ខេត្តកំពង់ធំ៖ ប្រជានេសាទនៅក្នុងសហគមន៍ភូមិកំពង់ឈើទាល ឃុំសំបូរណ៍ ស្រុកប្រាសាទសំបូរណ៍ ខេត្តកំពង់ធំ ជាងដប់គ្រួសារបានផ្ទះកំហឹងយ៉ាងខ្លាំង និងចោទប្រកាន់ទៅលើមន្ត្រីមួយចំនួនថា ពួកមន្ត្រីខ្លះ គឺជាចោរ សូម្បីតែពួកគាត់ដាក់មងនេសាទតាមលក្ខណៈគ្រួសារក្រៅដែនសហគមន៍ ក៏ពួកគេប្រើអំណាច់មកគៀបសង្កត់ ចុះរើរុះ និងហែកមងពួកគាត់ចោលអស់។
ប្រជានេសាទនិយាយថា មិនដែលឃើញមានមន្ត្រីជលផលចូលរួមបង្រ្កាបទេ ឃើញតែមន្រ្ដីធ្វើការខុសតួនាទីមកបង្រ្កាប ទី1 ឈ្មោះ ចាន់ សារុំ មានតួនាទីមិនច្បាស់លាស់ ទី2ឈ្មោះ ខាវ សីហារ(ហៅក្តឹប) ជាសន្តិសុខភូមិ ទី3 ឈ្មោះ ថាន់ ថេន ជាជំទប់ទីពីរ ឃុំសំបូរណ៍ ទី4 លោកមេភូមិ ។ ជាក់ស្តែងនៅថ្ងៃទី 12 ខែកក្កដា ឆ្នាំ2017 ពួកគេបានទៅហាមខាត់ពួកគាត់មិនអោយបង់សំណាញ់នៅមុខលូអូរព្រែកតាទេព ដោយលើកហេតុផលថា ធ្វើអោយស្ទះផ្លូវត្រីហែលចុះឡើងមិនរួច។
លោកខៀវ ប៉ាង អភិបាលស្រុកប្រាសាទសំបូរណ៍ប្រាប់ថា លោកមិនបានបញ្ជាឲ្យមន្ត្រីណាម្នាក់ទៅហាមឃាត់ប្រជានេសាទ ពួកគាត់គ្រាន់តែ បងសំណាញ់នោះទេ ហើយលោកមិនបានដឹងទាល់តែសោះរឿងនេះ។
លោក លឹម សុថាត នាយសង្កាត់រដ្ឋបាលជលផលប្រាសាទសំបូរណ៍ប្រាប់ថា បើប្រជានេសាទគាត់ប្រើឧបករណ៍ មង សំណាញ់ វាមិនខុសទេ ច្បាប់ក្នុងជំពូក ទី9 មាត្រា52 នៅក្នុងច្បាប់ស្តីពីរជលផលនោះទេ ហើយលោក ក៏បានឆ្លើយបដិសេធន៍ថា លោកពុំបានហាមឃាត់ ប្រជានេសាទទាំងនោះដែរ បើសិន មានករណីកើតឡើង លោកនឹងប្ដឹងដល់ថ្នាក់លើ ព្រោះកន្លងមក ពួកគេដែលចុះបង្រ្កាប មិនដែលផ្តល់វត្ថុតាងដែលចាប់បាននោះទេ៕ ប៊ុន រិទ្ធី

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច