ខេត្តពោធិ៍សាត់៖ នេះចាត់ទុក្ខថា សំណាងមួយក្នុង ១០០ គ្រោះថ្នាក់ដែរ ខណៈដែលគេឃើញយុវជនម្នាក់ហោះចេញពីម៉ូតូដូចថតកុនក្នុងរឿងហូលីវូតនោះដែរ ប៉ុន្តែគ្រាន់តែរងរបួសស្រាលតែប៉ុណ្ណោះ ដោយសារគ្រោះថ្នាក់ចរាចរណ៍រថយន្តម៉ាក ស្តារិច បើកឆ្លងផ្លូវបុកម៉ូតូម៉ាក ហុងដាឌ្រីម របស់គាត់។
ហេតុការណ៍ខាងលើនេះ បានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង១១ និង០០នាទីព្រឹក ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ ៥ ត្រង់ចំណុចផ្លូវបំបែកជាបួន ស្ថិតក្នុងភូមិផ្សារ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកក្រគរបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើង ដោយអ្នកបើកបររថយន្តម៉ាក ស្តារិច ពណ៏ស ពាក់ស្លាកលេខ ភ្នំពេញ 2AQ 0392 ឈ្មោះ ហ៊ត់ ប៊ុនហួរ ភេទប្រុស អាយុ ២៧ឆ្នាំ សញ្ជាតិខ្មែរ បច្ចុប្បន្ន រស់នៅឯរាជធានីភ្នំពេញ តែមិនបង្កការ(រងរបួសនោះទេ) បានធ្វើចរាចរណ៍ឆ្លងផ្លូវក្នុងទិសដៅពីត្បូងឆ្ពោះទៅទិសខាងជើង លុះមកដល់ចំណុចកើតហេតុបានជ្រុលបុកអ្នកបើកបរម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់1D 6303 ពេញទំហឹងបណ្ដាលឲ្យអ្នកបើកបរម៉ូតូហោះទៅមុខដូចថតកុនក្នុងរឿងហូលីវូតនោះដែរ ចំណែករថយន្តបង្កបានកល់ម៉ូតូរុញទៅមុខច្រើនម៉ែត្រ។
ប្រភពបន្តខាងលើបន្តថា ម្ចាស់ម៉ូតូឈ្មោះ វន សាវ៉ុន ភេទប្រុស អាយុ ១៨ឆ្នាំ សញ្ជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិក្រាំងវែង ឃុំស្នាអន្សា ស្រុកក្រគរ រងរបួសស្រាល ចំណែកវត្ថុតាងរថយន្តបង្ក និងម៉ូតូ ត្រូវបានយកទៅរក្សាទុកជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកក្រគរ ដើម្បីរងចាំធ្វើការដោះស្រាយគ្នាតាមនីតិវិធីជាក្រោយ៕ ប៉ឹម ពិន