ភ្នំពេញ៖ ក្មេងៗទៅរកចាប់ខ្យងក្ដាមបានប្រទះឃើញសាកសពបុរសម្នាក់នៅក្នុងអូរវាលស្រែមួយកន្លែង បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង២០នាទីព្រឹក ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សាកសពបុរសម្នាក់ខាងលើនោះមិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះឡើយ ហើយតាមការប៉ាន់ស្មានមាន អាយុប្រហែល៥០ឆ្នាំ និងមានសភាពហើមស្អុយមើលលែងចង់ស្គាល់ទៅហើយ ដែលសង្ស័យថាបានស្លាប់ ក្នុងរយៈពេលប្រហែលជា៤ទៅ៥ថ្ងៃកន្លងមក និងក្នុងស្ថានភាពអាក្រាតកាយតែម្ដងដោយ មានតែត្រកួនវ័ណ្ឌបិទបាំងពីលើតែប៉ុណ្ណោះ។
តាមសម្ដីប្រជាពលរដ្ឋបាននិយាយប្រាប់ឲ្យដឹងថា កាលពី៤ទៅ៥ថ្ងៃមុន បុរសចំណាស់ខាងលើ មិនដឹងថា មានទីលំនៅនៅឯណា នោះទេ បានជិះម៉ូតូ១គ្រឿងម៉ាកហុងដាឆាលី ទៅកាន់ស្រះទឹកមួយកន្លែងដែលមានជម្រៅជ្រៅដែរ ហើយ បានព្យាយាមប៉ុនប៉ងលោតទឹកសម្លាប់ខ្លួន ប៉ុន្តែត្រូវបានប្រជាពលរដ្ឋជួយឃាត់ទាន់ មិនតែប៉ុណ្ណោះ គាត់ស្ថិតក្នុងស្ថានភាពអាក្រាតកាយដូចជាពេលនេះ ដោយមិនបានដឹងថាគាត់ជាមនុស្សមានសតិមិនគ្រប់ ឬបែបណាឡើយ។ ក្រោយមកក៏ស្រាប់តែបាត់មិនឃើញគាត់ ហើយក៏មិនមាននរណាម្នាក់បានចាប់អារម្មណ៏ ពីគាត់ទៀតដែរ រហូតដល់ពេលដែលប្រទះឃើញសាកសពគាត់ ស្លាប់នៅក្នុងទឹកប្រឡាយខាងលើ ទើបពួក គាត់នឹកឃើញពីការប៉ុនប៉ងសម្លាប់ខ្លួន និងបានទៅមើលនៅក្នុងស្រះដែលគាត់ព្យាយាមសម្លាប់ខ្លួនលើក មុននោះទើបឃើញម៉ូតូឆាលីរបស់គាត់នៅស្រះទឹកខាងលើ និងដឹងថាអ្នកស្លាប់គឺជាបុរសចំណាស់រូបនោះ។
ប្រភពដដែលបានឲ្យដឹងទៀតថា នៅមុនពេលកើតមានការភ្ញាក់ផ្អើលនោះ មានក្មេងៗមួយ ក្រុមបាននាំគ្នាទៅរកចាប់ខ្យងនិងក្ដាមនៅវាលស្រែនោះ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុខាងលើ បាន ធំក្លិនស្អុយចម្លែកខុសពីធម្មតា ខណៈនោះក្មេងៗខាងលើបានរកមើល ហើយស្រាប់តែបានប្រទះឃើញសាក សពបុរសនោះនៅក្នុងទឹកប្រឡាយ។បន្ទាប់មកក្មេងៗខាងលើបាននាំគ្នារត់ទៅប្រាប់អ្នកភូមិ នាំគ្នាទៅចោមរោមមើលគ្រប់ៗគ្នា និងបានត្រឹមស្គាល់ថាជាបុរសចំណាស់ម្នាក់ ដែលបានព្យាយាមលោតទឹកស្រះនៅក្បែរ ភូមិដើមុបីសម្លាប់ខ្លួន កាលពី៤ទៅ៥ថ្ងៃមុននោះ ដែលបុរសនោះគឺជាអ្នកមកពីចម្ងាយ មិនមែនជាអ្នកភូមិ នោះទេ ហើយក្រោយមកបានរាយការណ៏ជូនទៅនគរបាលប៉ុស្ដិ៍ព្រែក កំពឹសនិងខណ្ឌដដង្កោឲ្យចុះទៅពិនិត្យ មើលតែម្ដង។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ក្រោយពេលទទួលព័ត៌មានពីប្រជាពលរដ្ឋកម្លាំងនគរបាលប៉ុស្ដិ៍ព្រែកកំពឹស និងសមត្ថកិច្ចខណ្ឌដង្កោ បានចុះទៅកាន់ទីនោះ ហើយបានឃើញសាកសពបុរសម្នាក់មែន ដែលមានសភាព ហើមស្អុយទៅហើយ ដែលមិនទាន់ដឹងថាការស្លាប់នោះជាករណីអ្វីពិតប្រាកដនៅឡើយទេ។ ខណៈនោះ កម្លាំងបានរាយការបន្តទៅកាន់ការិយាល័យ នគរបាលបច្ចេកទេសនៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីចុះទៅពិនិត្យនិងធ្វើកោសល្យវិច័យតាមជំនាញ និងកសាងសំណុំរឿងតាមច្បាប់ ព្រមទាំងកំណត់ថា ជនរងគ្រោះស្លាប់ដោយសារមូលហេតុអ្វីនោះទេ៕ ភារ៉ា ដង្កោ