ព័ត៌មានទាន់ហេតុការណ៍៖

បំបែកសំណុំរឿងបាញ់ប្លន់អ្នករត់តាក់ស៊ីយកសាកសពទម្លាក់ចោលនៅកំពង់ឆ្នាំងហើយ

ចែករំលែក៖

 

ខេត្តកំពង់ឆ្នាំង៖ ក្រុមជនដៃដល់ក្នុងការបាញ់សម្លាប់ប្លន់យករថយន្តតូយូតា ហាឡិនឌ័រ ត្រូវបានសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ សហការជាមួយ សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ កំពង់ឆ្នាំង និងពោធិ៍សាត់ ចាប់ឃាត់ខ្លួនបានហើយ កាលពីល្ងាចថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ នៅរាជធានីភ្នំពេញ ។

ក្រោយពីជនសង្ស័យទាំង៣នាក់ បានធ្វើសកម្មភាពបាញ់ប្លន់យករថយន្ត កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៧ បានយកសពជនរងគ្រោះមកទម្លាក់ចោលនៅភូមិគោកស្តៅ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលបានឃាត់ខ្លួននេះ១-ឈ្មោះប៉ែន សុខន ភេទប្រុស អាយុ៣៥ឆ្នាំ ស្នាក់នៅផ្ទះជួល សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ជាជនដៃដល់, ២-ឈ្មោះសុវណ្ណ ឧត្តម ហៅអាដំ ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិព្រៃខ្មែរ ឃុំរលាប្អឿរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង និង៣-ឈ្មោះ រ៉ាឌី ម៉ា ហៅម៉ា ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិប៉ែន ឃុំលាច ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់។ ក្នុងពេលឃាត់ខ្លួន សមត្ថកិច្ចបានរកឃើញមានវត្ថុតាងមួយចំនួន អាវុធខ្លីម៉ាករ៉ូឡូ១ដើម គ្រាប់១៥គ្រាប់ និងរថយន្តម៉ាកហាយឡិនឌ័រ១គ្រឿង ដែលជារបស់ជនរងគ្រោះ។

នៅព្រឹកថ្ងៃទី២១ ខែកក្កដា លោកឡុច សុវណ្ណរ៉ា ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់តាមទូរស័ព្ទថា សំណុំរឿងករណីប្លន់នេះ គឺនាយដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយ សមត្ថកិច្ចជំនាញនៃរាជធានីភ្នំពេញ កំពង់ឆ្នាំង និង ពោធិ៍សាត់ទើបចាប់បានជនសង្ស័យ ហើយនៅពេលនេះ នៅមិនទាន់បានបញ្ជូនមកដល់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងនៅឡើយនោះទេ ។

គួរបញ្ជាក់ថា កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៧ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយសារប្រជាពលរដ្ឋបានប្រទះឃើញសាកសពបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ត្រូវបានជនពុំស្គាល់មុខយកទៅទម្លាក់ចោល លើផ្លូវអាលុង ស្ថិតក្នុងភូមិគោកស្តៅ ឃុំទឹកហូត ស្រុករលាប្អៀរ។

ក្រោយពីពិនិត្យធ្វើកោសល្យវិច័យ សមត្ថកិច្ចបានបញ្ជាក់ថាៈ ជនរងគ្រោះត្រូវឃាតកបាញ់ចំក្បាលពីក្រោយមកគ្រាប់ធ្លាយចេញមកថ្ងាស់ខាងមុខបណ្តាលឲ្យស្លាប់នៅកន្លែងផ្សេងរួចយកសពមកទម្លាក់ចោលនៅទីនោះ។ រហូតដល់វេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១៧ ខែកក្កដា សពជនរងគ្រោះត្រូវបានស្គាល់អត្តសញ្ញាណមានឈ្មោះ អៀង សុចិត្រា ហៅចិត្ត ភេទប្រុស អាយុ៤៣ឆ្នាំ មានទីលំភូមិចំការចេកខាងជើង សង្កាត់ផ្ទះព្រៃ ក្រុងពោធិសាត់ ខេត្តពោធិសាត់ មានមុខរបរអ្នករត់តាក់ស៊ី ៕ ចន្ថា


ចែករំលែក៖