ភ្នំពេញ៖ បទល្មើសដែលកើតមាននៅក្នុងរាជធានីភ្នំពេញ ករណីលួចឆក់ ប្លន់ ជាមួយនឹងការសេពគ្រឿងញៀននេះផងដែរអាចផ្តើមចេញពីទីតាំងបនល្បែងស៊ីសង ក៏អាចថាបាន ក្នុងនោះ សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានហាក់ដូចជា ខ្វះការទទួលខុសត្រូវ ព្រងើយកន្តើយលើវិធានការបង្ក្រាប ទប់ស្កាត់ ដោយគេសង្ស័យថា កន្លែងខ្លះទទួលបានផលប្រយោជន៍ និងខ្លះទៀត មិនហ៊ានបង្ក្រាប បន្ទាប់ពីទីតាំងបនល្បែងទាំងនោះជាប់ពាក់ព័ន្ធទៅនឹងថ្នាក់លើ ឬអ្នកមានអំណាចណាមួយប្រកបដោយឥទ្ធិពល ។
បនល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ ច្រើនជ្រកក្រោមទីតាំងអ៊ីនធើណេតកាហ្វេ ឬណេត២៤ម៉ោង ដែលមានស្ទើរតែគ្រប់ខណ្ឌក្នុងរាជធានីភ្នំពេញ ក្នុងនោះនៅខណ្ឌចំការមន ទីតាំងអ៊ីនធឺនេត V.A 2 Net 24H និង VA អ៊ីនធឺណេត ដែលស្ថិតតាមបណ្តោយផ្លូវលេខ១៤៣ និងផ្លូវលេខ២៧៦ សង្កាត់បឹងកេងកង២ ខណ្ឌចំការមន គឺជាកន្លែងល្បែងស៊ីសងតាមអ៊ីនធឺណេត ប្រមូលផ្តុំអ្នកញៀនល្បែងមកសំកុកទាំងយប់ទាំងថ្ងៃ និងមានក្រុមសមាសភាពមិនល្អផងដែរ ជនចែកចាយថ្នាំញៀន និងអ្នកញៀនថ្នាំ បានយកទីតាំងទាំងនេះធ្វើជាមធ្យោបាយកន្លែងប្រើប្រាស់ រហូតដល់គេហ៊ាននិយាយថា ជនប្រព្រឹត្តបទល្មើសក្នុងសង្គមក៏អាចមកសម្ងំនៅទីនេះ ដើម្បីចេញធ្វើសកម្មភាពនៅពេលយប់ ឬទៀបភ្លឺ ។
ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានខ្លះបានលើកឡើងថា ទីតាំងភ្នាល់ល្បែងស៊ីសងតាមអនឡាញ អ៊ីនធឺណេត ជាទម្លាប់ ពួកគេមានខ្នងបង្អែកធំៗ ជាសមត្ថកិច្ច និងអាជ្ញាធរ ករណីខ្លះសមត្ថកិច្ចមូលដ្ឋានមិនហ៊ានប៉ះពាល់ ខ្លះរអារ ដូច្នេះ បើម្ចាស់ទីតាំងបន្តក់បន្តិចបន្តួច ក៏ទទួល ប្រសើរជាងលិឌអំពិលក្នុងពាង ។ ចំពោះទីតាំងអ៊ីនធឺណេតខាងលើនេះ លោកជុំ គុយ មេប៉ុស្តិ៍នគរបាលបឹងកេងកង២បានប្រាប់នគរវត្តឲ្យដឹងថា រឿងទាំងអស់នេះ គាត់មិនហ៊ានទេ ព្រោះមិនមែនជាជំនាញរបស់គាត់ ហើយក៏មានខ្សែអ្នកធំៗណាស់។ ដោយឡែក លោកយិន សាន អធិការនគរបាលខណ្ឌចំការមន ក៏បានលើកឡើងស្រដៀងគ្នានេះផងដែរថា មិនមែនជាជំនាញរបស់គាត់ ហើយក៏ពិបាកធ្វើការចុះត្រួត ពិនិត្យ ព្រោះអ្នកដែលបើកនេះមានខ្សែធំៗ គួរឲ្យឈឺក្បាលណាស់។ លោកព្រំ សំខាន់ អភិបាលនៃគណៈអភិបាលខណ្ឌចំការមន កន្លងទៅធ្លាប់ប្រាប់នគរវត្តថា ចាំឲ្យមន្ត្រីចុះទៅពិនិត្យ ដើម្បីឈានដល់ការបង្ក្រាប ប្រសិនបើគ្មានច្បាប់ ឬទីតាំងទាំងអស់នោះជាប់ពាក់ព័ន្ធទៅនឹងការបើកបនល្បែងស៊ីសងភ្នាល់តាមអនឡាញ។ បើទោះជាមានការលើកឡើងដោយលោកអភិបាលខណ្ឌរូបនេះក៏ដោយ យ៉ាងតិចមានថិរវេលាជិត១ឆ្នាំទៅហើយ ដែលការសន្យារបស់លោកអភិបាលខណ្ឌមិនទាន់មានចំណាត់ការ ដោយពុំដឹងថា ខណៈត្រឹមអភិបាលខណ្ឌខ្លាចម្ចាស់ទីតាំងមានខ្នងបង្អែក ឬក៏មិ
នមន្ត្រីរបស់គាត់បាននិងកំពុងជាប់ពាក់ព័ន្ធចំពោះការទាញប្រយោជន៍ពីតាំងបនល្បែងទាំងនោះនៅឡើយទេ។
មជ្ឈដ្ឋានទូទៅរបស់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ បានសម្តែងនូវការគាំទ្រយ៉ាងខ្លាំងចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លើកយន្តការបង្ក្រាបទៅលើទីតាំងអនឡាញល្បែងស៊ីសង ក្នុងនោះលោកថែមទាំងជំរុញឲ្យអភិបាលនៃគណៈអភិបាលខណ្ឌទាំង១២នៅរាជធានីទទួលខុសត្រូវ មានវិធានការទប់ស្កាត់ និងបង្ក្រាបឲ្យខាងតែបាន ប្រយោជន៍លុបបំបាត់នូវបទល្មើសដែលកតើមាននៅក្នុងសង្គម៕ សរស្មី