ភ្នំពេញ ៖ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដ៏គួរឲ្យរន្ធត់មួយបានកើតឡើបណ្តាលឲ្យអ្នកបើកបររថយន្តម្នាក់ស្លាប់ នៅកន្លែងកើតហេតុ និងអ្នករួមដំណើរជាមួយចំនួន៤នាក់ រងរបួសធ្ងន់ និងស្រាលត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើបានកើតឡើងកាលពីវេលាម៉ោង២០និង៣៥នាទី ថ្ងៃទី ១១ ខែ កក្កដា ឆ្នាំ២០១៧ នៅត្រង់ចំណុចស្ពានគ្រួស តាមបណ្តោយផ្លូវជាតិលេខ៥ស្ថិតក្នុង ភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
យោងតាមសាក្សីនៅកន្លែងកើតហេតុបានបញ្ជាក់ប្រាប់ឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្តាលឲ្យមានអ្នកស្លាប់ និងរបួសដូចនេះគឺបណ្តាលមកពីការបើកបរខ្វះការប្រុងប្រយ័ត្ន បង្កដោយខ្លួនឯង គឺបើករថយន្តមួយគ្រឿងម៉ាក HYUNDAI ពណ៌ខៀវលាយស ពាក់លេខ ភ្នំពេញ 3A-៦៩៦១ ទៅបុកបង្កាន់ដៃស្ពានបណ្តាលឲ្យក្រឡាប់គាបជាប់អ្នកបើកបរស្លាប់ក្នុងរថយន្តគួរឲ្យរន្ធត់។
លោកសុិន សុវណ្ណនាយផ្នែកចរាចរណ៍ខណ្ឌព្រែកព្នៅបានប្រាប់ឲ្យដឹងថា អ្នកបើករដែលស្លាប់នៅក្នុងរថយន្ត មានឈ្មោះ រ៉ាន់ រ៉ាញ់ ភេទ ប្រុស អាយុ ២៣ឆ្នាំ មុខរបរបើករថយន្ត មានអាស័យដ្ឋានស្នាក់នៅផ្ទះលេខ១៧៦ ផ្លូវលំ ភូមិបារាជ ឃុំ ព្រៃឃ្មេស ស្រុក មេសាង ខេត្តព្រៃវែងស្លាប់នៅកន្លែងកើតហេតុដោយគាបជាប់នៅក្នុងរថយន្ត។
លោកសុិន សុវណ្ណបន្តថា ក្នុងនោះមានអ្នករួមដំណើរជាមួយមានគ្នា០៤នាក់ ទី០១ឈ្មោះសុន ធាន ភេទប្រុស អាយុ៣៦ឆ្នាំមានទីលំនៅភូមិអូអូនឃំុតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ទី០២ឈ្មោះឆែម លុច ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅ ភូមិចំបក់ ឃំុស្រយូវ ស្រុកស្ទឹងសែន ខេត្តកំពង់ធំ ទី០៣ឈ្មោះ សឹុម កំសាន្ត ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិតាប្រុក ឃំុបារាយណ៍ ស្រុកបារាយណ៍ ខេត្ត កំពង់ធំ ទី០៤ ឈ្មោះ អាន ដឿយ ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅ ឃំុជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ធ្វើដំណើរលើផ្លូវជាតិលេខ៥ទិសដៅពីជើងទៅត្បូង លុះមកដល់កន្លែងកើតហេតុ រថយន្តបានបើកលឿន ជ្រុលចង្កូត ឡើងខឿនផ្លូវនិងបុកបង្កាន់ស្ពានតែម្តង ។
លោកសុិន សុវណ្ណបញ្ជាក់ប្រាប់ទៀតថា ករណីចរាចរខាងលើបណ្តាលមកពី អ្នកបើកបររថយន្តបើកបរលឿនក្នុងពេលយប់ មិនមានការប្រុងប្រយ័ត្ន ទើបបង្កឲ្យមានគ្រោះថ្នាក់យ៉ាងដូចនេះ ហើយស្ថានភាពផ្លូវមានសភាពងងឹតផងដែរ។
ក្រោយកើតហេតុរថយន្តប្រគល់ទៅឲ្យជំនាញការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលក្រុងភ្នំពេញ។
ដោយឡែកអ្នករបួសត្រូវបញ្ជួនទៅសង្គ្រោះនៅមន្ទីរពេទ្យ ឬឯអ្នកស្លាប់ប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ព្រែកជ័យ