ព័ត៌មានទាន់ហេតុការណ៍៖

តុលាការចោទប្រកាន់ ស្ត្រីដែលចោទប្រកាន់សម្តេចតេជោនិងក្រុមគ្រួសារ ថា ជាអ្នកសម្លាប់លោកបណ្ឌិតកែម ពីបទញុះញង់

ចែករំលែក៖

ភ្នំពេញ៖ក្រោយការសាកសួរ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ នេះ លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ស្ត្រីដែលនិយាយចំហរតាមបណ្តាញសង្គម Facebook ចោទសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងក្រុមគ្រួសារថាជាអ្នកសម្លាប់ លោក កែម ឡី ពីបទ”ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍”តាមមាត្រា៤៩៤និងមាត្រា៤៩៥នៃក្រមព្រហ្មទណ្ឌ ។

ប្រភពព័ត៌មានច្បាស់ការណ៍ បញ្ជាក់ថា បច្ចុប្បន្នជនត្រូវចោទនិងសំណុំរឿង ត្រូវបានបញ្ជូនទៅចៅក្រមស៊ើបសួរ ចាត់ការបន្តតាមនីតិវិធី ។ នៅដំណាក់កាលនេះ ចៅក្រមស៊ើបសួរ នឹងសម្រេចឃុំខ្លួនឬមិនឃុំខ្លួន ជនត្រូវចោទ ។

ស្រ្តីដែលស្គាល់អត្តសញ្ញាណនៅលើ Facebook ឈ្មោះ ហេង លក្ខិណា (Heng Leakhena) បាននិយាយចោទសម្តេចតេជោ ហ៊ុន សែន និងក្រុមគ្រួសារថាជាអ្នកសម្លាប់លោក កែម ឡី នៅក្នុងពិធីបុណ្យគម្រប់ខួបមួយឆ្នាំរបស់លោក កែម ឡី កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៧កន្លងទៅនេះ។

ជាការកត់សម្គាល់ មានមនុស្សច្រើននាក់ហើយ ដែលអ្នកខ្លះកំពុងជាប់ពន្ធនាគារនិងអ្នកខ្លះរត់ចោលស្រុក ព្រោះតែចោទប្រកាន់ថា គណបក្សប្រជាជនកម្ពុជា ឬ សម្តេចតេជោ ជាអ្នកសម្លាប់លោកបណ្ឌិតកែម ឡី ។ ក្នុងនោះមានលោក សម រង្ស៊ី លោក គឹម សុខ និង អ្នកស្រី ថាក់ ឡានី ជាដើម ៕ ចេស្តា


ចែករំលែក៖