ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូឌុបគ្នាបោះពួយបុកគូថរថយន្តចតនៅលើទ្រូងផ្លូវបណ្តាលឲ្យអ្នកបើកម៉ូតូស្លាប់មួយរំពេច រីឯអ្នករួមដំណើររងរបួសធ្ងន់

ចែករំលែក៖

ខេត្តកណ្តាលៈ ម៉ូតូមួយគ្រឿងជិះគ្នា២នាក់ បើកបោះពួយបុកគូថរថយន្តមិនស្គាល់ម៉ាកចតនៅលើទ្រូង​ផ្លូវ បណ្តាលឲ្យបុរសជាអ្នកបើកបរម៉ូតូបាត់បង់ជីវិត រីឯអ្នករួមដំណើរជាមួយរងរបួសយ៉ាងធ្ងន់ កាលពីវេលាម៉ោង២ និង៣០នាទីទៀបភ្លឺ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិ​លេខ២ ត្រង់ចំណុចខាងលិចរបងសាលាខេត្តកណ្តាល ស្ថិតក្នុងភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។

មន្ត្រីនគរបាលចរាចរណ៍ក្រុងតាខ្មៅបានឲ្យដឹងថា ជនរងគ្រោះស្លាប់បាត់បង់ជីវិតនោះឈ្មោះ ហេង ហៀង ភេទប្រុស អាយុ​៣១ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតភូមិក្រាំងក្រោម ឃុំតាឯក ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ជាអ្នកបើកបរម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1I-7988 និងអ្នករួមដំណើរជាមួយម្នាក់រងរបួសធ្ងន់នោះឈ្មោះ ណាង ភេទប្រុសអាយុ២៥ឆ្នាំ បច្ចុប្បន្នស្នាក់នៅផ្ទះជួលភូមិស្វាយរលំ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល ។ ចំណែកឯរថយន្តមិនស្គាល់ម៉ាក ក្រោយពីកើហេតុបានបើកគេចបាត់ស្រមោល ។

ប្រភពដដែលបានបន្តថា ជនរងគ្រោះទាំង២នាក់ខាងលើនេះបានជិះម៉ូតូឌុបគ្នាក្នុងទិសដៅពី​រាជធានីភ្នំពេញឆ្ពោះមកក្រុងតាខ្មៅ តាមបណ្តោយផ្លូវជាតិលេខ២ ។ លុះបើកដល់ចំណុចកើតហេតុ​ក៏ជ្រុលទៅបុកគូថរថយន្តមិនស្គាល់ម៉ាកដែលកំពុងចតនៅលើទ្រូងផ្លូវពេញមួយទំហឹង បណ្តាលឲ្យ​បុរសជាអ្នកបើកបរម៉ូតូស្លាប់បាត់បង់ជីវិត រីឯអ្នករួមដំណើរជាមួយរងរបួសយ៉ាងធ្ងន់ធ្ងរ ។

ក្រោយពីមានហេតុការណ៍កើតឡើងរថយន្តមិនស្គាល់ម៉ាកបានបើកគេបាត់ស្រមោល រីឯ​ជន​រងគ្រោះរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំ​ពេញ ។ ចំណែកឯសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចនគរបាលប្រគល់ទៅឲ្យក្រុមគ្រួសារយក​ទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។ បច្ចុប្បន្នម៉ូតូត្រូវបានបញ្ជូនទៅរក្សាទុកនៅអធិការដ្ឋាននគរ​បាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមច្បាប់ ៕ស្អាងជ័យ


ចែករំលែក៖