ខេត្តមណ្ឌលគិរី៖ សត្វព្រៃនៅខេត្តមណ្ឌលគិរី មានច្រើនអម្បូរនិ ងច្រើនប្រភេទ ហើយប្រភេទសត្វព្រៃធំៗមានដូចជា ទន្សោង ខ្ទីង ប្រើស ដំរីជាដើម តែប្រជាជនខ្មែរប្រហែលជាមិនសូវបានស្គាល់ ឬបានឃើញរូបរាងរបស់អម្បូរសត្វទាំងនោះទេ ។
យោងតាមប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី លោក កែវ សុភគ៌ បានឲ្យដឹងថា សត្វខ្ទីងមានរស់នៅតំបន់ដែនជម្រកទាំង៥ ក្នុងខេត្តមណ្ឌលគិរី ក្នុងនោះរួមមាន ដែនជម្រកការពារសត្វព្រៃកែវសីមា ដែនជម្រកសត្វព្រៃស្រែពក ដែនជម្រកសត្វព្រៃភ្នំណាំលៀ ដែនជម្រកសត្វព្រៃភ្នំព្រេច និងដែនជម្រកសត្វព្រៃលំផាត់។
សត្វខ្ទីង ជាប្រភេទសត្វព្រៃធំមួយប្រភេទដែលមានតម្លៃកាត់ថ្លៃមិនបាន ហើយអ្វីដែលជាការព្រួយបារម្ភនោះ គឺការរស់នៅក្នុងធម្មជាតិកំពុងប្រឈមនឹងបញ្ហាជាច្រើន ពិសេសគឺការរេចរឹលនៃតំបន់ព្រៃភ្នំដែលចេះតែរួញតូចទៅៗ ។ មួយវិញទៀត ដោយសារសត្វនេះមានតម្លៃ ពួកព្រានព្រៃតែងតាមប្រមាញ់ដោយប្រើប្រាស់កាំភ្លើងតែម្តង ដែលពីសម័យដើមមុនសង្គ្រាម ព្រានព្រៃមានតែស្នាមិនអាចប្រមាញ់បានសត្វធំៗបែបនេះទេ ។
ខ្ទីងមានមាឌធំ ខ្លួនខ្មៅ បូកក្រាស់លាតសន្ធឹងរហូតដល់ស្ទើរពាក់កណ្តាលខ្នង ចំណែក.កខ្លីបន្តិច រាងមាំ ដោយមានបូកនៅផ្នែកខាងក្រោម ។ ជើងទាំងបួនចាប់ពីជង្គង់ចុះក្រោមពណ៌ប្រផេះ ។ នៅលើថ្ងាស មានរោមវែងពណ៌ប្រផេះ ឬពណ៌លឿងមាសស្រាល ។ កូនរបស់វាមានពណ៌ត្នោត រហូតដល់វាមានអាយុពី៤ទៅ៥ខែ ទើបក្លាយទៅជាពណ៌ខ្មៅ ។ ខ្ទីងញីមានមាឌ និងស្នែងតូចជាងខ្ទីងឈ្មោល ហើយពុំសូវមានបូក និងបួរដូចខ្ទីងឈ្មោលទេ ។
ប្រជាជនដែលរស់នៅតាមតំបន់ព្រៃភ្នំ ច្រើនហៅឈ្មោះសត្វនេះថា «ខ្ទីងភ្នំ» ។ ស្នែងខ្ទីងមានរាងសំប៉ែតជាងស្នែងទន្សោង ហើយដុះមកពណ៌ប្រផេះខៀវ ផ្នែកគល់ដុះចេញក្រៅរួចកោងឡើងទៅលើដូចទន្សោងដែរ ។ ខ្ទីងមានទម្ងន់ពី៥០០ទៅ១០០០គីឡូក្រាម ។ ខ្ទីងឈ្មោលពេញវ័យមានកម្ពស់១,៨៥ម៉ែត្រ និងញី ១,៦០ម៉ែត្រ ។ ខ្ទីងឈ្មោលមានកម្ពស់ខ្ពស់បំផុតរហូតដល់២ម៉ែត្រ ។
សត្វខ្ទីង អាចរស់នៅបានពីតំបន់ទំនាបរហូតដល់រយៈកម្ពស់២ ០០០ម៉ែត្រ (តំបន់ខ្ពង់រាប និងជួរភ្នំក្រវាញ) ។
ខ្ទីងរស់នៅក្នុងព្រៃស្រោង ព្រៃល្បោះ វាលស្មៅ និងអាចរស់នៅរយៈកម្ពស់ខ្ពស់ជាងទន្សោង ។ ជាធម្មតា ខ្ទីងចេញរកស៊ីនៅពេលព្រឹក និងពេលល្ងាច ។ វាចូលចិត្តរស់នៅជាហ្វូង ។ អាហាររបស់វា គឺល្បាស់ខ្ចី ទំពាំង ស្មៅ និងវល្លិជាដើម ។ ខ្ទីងញីអាចបង្កើតកូនបាន១បន្ទាប់ពីពពោះរយៈពេល៩ខែ ។
ខ្ទីង ជាសត្វមួយប្រភេទដែលទទួលរងនូវការគំរាមកំហែងយ៉ាងខ្លាំង ហើយចំនួនរបស់វាមានការថយចុះគួរឲ្យព្រួយបារម្ភ ។ ខ្ទីងរស់នៅក្នុងតំបន់មួយចំនួនដូចជា ភូមិភាគឦសាន ភូមិភាគខាងជើង ខេត្តកោះកុង ខេត្តពោធិ៍សាត់ (ជួរភ្នំក្រវាញ) និងខេត្តកំពង់ស្ពឺជាដើម ។
បច្ចុប្បន្ន ខ្ទីងស្ថិតក្នុងក្រុមប្រភេទសត្វមានដោយកម្រ មានដង់ស៊ីតេរស់នៅកម្រិតទាប ។គេកម្រឃើញវារស់នៅតាមវាលទំនាបណាស់ព្រោះសត្វនេះមិនចូលចិត្តកម្តៅថ្ងៃយូរពេកទេ ។ សត្វខ្ទីង កំពុងប្រឈមមុខនឹងការរងគ្រោះថ្នាក់ដោយសារការបាត់បង់ទីជម្រករស់នៅ ការបរបាញ់ដើម្បីយកសាច់ ស្នែង ឆ្អឹង និងការជួញដូរ។ ខ្ទីងប្រភេទនេះ ត្រូវបានចុះក្នុងបញ្ជីក្រហម IUCN (VU) ថា ជាប្រភេទងាយរងគ្រោះថ្នាក់ជាសាកល ។ សត្វខ្ទីង ស្ថិតនៅក្នុងឧបសម្ព័ន្ធទី១ នៃអនុសញ្ញាសាយតេស ៕