ខេត្តបាត់ដំបង៖ ជនសង្ស័យម្នាក់ ក្នុងចំណោមជាបក្ខពួក២នាក់ ជាក្រុមចោរប្លន់ប្រដាប់អាវុធ បាញ់សម្លាប់ជនរងគ្រោះ២នាក់ យកម៉ូតូ១គ្រឿង នៅស្រុកបវេល ត្រូវបាននគរបាលខេត្តបាត់ដំបង សហការជាមួយនឹងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បង្រ្កាបចាប់ឃាត់ខ្លួន ដោយចំណាយពេលវេលា២ម៉ោងកន្លះ ក្នុងការជ្រាវស៊ើបអង្កេតលើករណីសំណុំរឿងអំពើប្លន់នោះ។
លោកឧត្តមសេនីយ៍ទោ ស ថេត ស្នងការនគរបាលខេត្តបាត់ដំបងបានប្រាប់ឱ្យដឹងនៅរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧ថា ជនសង្ស័យម្នាក់នោះ ជាអ្នកចូលរួមផ្សំគំនិត មានរៀបចំគម្រោងប្លន់ម៉ូតូជនរងគ្រោះ។ ចំណែកបក្ខពួកម្នាក់ទៀត រត់គេចខ្លួនបាត់ហើយ សមត្ថកិច្ចកំពុងតាមស្វែងរកចាប់ខ្លួនយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។
ការបង្រ្កាបឃាត់ខ្លួនជនសង្ស័យជាបក្ខពួកចោរប្លន់ប្រដាប់អាវុធបានសម្រេចនៅពេលនេះ ត្រូវគេមើលឃើញថា ក្រោមការអនុវត្តតាមបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ ស ថេត ស្នងការនគរបាលខេត្តបាត់ដំបង ដោយចាត់លោកឧត្តមសេនីយ៍ជេត វណ្ណី ស្នងការរងទទួលផែនព្រហ្មទណ្ឌ ដឹកនាំកម្លាំងចុះស្រាវជ្រាវស៊ើបអង្កេតផ្ទាល់ នៅកន្លែងកើតហេតុ។ ការឃាត់ខ្លួនជនសង្ស័យម្នាក់នោះ ធ្វើឡើងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃដដែល នៅភូមិព្រះពន្លា ឃុំរូងជ្រៃ ស្រុកថ្មគោលខេត្តបាត់ដំបង ក្រោយពីធ្វើសកម្មភាពបាញ់សម្លាប់មនុស្ស២នាក់ យកម៉ូតូ១គ្រឿង នៅស្រុកបវេលកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ នៅភូមិកោះរាម ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង ។ ជនរងគ្រោះក្នុងអំពើប្លន់ប្រដាប់អាវុធមាន ឈ្មោះ១, ហួត ឈឿង អាយុ៤៥ឆ្នាំ រស់នៅភូមិច្រនៀង ឃុំគោកឃ្មុំ ស្រុកថ្មគោល ជាអ្នកបើកម៉ូតូ និងម្ចាស់ម៉ូតូ ២,រឿន រិទ្ធ អាយុ២៦ឆ្នាំ ជាអ្នករួមដំណើរ ជនរងគ្រោះរស់នៅភូមិ ឃុំជាមួយគ្នា។
លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណី ស្នងការរងទទួលផែនព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងឱ្យដឹងថា ជនសង្ស័យរងការឃាត់ខ្លួន មានឈ្មោះ យិន សារ៉េន ភេទប្រុស អាយុ៦៥ឆ្នាំ រស់នៅភូមិព្រះពន្លា ឃុំរូងជ្រៃ ស្រុកថ្មគោល។ ជនសង្ស័យរូបនេះ ជាមុខសញ្ញាចាស់ ហើយជាអ្នករៀបចំចាត់ចែងហៅជនរងគ្រោះមកទិញម៉ូតូ និងឱ្យបក្ខពួកគ្នាគេម្នាក់ទៀត ជាជនដៃដល់ចាំប្លន់ជនរងគ្រោះតាមផ្លូវយកម៉ូតូតែម្តង។ ជនសង្ស័យជាដៃដល់ដែលបានរត់គេចខ្លួន និងយកម៉ូតូជនរងគ្រោះទៅជាមួយនោះ សមត្ថកិច្ចស្រាវជ្រាវរកឃើញអត្តសញ្ញាណមានឈ្មោះ អួន សៅ ត្រូវជាក្មួយ ជនសង្ស័យឈ្មោះ យិន សារ៉េន។
លោកស្នងការរងបា្រប់ឱ្យដឹងទៀតថា ជនសង្ស័យរវាង២នាក់ពូ និងក្មួយប្រហែលជាងមួយខែមុននេះ ពួកគេបានរៀបចំគម្រោងប្លន់ម្តងរួចមកហើយ នៅស្រុកបាណន់ ខេត្តបាត់ដំបង។ ប៉ុន្តែគម្រោងប្លន់នោះ មិនបានសម្រេចនោះឡើយ។ លុះនៅបន្ទាប់មកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧ ពួកគេទាំង២នាក់ ក៏បានពិភាក្សាគ្នារៀបចំគម្រោងប្លន់អ្នកលក់ទិញម៉ូតូ(គួកជេម៉ូតូ) ទាំង២នាក់នៅស្រុកថ្នគោលម្តងទៀត។ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ ជនសង្ស័យឈ្មោះ យិន សារ៉េន បានហៅទូរស័ព្ទ និងបានណាត់ជួបគ្នាជាមួយជនរងគ្រោះមកទិញម៉ូតូនៅស្រុកបវេល ហើយឱ្យបក្ខពួកគ្នាគេម្នាក់ទៀតឈ្មោះ អួន សៅ រង់ចាំពួនស្ទាក់បាញ់ប្លន់ជនរងគ្រោះ នៅចំណុចខាងលើ ។
បន្ទាប់មក ពួកគេក៏បានជិះម៉ូតូមក២គ្រឿងផ្សេងគ្នា ជនសង្ស័យឈ្មោះ យិន សារ៉េន ជិះម៉ូតូ១គ្រឿងតែម្នាក់ឯង ចំណែកជនរងគ្រោះទាំង២នាក់ ជិះម៉ូតូ១គ្រឿងឌុបគ្នា។ លុះពួកគេធ្វើដំណើរដល់ពាក់កណ្តាលផ្លូវ កន្លែងមានព្រៃស្ងាត់ចំណុចកើតហេតុ ក៏ឈ្មោះ អួន សៅ ជាជនដៃដល់ ចេញពីក្នុងព្រៃសង្កែទាញកាំភ្លើងបាញ់ទៅលើជនរងគ្រោះទាំង២នាក់ ស្លាប់ដោយបាញ់គ្រាប់កាំភ្លើង១នាក់ ត្រូវ១គ្រាប់ចំដើមទ្រូងធ្លាយដល់បោះដៃផុត និងជនរងគ្រោះម្នាក់ទៀតស្លាប់ដោយការកាប់ និងពូថៅជាច្រើនកន្លែង។ ក្រោយពីធ្វើសកម្មភាពនោះហើយ ជនសង្ស័យឈ្មោះ យិន សារ៉េន ជិះម៉ូតូរបស់ខ្លួន និង
ជនសង្ស័យជាជនដដៃដល់ឈ្មួញ អួន សៅ ជិះម៉ូតូដែលប្លន់បានបើករត់គេចខ្លួនរៀងៗខ្លួន។
លោកស្នងការរងបានបញ្ជាក់ឱ្យដឹងទៀតថា ក្រោយពីមានអំពើប្លន់នោះហើយ លោកឧត្តមសេនីយ៍ទោ ស ថេត ស្នងការនគរបាលខេត្តបាត់ដំបង ក៏បានបញ្ជាឱ្យលោកដឹកនាំកម្លាំងនគរបាលជំនាញចុះស្រាវជ្រាវស៊ើបអង្កេតជាបន្ទាន់ ហើយការស្រាវជ្រាវប្រើពេលវេលាប្រហែល២ម៉ោងកន្លះ កំណត់បានមុខសញ្ញាជនសង្ស័យ និងឈានដល់ចាប់ខ្លួនជនសង្ស័យម្នាក់ ចំណែកជនសង្ស័យម្នាក់ទៀតកំពុងរត់គេចខ្លួន។
ជនសង្ស័យរងការចាប់ខ្លួនត្រូវបានកសាងសំណុំរឿងចាប់បញ្ជូនទៅកាន់តុលាការ ដើម្បីយកទៅចាត់ការតាមផ្លូវច្បាប់។ ចំណែកជនសង្ស័យដៃដល់ រត់គេចខ្លួនកំពុងស្ថិតក្នុងការតាមស្វែងរកចាប់ខ្លួនរបស់សមត្ថកិច្ច។
សូមបញ្ជាក់ថា អំពើប្លន់ប្រដាប់អាវុធកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ នៅភូមិកោះរាម ឃុំខ្នាចរមាស ស្រុកបវេល ជនសង្ស័យម្នាក់ជាជនដៃដល់ត្រូវបាន អ្នកភូមិម្នាក់បានឃើញ ក្រោយធ្វើសកម្មភាពបាញ់សម្លាប់ និងកាប់ជនរងគ្រោះ២នាក់ស្លាប់។ ខណៈដែលអ្នកភូមិរូបនោះឡើងពីស្រែជួបជនសង្ស័យដែលមានស្ពាយសាក់កាដូ និងមានកាំភ្លើង និងបានដេញអ្នកភូមិរូបនោះទៅផ្ទះដោយគំរាមបាញ់សម្លាប់ ហើយជនសង្ស័យក៏បានជិះម៉ូតូជនរងគ្រោះគេចខ្លួនបាត់។ នៅកន្លែងកើតហេតុ សមត្ថកិច្ចត្រួតពិនិត្យរកឃើញសំបកកាទុស្សកាំភ្លើងអាកាមួយគ្រាប់ និងគ្រាប់កាំភ្លើងអាកាមួយគ្រាប់ ដែលជនសង្ស័យបាញ់អាក់ស្តង់៕ សំ វិច្ឆិកា