ព័ត៌មានទាន់ហេតុការណ៍៖

តាមមិត្តភក្តិ មកផឹកស៊ី ឃើញម្ចាស់ស្រវឹងអស់ លួចម៉ូតូ១គ្រឿង និងទូរស័ព្ទ ត្រូវសមត្ថកិច្ចនគរបាលចាប់បាន

ចែករំលែក៖

 

ខេត្តកំពង់ឆ្នាំង ៖ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចដែលកំពុងត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍នគរបាលស្រុកបាធាយ ខេត្តកំពង់ចាមឃាត់ខ្លួន បញ្ជូនមកអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង ក្រោយពីជនសង្ស័យរូបនេះ បានលួចម៉ូតូ និង ទូរស័ព្ទរបស់មិត្តភក្តិក្នុងពេលស្រវឹងលងលក់ កាលពីវេលាម៉ោង៤ជិតភ្លឺ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ នៅភូមិកណ្តាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

លោកម៉ា យុន អធិការរងនគរបាលក្រុងកំពង់ឆ្នាំង បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ យ៉ឺន សុខ ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិពាមឆ្កោក ឃុំពាមឆ្កោក ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ។

លោកអធិការរងបានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុ នៅផ្ទះជនរងគ្រោះ ឈ្មោះ ជុំ សុផាត មានពិធីជួបជុំផឹកស៊ីមួយ ជាមួយបងប្អូន កូន ក្មួយ នៅថ្ងៃនោះដែរជនសង្ស័យ បានមកជាមួយមិត្តភក្តិម្នាក់ ដែលជាមិត្តភក្តិរបស់កូនម្ចាស់ផ្ទះ ក្រោយពេលផឹកម្នាក់ៗបានផឹកស្រវឹងអស់ ដេកលក់រៀងៗខ្លួន ។

ប្រភពបន្តថា ពេលនោះជនសង្ស័យក្រោកពីស្រវឹងនៅវេលាម៉ោង៤ទៀបភ្លឺ ឃើញម៉ូតូរបស់កូនម្ចាស់ផ្ទះមួយគ្រឿងម៉ាក ហុងដា សេ១២៥ សេរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង ១D-៣១៣១ និង ទូរស័ព្ទរបស់មិត្តភក្តិ ក៏បើកទ្វារលួចយកជិះគេចខ្លួនតែម្តង ដោយជិះសំដៅទៅផ្ទះរបស់ខ្លួននៅស្រុកជលគិរី លុះជិះដល់ស្រុកបាធាយ ខេត្តកំពង់ចាម មានសមត្ថកិច្ចនគរបាលចរាចរណ៍ដាក់កម្លាំងចុះអនុវត្តច្បាប់ចរាចរណ៍ ឃើញដូចនេះ ជនសង្ស័យភ័យ ហើយសមត្ថកិច្ចឃាត់ខ្លួនសួរនាំ បានដឹងរឿងថា ជនសង្ស័យបានលួចម៉ូតូ រួចក៏បញ្ជូនជនសង្ស័យមកអធិការដ្ឋាននគរបាលក្រុងកំពង់ចាម និង បញ្ជូនខ្លួនបន្តមកក្រុងកំពង់ឆ្នាំងវិញនៅវេលាម៉ោង17:00នាទីនាថ្ងៃដដែលវិញ ដើម្បីចាត់ការបន្តទៅតាមនីតិវិធី ៕ ចន្ថា


ចែករំលែក៖