ភ្នំពេញ៖ កូនតុងទីនជាច្រើននាក់ នៅយប់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ ផ្ទុះកំហឹង ស្រែកឡូឡា ថែមទាំងទាញរនាំងដែកបោកខ្ទប់នឹងរបងសាលាដំបូងរាជធានីភ្នំពេញ ដោយចោទប្រកាន់ថា តុលាការពុករលួយ រឿងដោះលែងស្ត្រីម្នាក់ដែលឆបោកប្រាក់រាប់សិបម៉ឺនដុល្លារអាមេរិក ។
ស្ត្រីឈ្មោះ ម៉េង សុខហៀង និយាយថា កូនតុងទីនម្នាក់ឈ្មោះឆាយ គឹមហួយ បានឆបោកជាង២៧ម៉ឺនដុល្លារតាមរយៈលេងតុនទីនជាច្រើនក្បាលរួមទាំងតុងទីនឈ្មោះខ្មោច(ឈ្មោះអ្នកក្រៅតែដេញយកខ្លួនឯង) ហើយពេលដេញតុងទីនងាប់អស់បានប្រាក់សរុប រួចគេចខ្លួន ។
ក្រៅពីជេរតុលាការពុករលួយ តុលាការភ្នែកម្នាស់ មើលងាយច្បាប់…អ្នកមកតវ៉ា អះអាងថាមានភស្តុតាងគ្រប់គ្រាន់មានទាំងឃ្លីបសារភាពរបស់ជនសង្ស័យ តែតុលាការធ្វើអីអត់កើត។
បន្ទាប់ពីស្រែកតវ៉ាដល់ស្អកក ស្ត្រីម្នាក់បានប្រកាសថានឹងហៅប្រជាជនមក៥០០ទៅ៦០០នាក់មកជួបជុំមុខតុលាការ ទៀត ។
គួរបញ្ជាក់ថា អ្នកលេងតុងទីន រាប់រយនាក់ ធ្លាប់មកតវ៉ាមុខ សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ ម្តងរួចមកហើយបន្ទាប់ពីលោក សាន សុផាត ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចដោះលែងស្ត្រីឈ្មោះ ឆាយ គឹមហួយ ឲ្យមានសេរីភាពឡើងវិញ ។
ស្ត្រីឈ្មោះ ម៉េង សុខហៀង តំណាងអ្នកលេងតុងទីន បានរៀបរាប់ថា ស្ត្រីឆបោក រូបនេះ បានចុះឈ្មោះ លេងតុងទីន ក្នុងមានខ្សែទី១- តម្លៃ ៣០០ដុល្លារ ចុះឈ្មោះលេងប្រាំក្បាល ស្មើនឹងទឹកប្រាក់ ចំនួន ៤០.៥០០ ដុល្លារ , ខ្សែរទី២-តម្លៃ ២០០ដុល្លារ ចុះឈ្មោះលេងចំនួន ប្រាំក្បាល ស្មើនឹងទឹកប្រាក់ ចំនួន ៦២០.០០ ដុល្លារ , ខ្សែរទី៣- តម្លៃ ៥០ ដុល្លារ ចុះឈ្មោះលេង ចំនួនប្រាំក្បាល ស្មើនឹងប្រាក់ ចំនួន ៧៥០ ដុល្លារ , ខ្សែទី៤- តម្លៃ ១០ ដុល្លារ ចុះឈ្មោះលេងចំនួន ២០ក្បាល ស្មើនឹងទឹកប្រាក់ ចំនួន ៤៨.៨០០ ដុល្លារ . ខ្សែទី៥-តម្លៃ ១០ដុល្លារ ចុះឈ្មោះលេង ចំនួន ១៥ក្បាល ស្មើនឹងទឹកប្រាក់ ចំនួន ៧០.៣០០ដុល្លារ និងខ្សែទី៦-តម្លៃ ប្រាំម៉ឺនរៀល ចុះឈ្មោះលេង ចំនួន ១០ក្បាល ស្មើនឹងទឹកប្រាក់ ៤៣.២៥០ ដុល្លារ។
មន្ត្រីនគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្នុងពាក់កណ្តាល ឆ្នាំ២០១៦ ស្ត្រីឈ្មោះ ម៉េង សុខហៀង បានរៀបចំប្រមូលគ្នា លេងតុងទីន ក្នងឈ្មោះ ឆាយ គឹមហួយ បានសុំចុះឈ្មោះលេង រួមលេងតុងទីនចំនួន ៦ខ្សែ ដោយដាក់ឈ្មោះ ខ្មោចជាច្រើននាក់ បន្ទាប់មក បានដេញយកទាំងអស់ រួចមិនទទួលខុសត្រូវ ដែលមានទឹកប្រាក់ សរុបប្រមាណ ២៦៥.៦០០ ដុល្លារ ទើបប្តឹងទៅកាន់ នាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ រហូតដល់ការឃាត់ខ្លួន នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ កន្លងទៅនេះ កសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ក្រុងភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ ប៉ុន្តែរឿងដោះលែង ជាឆន្ទានុសិទ្ធិរបស់តុលាការ ៕ ចេស្តា