ព័ត៌មានទាន់ហេតុការណ៍៖

ឥទ្ធិពលនៃគ្រឿងញៀនវាយដំប្រពន្ធរងរបួស ប្រពន្ធប្តឹងនគរបាលឃាត់ខ្លួនរកឃើញគ្រឿងញៀនមួយចំនួនធំ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់ប្រើប្រាស់ និងជួញដូរគ្រឿងញៀនផង បានប្រើអំពើហិង្សាវាយដំលើប្រពន្ធយ៉ាងហោចណាស់១សប្តាហ៍៣ទៅ៤ដង បណ្តាលឱ្យរងរបួសយ៉ាងដំណំពេញខ្លួន ត្រូវបានប្រពន្ធចេញមុខទៅប្តឹងកន្លែងសមត្ថកិច្ច ហើយត្រូវបានកម្លាំងនគរបាលក្រុងប៉ោយប៉ែតទៅឃាត់ខ្លួន ឆែកឆេររកឃើញគ្រឿងញៀនមួយចំនួនធំ។

ការឃាត់ខ្លួនជនសង្ស័យធ្វើឡើងកាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោមការដឹកនាំកម្លាំងផ្ទាល់ចុះទៅឃាត់ខ្លួនជនសង្ស័យ ដោយលោកវរសេនីយ៍ទោ ធិន ស៊ិនដេត អធិការនគរបាល ក្រុងប៉ោយប៉ែត។

ជនសង្ស័យមានឈ្មោះ លី ណាហៅម៉ាប់ អាយុ៤៣ឆ្នាំ ប្រកបមុខរត់ម៉ូតូឌុប ចំណែកប្រពន្ធរងគ្រោះមានឈ្មោះ ឆេង លៀង អាយុ៤៣ឆ្នាំ គ្រួសារនេះរស់នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ជាមួយការឃាត់ខ្លួនជនសង្ស័យសមត្ថកិច្ចបានឆែកឆេររកឃើញដកហូតបានថ្នាំញៀនមេតំហ្វេតាមីនទឹកកកចំនួន១២កូនថង់ ជញ្ជីងថ្លឹងគ្រឿងញៀន១គ្រឿង និងឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនផងដែរ។ ក្រោយពីឃាត់ខ្លួនជនសង្ស័យគ្រឿងញៀនឈ្មោះ លី ណា ហៅម៉ាប់ រួចមក កម្លាំងនគរបាលក្រុងប៉ោយប៉ែត ក៏បានឈានដល់ការឃាត់ខ្លួនស្រ្តីសង្ស័យគ្រឿងញៀនម្នាក់ទៀត ឈ្មោះ ស្មាន ម៉ារី អាយុ៣២ឆ្នាំ រស់នៅក្នុងក្រុងប៉ោយប៉ែត ដែលស្រ្តីសង្ស័យរូបនេះជាអ្នកមកទិញគ្រឿងញៀនពីឈ្មោះ លី ណា ហៅម៉ាប់។

លោកវរសេនីយ៍ទោ ធិន ស៊ិនដេត អធិការនគរបាល ក្រុងប៉ោយប៉ែត ប្រាប់ឱ្យដឹងថា កម្លាំងនគរបាលឃាត់ខ្លួនជនសង្ស័យខាងលើអនុវត្តតាមបណ្តឹងប្រពន្ធជនសង្ស័យ ពាក់ព័ន្ធ និងជសង្ស័យប្រើអំពើហិង្សាវាយដំប្រពន្ធបណ្តាលឱ្យរងរបួស ជនសង្ស័យក៏ជាមុខសញ្ញាប្រើប្រាស់ និងជួញដូរគ្រឿងញៀនយ៉ាងសកម្មប្រចាំក្រុងប៉ោយប៉ែតផងដែរ។

លោកអធិការបញ្ជាក់ឱ្យដឹងទៀតថា ជនសង្ស័យឈ្មោះ លី ណា ហៅម៉ាប់និងស្រីសង្ស័យម្នាក់ទៀត ត្រូវបានកសាងសំណុំរឿងនិងចាប់បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីយកទៅចាត់ការតាមផ្លូវច្បាប់៕ សំ វិច្ឆិកា


ចែករំលែក៖