ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូ២គ្រឿងបុកគ្នា របួសធ្ងន់មនុស្សម្នាក់នៅក្បែរផ្សារប៉េសេផ្លូវ៣៧១

ចែករំលែក៖

ភ្នំពេញ៖ ដោយការបើកបរជែងគ្នាមិនប្រយ័ត្នក្នុងល្បឿនលឿនហួសកំណត់ក៏ឲ្យប៉ះដៃចង្កូតគ្នារវាងម៉ូតូនិងម៉ូតូបណ្តាលឲ្យដួលស្រង៉ាប់ស្រង៉ិលពេញផ្លូវរងរបួសធ្ងន់ធ្ងរម្នាក់នៅលើផ្លូវ៣៧១ ក្បែរផ្សារប៉េសេ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចក្បែរផ្សារប៉េសេ ផ្លូវ៣១៧ ស្ថិតក្នុងភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។

ប្រភពពីសាក្សីឃើញហេតុការណ៍ខាងលើបានប្រាប់ថា មុនពេលកើតហេតុគេឃើញម៉ូតូ២គ្រឿងនោះធ្វើដំណើរស្របទិសគ្នាពីលិចមកជើង។ លុះមកដល់ចំណុចកើតហេតុផ្លូវកោងក្បែរផ្សារប៉េសេ ក៏ស្រាប់តែមិនប្រយ័ត្នជែងគ្នាប៉ះដៃចង្កូតបណ្តាលឲ្យដួលស្រង៉ាប់ស្រង៉ិលពេញផ្លូវតែម្តង តែសំណាងដែរ ដោយសារគ្មានរថយន្តមកពីក្រោយ។ ប្រភពសាក្សីបន្តថា ក្នុងនោះអ្នកជិះម៉ូតូ អាសង់០១៥បានរងរបួសធ្ងន់សន្លប់ស្តូកស្តឹង។

ដោយឡែកសមត្ថកិច្ចមូលដ្ឋានក៏បានបញ្ជាក់ឲ្យដឹងដែរថា ម៉ូតូរងគ្រោះ២គ្រឿងនោះម៉ាក់ហុងដាឌ្រី សេ១២៥ ដូចគ្នា។ ម៉ូតូ១គ្រឿងសេ១២៥ ស៊េរី០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1CS1461ជិះម្នាក់ឯងធ្វើដំណើរមកពីក្រោយហើយជិះវ៉ាមិនប្រយ័ត្នក៏ប៉ះនិងដៃចង្កូតម៉ូតូសេ១២៥ ស៊េរី០៨ ពណ៌ខ្មៅ ពាក់ស្លាកលេខព្រៃវែង 1D-0714ឌុបគ្នាពីរនាក់បណ្តាលឲ្យដួលស្រង៉ាប់ស្រង៉ិលរងរបួសធ្ងន់។ សមត្ថកិច្ចបន្តថា ក្រោយកើតហេតុជនរងគ្រោះត្រូវរថយន្តរបស់គ្លីនិកឯកជនសួរគ៌ាដឹកទៅសង្គ្រោះ ហើយចំណែកម៉ូតូ២គ្រឿងនោះសមត្ថកិច្ចយើងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ៕ តាឡឹម

 


ចែករំលែក៖