ព័ត៌មានទាន់ហេតុការណ៍៖

ជុងមិនអាចភ្លេចកុក មានតែកុកទេដែលភ្លេចជុង

ចែករំលែក៖

ខេត្តសៀមរាប៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលខេត្ត សហការ​ជាមួយ កម្លាំងនគរបាលស្រុកស្រីស្នំ ចុះស្រាវជ្រាវ តាមប្រមាញ់ រហូតឈានដល់​ឃាត់​ខ្លួនបានជនល្មើសម្នាក់ ទៅតាមដីការបស់តុលាការ ពីករណីប្លន់សម្លាប់ជនរងគ្រោះតាំងពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០០៣​មកម្ល៉េះ ​ហេតុការណ៍ ឃាត់ខ្លួន​ជនសង្ស័យនៅ​វេលា​ម៉ោង​១១និង៣០នាទី ព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅមុខផ្ទះប្រជាពលរដ្ឋ ស្រុកស្រីស្នំ ខេត្តសៀមរាប។

លោកវរសេនីយ៍ទោ ហង្ស សុផាតភីរម្យ នាយការិយាល័យព្រហ្មទណ្ឌនគរបាលកម្រិតស្រាល បានប្រាប់ថា ដោយយោងតាមដីកាចាប់ខ្លូនលេខ២៨០ ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០០៣ ចេញដោយចៅក្រមស៊ើបអង្កេត អៀង គឹមថុល និងក្រោមការដឹក​នាំបញ្ជាផ្ទាល់ពីសំណាក់លោកវរសេនីយ៍ឯក ភឹង ចិន្តារ៉ត ស្នងការ រង ខេត្តសៀមរាប បានឲ្យលោក​ដឹក​នាំកម្លាំងការិយាល័យព្រហ្មទណ្ឌនគរបាលកំរិតស្រាល សហការណ៍ជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកស្រីស្នំ អនុវត្តដីកា ចាប់ខ្លួន មេចោរប្លន់ ដែលបានគេចខ្លូនអស់រយៈ​ពេល​ជាង១០ឆ្នាំមកហើយ ។

ជនជាប់ ចោទឈ្មោះ រឿន រិន ហៅ ម៉ម រិន ភេទប្រុស អាយុ៥២ឆ្នាំ មានទីលំនៅ បច្ចុប្បន្ន នៅភូមិ រំដេង ឃុំ ត្រាំសសរ ស្រុក ស្រីស្នំ ខេត្តសៀមរាប ពី បទ ប្លន់ (ពីរករណី) កើត ហេតុកាលពីថ្ងៃទី២៧ ខែ ឧសភា ២០០៣​ ស្ថិតនៅភូមិ ថ្មី និង ភូមិ ថ្នល់ ឃុំ ចាឈូក ស្រុក អង្គរជុំ ខេត្ត សៀមរាប។

លោកវរសេនីយ៍ឯក ភឹង ចិន្តារ៉ត បានបញ្ជាក់ថា ថ្មីៗនេះ លោកបានប្រជុំកម្លាំងនគរបាលការិយាល័យជំនាញព្រហ្មទណ្ឌ ក្រុង ស្រុក ទាំង១២៖ ទី១/ជំរុញតាមបង្ក្រាបមុខសញ្ញាមានដេកា ទី២/ជំរុញស្រាវជ្រាវឱ្យអស់លទ្ធភាពមុខសញ្ញា និង ទី៣/គឺ ល្បែងស៊ីសង ត្រូវអនុវត្តន៍ឱ្យមានតម្លាភាព។ ខណៈ​នេះអស់លក្ខណ៍ ​សមត្ថកិច្ចនគរ​បាល​ស្រុក ស្រីស្នំ ខេត្តសៀមរាបចាប់បាន ដូចពាក្យចាស់តែងពោលប្រាប់ថា «ជុង មិនអាចភ្លេចកុក មានតែកុក ភ្លេចជុង» ​ទោះ ខំប្រឹងរត់ទៅដល់ជើងមេឃ ក៏មិនអាចគេចផុតពីសមត្ថកិច្ច​នគរបាល​ខេត្តសៀមរាបបានឡើយ។

បច្ចុប្បន្ន ជនសង្ស័យ(មេចោរប្លន់តាមស្រុក)ត្រូវបានកម្លាំងជំនាញបញ្ជូនទៅតុលាការ នៅរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧ ដើម្បីចាត់ការតាមទៅតាមផ្លូវច្បាប់៕ ប៊ុន​រិទ្ធី


ចែករំលែក៖