ព័ត៌មានទាន់ហេតុការណ៍៖

សាំយ៉ុងដឹកត្រីជាប់ផុងប្រឹងរើរហូតដល់ឆេះខ្ទេចគ្មានរថយន្តពន្លត់អគ្គីភ័យជួយ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ រថយន្តសាំយ៉ុងមួយគ្រឿងដឹកត្រី និង ខ្យង បានឆេះនៅកណ្តាលផ្លូវទាំង ព្រឹក បន្ទាប់ពីរថយន្តសាំយ៉ុងមួយនេះជាប់ផុងខំប្រឹងរោម៉ាស៊ីន រហូតដល់ឆ្លងភ្លើងឆេះអស់តែម្តង ដោយពុំមានវត្តមានរថយន្តពន្លត់អគ្គិភ័យរបស់ស្រុកទៅជួយនោះទេ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៧និង១០នាទីព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវលេខ៥២ ចុះទៅមាត់កំពង់ ឆ្នុកទ្រូ ស្ថិតក្នុងភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានអោយដឹងថា រថយន្តដែលឆេះនេះ ម៉ាកសាំយ៉ុង ពណ៌សំបកឪឡឹក ពាក់ស្លាកលេខភ្នំពេញ ២A.០៩០៦ រថយន្តដឹកត្រី អន្ទង់ ខ្យង ដែលមានម្ចាស់ឈ្មោះ គូ មានទីលំនៅភូមិពន្លៃ ឃុំពន្លៃ ស្រុកបរិបូរណ៌ ។

សមត្ថកិច្ចបានស្រង់សំដីម្ចាស់រថយន្តអោយដឹងថា នៅមុនពេលកើតហេតុ ម្ចាស់រថយន្តបានត្រឡប់ពីផ្សារកំពង់ឆ្នុកទ្រូ ក្រោយពីទិញ ត្រី អន្ទង់ ខ្យង ពស់ ដែលទំនិញទាំងមានទម្ងន់ប្រមាណជាង៧០០គីឡូក្រាម ស្រាប់ពេលមដល់កន្លែងកើតហេតុ បានជាប់ផុង ជាប់រថយន្ត ពេលនោះម្ចាស់រថយន្តបានបើកប្រឹងរោម៉ាស៊ីន យ៉ាងខ្លាំង រហូតដល់ហុយផ្សែងទ្រលោមឡើងលើ បណ្តាលអោយឆេះរថយន្តតែម្តង ។ ក្រោយពេលឆេះនៅទីនោះពុំអាចជួយពន្លត់បាននោះទេ ដោយសារតែភ្លើងខ្លាំង ចំណែកឯករថយន្តពន្លត់អគ្គិភ័យគឺមិនបានមកជួយពន្លត់បានដែរ រហូតដល់រថយន្តនោះឆេះអស់រលីងតែម្តង ។

សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុដែលរថយន្តពន្លត់អគ្គិភ័យរបស់ស្រុកបរិបូរណ៍មិនអាចទៅជួយពន្លត់បានដោយសារស្ថានភាពផ្លូវទៅនោះជាផ្លូវដែលទើបនឹងឈូសឆាយ រអិល ជាប់ផុងច្រើនកន្លែង ទើបមិនអាចមកជួយបាន ៕ ចន្ថា


ចែករំលែក៖