ព័ត៌មានទាន់ហេតុការណ៍៖

ផឹកស្រាមួយកន្លែងមិនឆ្អែត ជិះម៉ូតូទៅផឹកកន្លែងផ្សេងទៀតដួលប្រកាច់ស្លាប់នៅកន្លែង

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានដួលម៉ូតូប្រកាច់ស្លាប់យ៉ាងអណោចអធ័មមួយរំពេច ខណៈ ទើបនឹងចេញពីផឹកស្រវឹង ជិះម៉ូតូទៅរកកន្លែងផឹកបន្តទៀតធ្វើឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង៤ និង៣០នាទីល្ងាច ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ នៅតាមផ្លូវលំ ស្ថិតក្នុងភូមិតាគល់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ។

ជនរងគ្រោះ ឈ្មោះ ក្រើន ខន ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានលំនៅក្នុងភូមិតាគល់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

មន្ត្រីនគរបាលខណ្ឌព្រែកព្នៅ បានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូ ម៉ាកហុងដា សេ៩០ ពណ៌ទឹកប៊ិចមួយគ្រឿង ពាក់ស្លាកលេខ ផ.8926 ភព១ ទៅផឹកស្រាថ្នាំ ជាមួយមិត្តភក្តិ២-៣នាក់ទៀតនៅតូបលក់ស្រារបស់អ្នកស្រី ច្រឹប អាយុប្រហែល៤០ឆ្នាំ អស់ចំនួនប្រហែល២លីត្រ។ បន្ទាប់ពីផឹកស្រាស្រវឹងរៀងៗខ្លួនហើយ មិត្តភក្តិ បានជិះម៉ូតូត្រឡប់ទៅផ្ទះវិញ ដើម្បីរកកន្លែងសម្រាក ដោយឡែកតែឈ្មោះ ក្រើន ខនមិនទៅផ្ទះទេគឺនៅបន្តផឹកស្រា រហូតដល់ម៉ោងកើតហេតុខាងលើ ទើបជនរងគ្រោះ ជិះម៉ូតូទៅផ្ទះរបស់ឈ្មោះសុត សុខ អាយុ៥០ឆ្នាំ ក្នុងបំណងផឹកស្រាបន្ត។ លុះពេលជិះមកដល់កន្លែងកើតហេតុខាងលើ ស្រាប់តែដួលផ្កាប់មុខទាំងម៉ូតូ បោកទៅលើដី បណ្ដាលឲ្យស្លាប់យ៉ាងអណោចអធ័មបង្កការភ្ញាក់ផ្អើលមួយរំពេច។

មន្ត្រីនគរបាលដដែល បានបន្តថា ឆ្លងតាមការស្រាវជ្រាវរបស់សមត្ថកិច្ច ការពិនិត្យទៅលើសព និងការបំភ្លឺរបស់ឈ្មោះ សុត សុខ និងឈ្មោះ ឆាំ ឡេង ជាមិត្តភក្តិសពផងនោះ សមត្ថកិច្ចសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារជំងឺខ្យល់គរប្រាកដមែនរួចបានប្រគល់សព ជនរងគ្រោះ ទៅឲ្យក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋានសព៕ ប្រាថ្នា


ចែករំលែក៖