ខេត្តតាកែវ៖ ទីតាំងដាំដើមកញ្ឆាចំនួន ៤៤ ទីតាំង ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកគិរីវង់ ដែលដឹកនាំដោយលោក យុក សារ៉ាត់ អធិការនគរបាលស្រុកចុះបង្ក្រាបនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ ២០១៧ វេលាម៉ោង ៦ និង ៤០ នាទីព្រឹក ស្ថិតនៅក្នុង ឃុំព្រះបានជាន់ជុំ ឃុំ ភ្នំឌិន ឃុំ គិរីចុងកោះ ឃុំ កំណប់ សរុបមានចំនួន ៤ ឃុំ។
យោងតាមសម្តីលោកវរៈសេនីយ៍ទោ យុក សារ៉ាត់ អធិការនគរបាលស្រុកគិរីវង់ បានឲ្យដឹងថា ដោយមានភាពសហការណ៍ពីសំណាក់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ជាមួយ និងកងកម្លាំងរបស់លោកនៅតាមមូលដ្ឋាន ទើបកំណត់មុខសញ្ញា និងទីតាំង ចម្ការ កញ្ឆាខាងលើនេះបាន ។
លោកបានបន្តទៀតថា ចម្ការកញ្ឆាស្ថិតនៅទាំង ៤ ឃុំនេះ មានសរុបចំនួន ៤៤ ទីតាំង មានចំនួន ១៤,៦២៦ ដើម មានអាងស្តុបទាំងដើមកញ្ឆាសរុប ៤០ អាង ។ លោកអធិការបានបញ្ជាក់ឲ្យដឹងទៀតថា កម្លាំងរបស់លោកកំពុងសហការជាមួយបងប្អូនប្រជាពលរដ្ឋដើម្បីស្វែងរកកញ្ឆាមួយចំនួនទៀត ដែលដាំនៅតាមតំបន់ភ្នំមួយចំនួន នៅក្នុងស្រុកគិរីវង់ លោកបានសន្យាថា លោកនឹងចាត់វិធានការដើម្បីទប់ស្កាត់ការដាំកញ្ឆានៅក្នុងមូលដ្ឋានរបស់លោកឲ្យបាន ។
បច្ចុប្បន្នកម្លាំងជំនាញរបស់លោកកំពុងតែស្វែងរកម្ចាស់កញ្ឆាទាំងនោះមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ៕ ភ្នំដា