ព័ត៌មានទាន់ហេតុការណ៍៖

ឆក់ទូរស័ព្ឋមិនសម្រេច ជិះម៉ូតូដួល ត្រូវជនរងគ្រោះ និងសមត្ថកិច្ចចាប់ដាក់ខ្នោះ

ចែករំលែក៖

ភ្នំពេញ៖​ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក​២នាក់ត្រូវជនរងគ្រោះ និងសមត្ថកិច្ចដេញតាមចាប់​ បានបន្ទាប់ពីពួកគេធ្វើសកម្មភាពឆក់ទូរ​សព្ទ័​ ដៃពីជនរងគ្រោះមិនបានសម្រេច ហើយជិះម៉ូតូទាក់ដៃចង្កូតម៉ូតូជនរងគ្រោះដួល ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលា​ម៉ោង​១រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧​ នៅតាមបណ្ដោយផ្លូវម៉ៅសេទុង ត្រង់ចំណុចមុខ​ សណ្ឋាគារ​ អ៊ីនធឺខន ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន​ ។

ជនសង្ស័យដែលចាប់បានម្នាក់​ មានឈ្មោះ​ ខន​ ឃៀង​ ភេទប្រុស អាយុ​ ១៩ឆ្នាំ មុខរបរជាងម៉ូតូ​ ស្នាក់នៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សី​ កែវ​ ភូមិដូងឃុំដូង​ ស្រុកបាទី​ ខេត្តតាកែវ។

ចំណែកជនរងគ្រោះ​ មានឈ្មោះ​ នី​ ងិប​ ភេទប្រុស​ អាយុ៣០ឆ្នាំ មុខរបរបើកឡាន​ ស្នាក់បុរីភពថ្មីផ្លូវវេងស្រេង​ សង្កាត់ចោមចៅ​ ខណ្ឌពោធិសែនជ័យ​ ។

បើតាមសម្ដីជនរងគ្រោះបានប្រាប់​ ឲ្យដឹងថា​ មុនពេលកើតហេតុរូបគាត់បានជិះម៉ូតូម៉ាក​ ឃ្លីក​ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ​CL-7424​ ចេញមកពីញាំនំបញ្ចុកនៅផ្សារដើម​គ​ ខណៈ​ មកដល់ចំណុចកើតហេតុ គាត់​បានឈប់ម៉ូតូអែបចិញ្ចើមផ្លូវយកទូរស័ព្ទចុចមើលព័ត៌មាន លុះពេលកំពុងមើលស្រាប់តែ​ មានជនសង្ស័យ២នាក់ជិះម៉ូតូ១គ្រឿង ម៉ាក​ ហ្សុយសាគីលែត​ ពណ៌​ ស​ ពាក់ស្លាកលេខ​ តាកែង1N-4669​ បានជិះមកក្បែរហើយធ្វើ​ សកម្មភាពឆក់យកទូរសព្ទ័ដៃតែមិនបានសម្រេច​ ពេលនោះជនសង្ស័យបានជិះម៉ូតូទាក់ដៃចង្កូតបណ្ដាលឲ្យដួល ត្រូវគាត់(ជនរង​គ្រោះ)ស្រែកចោរៗ​ ស្របពេលដែលកម្លាំង​សមត្ថកិច្ច​ កំពុងល្បាតនៅទីនោះបាន លឺក៏​ដេញតាមចាប់បានម្នាក់​ ចំណែកម្នាក់ទៀតរត់​ គេចខ្លួនបាត់ស្រមោ​លបន្សល់ទុកនៅម៉ូតូដែល​ ជិះធ្វើសកម្មភាពនៅនឹងកន្លែងកើតហេតុ។

ក្រោយមក សមត្ថកិច្ចបាននាំយកមកសាកសួរនៅប៉ុស្តិទំនប់ទឹក និងកសាងសំណុំ​រឿងដើម្បីបញ្ចួនបន្តទៅកាន់​ អធិការដ្ឋាននគរ​បាលខណ្ឌចំការមន​ ចាត់ការបន្តតាមច្បាប់៕ ភារ៉ា ដង្កោ


ចែករំលែក៖