ខេត្តស្វាយរៀងៈ រថយន្ត ម៉ាក TOYOTA HIGHLANDER បុកជាមួយម៉ូតូ SUZUKI SMART បើកបញ្ច្រាសគ្នាបណ្ដាលអោយអ្នកបើកម៉ូតូស្លាប់នៅក្នុងមន្ទីរពេទ្យខេត្ត កាលពីវេលាម៉ោង៧និង២០នាទីព្រលប់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ១ ភូមិទួលអំពិល សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ។
សមត្ថកិច្ចថា អ្នកបើកម៉ូតូដែលស្លាប់មានឈ្មោះ ព្រំ ដារ៉ា អាយុ២៤ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិទួលអំពិល សង្កាត់ច្រកម្ទេស ក្រុងបាវិត ខណៈជិះម៉ូតូម៉ាក SUZUKI SMART ពណ៌ខ្មៅ ស្លាកលេខ កណ្ដាល ១B -៧១០៥ខូចខាតយ៉ាងដំណំ។
ចំណែកអ្នកបើករថយន្តមានឈ្មោះ ណុប ប៊ុនលី ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរបើកបររថយន្ត មានទីលំនៅភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល ដោយត្រូវសមត្ថកិច្ចនគរបាលឃាត់ខ្លួនភ្លាមៗជាមួយរថយន្ត ម៉ាកTOYOTA HIGHLANDER ពណ៌ទឹកមាសពាក់ ស្លាកលេខ ភ្នំពេញ ២U-៧៨៩៨ផងដែរ។
សាក្សីថា ម៉ូតូធ្វើលើដំណើរពីលិចទៅកើត (មិនពាក់មួកសុវត្ថិភាព) លុះមកដល់ចំណុចខាងលើ ក៏បុកជាមួយរថយន្តបើកបរពីកើតទៅលិចបញ្ច្រាសទិសគ្នាពេញទំហឹង បណ្ដាលឲ្យអ្នកបើកបរម៉ូតូរងរបួសធ្ងន់ ក្រោយមកក៏ស្លាប់ នៅមន្ទីរពេទ្យ។
បច្ចុប្បន្ន សពត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។ រីឯវត្ថុតាង ព្រមទាំងអ្នកបើកបររថយន្ត ត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីបំពេញសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញ ចាត់ការតាមច្បាប់បន្ត។
សមត្ថកិច្ចនគរបាលបន្តថា ករណីគ្រោះថ្នាក់ចរាចរណ៏នេះ សមត្ថកិច្ចកំពុងស្រាវជ្រាវបន្តរកមូលហេតុ ៕ យឹម សុថាន