ចំណែកភាគីថៃដឹកនាំប្រតិភូ ដោយលោក ការ៉ាន ចានីសជុន ស្នងការនគរបាលខេត្តច័ន្ទបុរី។
កិច្ចប្រជុំរវាងសមត្ថកិច្ចខេត្តបាត់ដំបង និងខេត្តច័ន្ទ បុរី នោះដែរ ក្រោយអាជ្ញាធរនិងសត្ថកិច្ចថៃ កំពុងតែអនុវត្តច្បាប់អន្តោប្រវេសន៍តាមព្រះរាជក្រឹត្យស្តេចថៃ នៃការគ្រប់គ្រងកែសម្រួលជនបរទេស ដែលបានចូលស្នាក់នៅ ធ្វើការងារខុសច្បាប់ក្នុងប្រទេសថៃនៅឆ្នាំ២០១៧ ដែលបានអនុវត្តក្នុងរយៈពេលប្រហែលជាង១សប្តាហ៍នោះមកហើយ។
ការអនុវត្តច្បាប់អន្តោប្រវេសន៍ថ្មីនេះដែរ បើតាមសេចក្តីរាយការណ៍ពីប្រធានគណៈកម្មការច្រកអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង ឈម នឹងច្រកបានឡែម ស្រុកពោណាំរ៉ង ខេត្តច័ន្ទ បុរី លោក ហម សំខាន់ បានប្រាប់ឱ្យដឹងនៅរសៀលថ្ងៃទី៥ ខែកក្កដាថា រយៈពេល៤ថ្ងៃចុងក្រោយនេះ គិតចាប់បីថ្ងៃទី២ រហូតដល់វេលារសៀលថ្ងៃទី៥ ខែកក្កដា មានពលករខ្មែរចំនួន១៤៥០នាក់នោះហើយ ក្នុងនោះមានស្រី៥៥៤នាក់ និងកុមារ៣៧នាក់ត្រូវបានសមត្ថកិច្ចថៃចាប់បញ្ជូន មកស្រុកខ្មែរវិញ តាមច្រកអន្តរជាតិដូងស្រុកកំរៀង។
កិច្ចប្រជុំខាងលើនោះដែរ លោកស្នងការនគរបាលខេត្តបាត់ដំបង ឧត្តមសេនីយ៍ទោ ស ថេត ក៏បានលើកឡើងនិងសំណូមពរឱ្យសមត្ថកិច្ចថៃមេត្តាយោគយល់អធ្យាស្រ័យដល់ពលករខ្មែរ ដែលបានធ្វើការងារខុសច្បាប់ និងស្របច្បាប់នៅក្នុងប្រទេសថៃ គឺធ្វើយ៉ាងណាកុំប្រើអំពើហិង្សា អនុវត្តលើគោលការណ៍គោរពសិទ្ធិមនុស្ស និងជាពិសេសអនុវត្ត ផ្អែកលើគោការណ៍នៃការចុះOMU យោគយល់គ្នាទៅវិញទៅមករវាងកម្ពុជា និងថៃ ។
តមក លោកការ៉ាន ចានីសជុន ស្នងការនគរបាលខេត្តច័ន្ទបុរី ក៏បានឆ្លើយតបទៅភាគី កម្ពុជាវិញថា កន្លងមកលោកមើលឃើញថា រវាងសមត្ថិច្ចនៃខេត្តទាំង២ បាត់ដំបងនិង ច័ន្ទ បុរី មានកិច្ចសហប្រតិបត្តិការល្អក្នុងការចូលរួមបង្ការទប់ស្កាត់បទល្មើសគ្រប់ប្រភេទឆ្លងដែនខុសច្បាប់ និងធ្លាប់មានទស្សនកិច្ចរវាងថ្នាក់ដឹកនាំខេត្តទាំង២ទៅវិញទៅមកផងដែរ។
លោកអះអាងទៀតថា ការអនុវត្តច្បាប់អន្តោប្រវេសន៍ថ្មីនេះភាគីថៃគឺធ្វើឡើងតាមនីតិវិធី គោរពតាមគោលការច្បាប់របស់ប្រទេសថៃ និងពុំមានការធ្វើទារុណកម្មចំពោះពលករខ្មែរ នោះឡើយ។ លុះណាពលករខ្មែរប្រព្រឹត្តខុសច្បាប់ ដូចជាគ្រឿងញៀន និងបទល្មើសព្រហ្មទណ្ឌផ្សេងៗទៀត ទើបសមត្ថកិច្ចថៃចាប់យកមកអនុវត្តច្បាប់របស់ប្រទេសថៃ។
សូមបញ្ជាក់ថា ក្នុងដំណាក់កាលដែលភាគីថៃបានអនុវត្តច្បាប់អន្តោប្រវេសន៍ថ្មីនោះដែរ ដែលមានវិធានការទៅលើការផាកពិន័យទឹកប្រាក់ធ្ងន់ធ្ងរដល់និយោជក ឬម្ចាស់ក្រុមហ៊ុន លាក់ទុកពលករបរទេសខុសច្បាប់ក្នុងប្រទេសថៃ នាំឱ្យពលករខ្មែរធ្វើការងារខុសច្បាប់ នៅក្នុងប្រទេសថៃមានការជ្រួលច្របល់ ។ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា លោក អិដ្ឋ សំហេង កាលពីកន្លងទៅថ្មីនេះ ក៏បានចេញមកអំពាវនាវឱ្យពលករខ្មែរនៅក្នុងប្រទេសថៃរក្សាឱ្យមានភាពស្ងៀមស្ងាត់ ដោយរាជរដ្ឋាភិបាលកម្ពុជាកំពុងដោះស្រាយជាមួយភាគីថៃ និងមានបើកកិច្ចប្រជុំជួបចរចាជាមួយរដ្ឋាភិបាលថៃផងដែរ។
លោកលើកឡើងទៀតថា នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៧ លោកនឹងដឹកនាំគណៈប្រតិភូមួយក្រុមទៅកាន់ប្រទេសថៃ ដើម្បីជជែកដោះស្រាយជាមួយភាគីថៃ ជុំវិញ ពលករខ្មែរធ្វើការងារនៅក្នុងប្រទេសថៃនោះ។ លោកបញ្ជាក់ឱ្យដឹងទៀតថា បច្ចុប្បន្ននេះមានពលករខ្មែរជាង១លាននាក់បាននិងកំពុងស្នាក់នៅធ្វើការងារនៅក្នុងប្រទេសថៃ៕ សំ វិច្ឆិកា