ខេត្តសៀមរាប៖ ដើម្បីបញ្ជៀសហានិភ័យប្រាសាទនិងរក្សាសុវត្ថិភាពភ្ញៀវទេសចរដើម្បីរក្សាបាននូវសុវត្ថិភាពជូន ភ្ញៀវទេសចរជាតិ និងអន្តរជាតិ និងការអភិ រក្សដល់ប្រាង្គប្រាសាទ ក្រុមអ្នកជំនាញ គ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និង បរិស្ថានបានកាប់ដើមស្ពង់ងាប់មួយដើមធំ ដែលដុះពីលើកំពែងផ្នែកខាងកើតនៃ ប្រាសាទតាព្រហ្ម។
លោក យ៉ិន សូវ៉ាត អនុប្រធាននាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាព វប្បធម៌ និងបរិស្ថាន បានលើកឡើងថា ដើមស្ពង់ ងាប់មួយដើមនេះ មានអង្កត់ផ្ចិតប្រហែល១៦០សង់ទីម៉ែត្រ និងកម្ពស់៣០ម៉ែត្រ បានងាប់ជាយូរមកហើយ មានសភាពពុក ផុយប្រហោងកណ្តាលនិងមិនអាចរក្សា លំនឹងនៃទម្ងន់ដើមរបស់វាបាន។
លោក សូវ៉ាត បានបន្តថា ការកាត់ក្រី នេះលោកនឹងរក្សាដើមទុកកម្ពស់៣ម៉ែត្រ ពីដី។ លោកថា មូលហេតុដែលត្រូវរក្សា ទុកនោះព្រោះដើមស្ពង់មានអនុស្សាវរីយ៍យ៉ាងច្រើនជាមួយភ្ញៀវទេសចរដែលមក ទស្សនាប្រាសាទតាព្រហ្ម និងចង់ឃើញ ដើមស្ពង់ដែលខ្លួនធ្លាប់ថតកាលពីមុនៗ។
ចំពោះជំហានបន្តទៀត បន្ទាប់ពីការកាត់ដើម ស្ពង់នេះ ក្រុមអ្នកជំនាញគ្រប់គ្រង ព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន នឹងបន្តកាត់ដើមត្រាងងាប់មួយដើមទៀតដែលស្ថិតនៅត្រង់កណ្តាលនៃប្រាសាទ តាព្រហ្មនេះដែរ។
កន្លងមកក្រុមជំនាញនៃអាជ្ញាធរជាតិ អប្សរាបានកាត់ក្រី ដើមឈើ មែកឈើ តាមបណ្តាវង់តូច វង់ធំនិងតាមបណ្តាប្រាង្គប្រាសាទនានានៅក្នុងតំបន់អង្គរផង៕ ហេង សូរិយា